សារព័ត៌មានឡាវលើកឡើងអំពីសារៈសំខាន់នៃជ័យជំនះ Dien Bien Phu ក្នុងចំណងសាមគ្គីភាពពិសេសរវាងឡាវ និងវៀតណាម

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៦៩ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ឆ្នាំ ២០២៣) កាសែត Pasaxon ដែលជាស្ថាប័នបញ្ចេញមតិរបស់បក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី ៨ ឧសភា បានចុះផ្សាយអត្ថបទ ក្រោមចំណងជើងថា “រយៈពេល ៦៩ឆ្នាំនៃជ័យជំនះ Dien Bien Phu”។

អត្ថបទនោះបញ្ជាក់ថា ជ័យជំនះ Dien Bien Phu គឺជាសមរភូមិដ៏កំពូលមួយ ដែលជាការសាកល្បងកម្លាំងដ៏ទូលំទូលាយបំផុត ហើយជាការប្រយុទ្ធដ៏ខ្លាំងក្លាបំផុតរវាងម្ខាងគឺកងទ័ពប្រជាជនវៀតណាម  និងម្ខាងទៀតគឺ កងទ័ពសហភាពបារាំង។ នេះមិនត្រឹមតែជាជ័យជម្នះរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជ័យជម្នះរបស់ប្រជាជនឡាវ និងប្រជាជនកម្ពុជាដើម្បីរំដោះខ្លួនផងដែរ; បង្ខំឱ្យភាគីម្ខាងទៀតយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពីឥណ្ឌូចិន ដោយទទួលស្គាល់ឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា។

នៅចុងបញ្ចប់នៃអត្ថបទ កាសែត Pasaxon បានអះអាងថា ជ័យជំនះ Dien Bien Phu មានអត្ថន័យសំខាន់សម្រាប់ទំនាក់ទំនងសាមគ្គីភាពពិសេស សម្ព័ន្ធមិត្តប្រយុទ្ធរវាងឡាវ និងវៀតណាម ហើយជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក មិនត្រឹមតែក្នុងបុព្វបទតស៊ូដណ្តើមឯករាជ្យប៉ុណ្ណោះទេ ថែមទាំងក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ