អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនិងអ៊ុយក្រែននៅសប្តាហ៍ក្រោយ

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនផងដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនិងអ៊ុយក្រែននៅសប្តាហ៍ក្រោយ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី (រូបថត៖ THX/TTXVN)

នាថ្ងៃទី ២៦ ខែមេសា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនផងដែរ។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២២ ខែមេសា (ម៉ោងនៅសហរដ្ឋអាមេរិក) លោកស្រី Eri Kaneko អ្នកនាំពាក្យរងនៃអគ្គលេខាធិការអង្គការសហប្រជាជាតិបានឲ្យដឹងថា៖ “សម្រាប់ពេលនេះ អ្វីដែលយើងមាននៅក្នុងរបៀបវារៈគឺការទទួលទានអាហារធ្វើការពេលថ្ងៃត្រង់ របស់លោកអគ្គលេខាធិការជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ហើយបន្ទាប់មកចូលរួមពិធីជប់លៀងទទួលបដិសណ្ឋារកិច្ចរបស់ប្រធានាធិបតី Putin។ ដូចដែលលោកអគ្គលេខាធិការបានសរសេរនៅក្នុងសំបុត្រទៅកាន់ប្រធានាធិបតីទាំងពីរ លោកសង្ឃឹមថា នឹងពិភាក្សាពីអ្វីដែលអាចធ្វើបានដើម្បីនាំមកនូវសន្តិភាពជាបន្ទាន់ដល់អ៊ុយក្រែននិងអនាគតនៃពហុភាគីនិយម ដោយសារប្រទេសទាំងពីរជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ”។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏នឹងជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅទីក្រុងគៀវ រដ្ឋធានីនៃប្រទេសអ៊ុយក្រែន បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិបានលើកច្បាស់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅថ្ងៃទី ២៨ ខែមេសា ពីរថ្ងៃបន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ