អាមេរិកនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបន្តរក្សាកិច្ចសន្ទនាដើម្បីសន្តិភាព

(VOVWORLD) -  ទោះបីជាគ្មានកិច្ចព្រមព្រៀងឬឯកសារណាមួយត្រូវបានចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-ស.ប.ប.កូរ៉េ ដែលទើបនឹងបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយក៏ដោយ ក៏ប៉ុន្តែ ភាគីទាំងពីរសុទ្ធតែបានអះអាងថា នឹងរក្សាកិច្ចសន្ទនា នាពេលអនាគត។

អាមេរិកនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបន្តរក្សាកិច្ចសន្ទនាដើម្បីសន្តិភាព - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា លោកមាន “ពេលវេលា ពោរពេញទៅដោយអត្ថប្រយោជន៍” ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong – un  (រូបថតៈ TTXVN)

ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា លោកមាន “ពេលវេលា ពោរពេញទៅដោយអត្ថប្រយោជន៍” ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong – un ហើយបរិយាកាសពេលបញ្ចប់ជំនួបគឺ “ល្អណាស់!”។ យោងតាមលោក Trump ទស្សនៈវិស័យគ្មាននុយក្លេអ៊ែររវាងអាមេរិកនិងកូរ៉េខាងជើងកំពុងខិតមកជិតជាមួយគ្នាព្រមទាំងសង្កត់ធ្ងន់ថា នឹងពុំមានបន្ថែមបទដាក់ទណ្ឌកម្មថ្មីទៀត ចំពោះកូរ៉េខាងជើងឡើយ។ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon  Jae – in និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe តាមផ្លូវវិលត្រឡប់មកកាន់ទីក្រុងវ៉ាស៊ីនតោនវិញ លោក Trump បានអះអាងថា លោកនឹងបន្តកិច្ចសន្ទនាជាមួយកូរ៉េខាងជើង។ ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានចាត់ទុកថា មានមូលដ្ឋានដើម្បីអាចជឿជាក់ថា អាមេរិកនិងកូរ៉េខាងជើង អាចបោះជំហានទៅមុខ  បើទោះបីជា ភាគីទាំងពីរនៅមានបញ្ហាជាច្រើនត្រូវដោះស្រាយដើម្បីសម្រេចបានគោលដៅគ្មាននុយក្លេអ៊ែរក៏ដោយ។

មុននោះ ក្នុងសន្និសីទកាសែត នាយប់ថ្ងៃទី២៨ខែកុម្ភៈ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho បានអះអាងថា ប្រសិនបើភាគីទាំងពីរបានឆ្លងកាត់នូវកម្រិតជាច្រើនដើម្បីកសាងទំនុកទុកចិត្ត ព្យុងយ៉ាងនឹងត្រៀមជាស្រេចសម្រាប់ការគ្មាននុយក្លេអ៊ែរផងដែរ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលស.ប.ប. កូរ៉េ (KCNA) នៅក្នុងព្រឹត្តិប័ត្រព័ត៌មានពេលព្រឹកថ្ងៃទី១ខែមីនា ក៏បានអះអាងថា ជំនួបនៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ជា “ឱកាសដ៏ល្អ” សម្រាប់កូរ៉េខាងជើងនិងអាមេរិកកែលំអទំនាក់ទំនងនិងបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក។

ក្នុងពេលជាមួយគ្នានោះ សាធារណមតិក៏មានប្រតិកម្មវិជ្ជមាន ខណៈដែលវាយតម្លៃអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង។ ពោលគឺ នាថ្ងៃទី២៨ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានចាត់ទុកថា ភាគីទាំងពីរបានបញ្ជាក់ពីភាពស្មោះត្រង់នៅឯជំនួបកំពូលលើកនេះ។  ចិនក៏សង្ឃិមថា កិច្ចសន្ទនានិងទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើងនឹងបន្តលក្ខណៈស្ថាបនា។ រីឯវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានសម្តែងនូវការសោកស្តាយ ដោយសារភាគីទាំងពីរមិនសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយ ប៉ុន្តែក៏បានវាយតម្លៃថា ភាគីទាំងពីរសម្រេចបាន “វឌ្ឍនភាពមានអត្ថន័យជាងពេលណាៗទាំងអស់”។ ការដែលប្រធានាធិបតីអាមេរិក ត្រៀមជាស្រេចកិច្ចសន្ទនា នឹងនាំមកនូវយថាទស្សន៍ភ្លឺស្វាង សម្រាប់ជំនួបផ្សេងទៀតរវាងថ្នាក់ដឹកនាំទាំងពីរផងដែរ។

អាមេរិកនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបន្តរក្សាកិច្ចសន្ទនាដើម្បីសន្តិភាព - ảnh 2 ថ្នាក់ដឹកនាំពីររូបនៅក្នុងបរិវេណនៃសណ្ឋាគារ  Sofitel Legend Metropole នាព្រឹកថ្ងៃទី២៨ខែកុម្ភៈ (រូបថតៈ AFP)

ក្នុងថ្ងៃដដែល អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងនូវការស្វាគមន៍ ចំពោះកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងលោកប្រធានកូរ៉េខាងជើង Kim Jong –un និងចាត់ទុក នេះជាសកម្មភាពបង្កើតឡើងមូលដ្ឋានគ្រឹះ សម្រាប់ការជំរុញសន្តិភាពចីរភាព ក៏ដូចជាដំណើការគ្មាននុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េដោយពេញលេញ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានលើកច្បាស់ថា រុស្ស៊ីវាយតម្លៃខ្ពស់ ចំពោះការដែលថ្នាក់ដឹកនាំអាមេរិកនិងកូរ៉េខាងជើង មានសុឆន្ទៈជួបសន្ទនាទ្វេភាគី ព្រមទាំងសម្តែងការជឿជាក់ថា កិច្ចសន្ទនាត្រូវទទួលការគាំទ្រតាមរយៈវិធានការជាក់ស្តែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ