សហព័ន្ធ​រុស្ស៊ី​ឈាន​​ចូល​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​ទី ៨

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែមីនា ទីតាំងបោះឆ្នោតដំបូងគេនៅក្នុងតំបន់ Kamchatka នៃប្រទេសរុស្ស៊ីបានបើកឲ្យប្រជាជនទៅបោះឆ្នោត ជ្រើសរើសប្រធានាធិបតីទី ៨ ។ ការិយាល័យបោះឆ្នោតនៅទូទាំងសហព័ន្ធរុស្ស៊ីនឹងដំណើរការចាប់ពីម៉ោង ៨៖០០ ព្រឹកដល់ម៉ោង៨៖០០យប់ ថ្ងៃទី ១៥-១៧ខែមីនា(ម៉ោងក្នុងតំបន់)។

ថ្លែងនៅក្នុងពិធីបើកមជ្ឈមណ្ឌលព័ត៌មាននៃគណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត (CEC) នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃទី ១៤ ខែមីនា ប្រធាន CEC លោកស្រី Ella Pamfilova បានប្រកាសថា ប្រព័ន្ធបោះឆ្នោតបានត្រៀមខ្លួនជាស្រេចសម្រាប់ការបោះឆ្នោត។ ទីតាំងបោះឆ្នោតសរុបចំនួន ៩៤.០០០ កន្លែង បានដំណើរការនៅក្នុងការបោះឆ្នោតប្រធានាធិបតីនេះ ជាមួយនឹងសន្លឹកឆ្នោតជាង ១១៣ លានសន្លឹកត្រូវបានរៀបចំ។ អ្នកយកព័ត៌មានជាង ១២.៦០០ នាក់បានចុះឈ្មោះចូលរួមរាយការណ៍អំពីការបោះឆ្នោតនេះ។

សហព័ន្ធ​រុស្ស៊ី​ឈាន​​ចូល​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​ទី ៨ - ảnh 1ផ្ទាំងព័ត៌មានដែលមានរូបភាពបេក្ខជនប្រធានាធិបតីរុស្ស៊ី ក្នុងការបោះឆ្នោតនាពេលខាងមុខ នៅក្រុង Yevpatoriya តំបន់ Crimea នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ REUTERS

ការបោះឆ្នោតឆ្នាំនេះ គឺជាការប្រកួតប្រជែងរវាងបេក្ខជនចំនួនបួនរូប រួមមាន៖ លោក Vladislav Davankov ពីគណបក្ស "ប្រជាជនថ្មី" ; លោក Leonid Slutsky នៃគណបក្សប្រជាធិបតេយ្យសេរីរុស្ស៊ី (LDPR); លោក Nikolai Kharitonov នៃគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី (KPRF) និងប្រធានាធិបតីបច្ចុប្បន្ន លោក Vladimir Putin ដែលបានឈរឈ្មោះជាបេក្ខជនឯករាជ្យ។

លទ្ធផលស្ទង់មតិសាធារណៈបានព្យាករណ៍ថា លោកប្រធានាធិបតី Putin នឹងទទួលជ័យជំនះយ៉ាងលើសលប់ និងបន្តកាន់តំណែងរយៈពេល ៦ ឆ្នាំទៀត បន្ទាប់ពីសហព័ន្ធរុស្ស៊ីបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកាលពីឆ្នាំ២០២០ ដោយអនុញ្ញាតឱ្យលោកបន្តកាន់តំណែងជាប្រមុខរដ្ឋសម្រាប់រយៈពេល២អាណត្តិបន្ថែមទៀត។

មុននោះ លោក Putin បានឈ្នះការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីចំនួនបួនដងក្នុងឆ្នាំ ២០០០ ឆ្នាំ ២០០៤ ឆ្នាំ ២០១២ និងឆ្នាំ ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ