អនុរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងធ្វើទស្សនកិច្ចនៅចិន

(VOVWORLD) - ក្រសួងការបរទេស អាមេរិក នៅថ្ងៃទី ២១ ខែកក្កដា បានជូនដំណឹងថា អនុរដ្ឋមន្រ្តីការបរទេស លោកស្រី Wendy Sherman នឹងធ្វើទស្សនកិច្ចនៅចិននាថ្ងៃទី ២៥ ខែកក្កដាខាងមុខ។ 
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងធ្វើទស្សនកិច្ចនៅចិន - ảnh 1អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Wendy Sherman (រូបថត៖ Reuters)

ដូច្នេះលោកស្រី Sherman នឹងក្លាយជាមន្រ្តីជាន់ខ្ពស់បំផុតក្រោមរដ្ឋការរបស់ប្រធានាធិបតី លោក Joe Biden ដែលនឹងធ្វើទស្សនកិច្ចនៅចិន ក្នុងបរិបទ ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែតានតឹង ដោយសារបញ្ហាជាច្រើន ក្នុងនោះមានសង្គ្រាមពាណិជ្ជកម្មផងដែរ។

ក្នុងអំឡុងពេលពីរថ្ងៃ ដែលធ្វើការនៅទីក្រុង Tianjin ប្រទេសចិន នោះ លោកស្រី Wendy Sherman គ្រោងនឹងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន ក្នុងនោះមានរដ្ឋមន្ត្រីការបរទេស លោក Wang Yi ដើម្បីពិភាក្សាគ្នាលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។

បច្ចុប្បន្ននេះ លោកស្រី  Sherman កំពុងធ្វើទស្សនកិច្ចទៅកាន់ប្រទេស អាស៊ីចំនួន ៣ គឺជប៉ុន កូរ៉េខាងត្បូង និងម៉ុងហ្គោលី។ ដំណើរទស្សនកិច្ចទៅកាន់ ចិននាពេលខាងមុខរបស់អនុរដ្ឋមន្រ្តីការបរទេសអាមេរិកត្រូវបានចាត់ទុកថាជាឱកាសដើម្បីវាយតម្លៃថាតើវិធានការការទូតអាចនាំមកនូវស្ថេរភាពដល់ទំនាក់ទំនងទ្វេភាគីដែលនៅតែត្រូវបានចាត់ទុកថាមានឥទ្ធិពលបំផុតនៅលើពិភពលោកនេះដែរឬអត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ