អ៊ីរ៉ង់​ផ្អាក​ជា​បណ្ដោះអាសន្ន ​​ការ​ចរចាស្តីពីការ​ប្រក្រតីភាព​​ទំនាក់ទំនង​ជាមួយ​អារ៉ាប៊ីសាអូឌីត​

(VOVWORLD) - ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់ នៅថ្ងៃទី១៣ ខែមីនា បានរាយការណ៍ថា អ៊ីរ៉ង់បានផ្អាកជាបណ្តោះអាសន្ន ការចរចាស្តីពីការប្រក្រតីភាពទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត។ ភាគីអ៊ីរ៉ង់បានផ្អាកជាឯកតោភាគី និងជាបណ្តោះអាសន្នរាល់ការចរចាដែលគ្រោងនឹងប្រព្រឹត្តទៅនៅអ៊ីរ៉ាក់នាសប្តាហ៍ខាងមុខ។

ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន IRNA នាថ្ងៃដដែល បានបញ្ជាក់ថា “រហូតមកដល់ពេលនេះ មិនទាន់មានពេលវេលាជាក់ស្តែងណាមួយត្រូវបានកំណត់ ដើម្បីធ្វើការចរចាថ្មីរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតទេ”។ IRNA បានកត់សម្គាល់ថា "មានប្រភពមួយចំនួនដែលបានឲ្យដឹងថា ការចរចារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ត្រូវបានផ្អាកជាបណ្តោះអាសន្ន" ហើយបានអះអាងថា "អ៊ីរ៉ង់មិនទាន់ប្រកាសកាលបរិច្ឆេទជាក់ស្តែងណាមួយ សម្រាប់វង់ចរចាបន្ទាប់ទៀតឡើយ" ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះចាប់តាំងពីខែមករា ឆ្នាំ២០១៦ បន្ទាប់ពីទីក្រុង Riyadh (រីយ៉ាដ) បានប្រហារជីវិត បព្វជិតលោក Shia Nimr al-Nimr ។ ភ្លាមមួយរំពិក ក្រុមបាតុករអ៊ីរ៉ង់បានវាយប្រហារស្ថានទូតអារ៉ាប៊ីសាអូឌីតនៅទីក្រុងតេហេរ៉ង់ និងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅទីក្រុង Mashhad។ ទីក្រុង Riyadh បានកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ។ ចាប់តាំងពីខែមេសា ឆ្នាំ ២០២១ រហូតមកដល់ពេលនេះ ប្រទេសទាំងពីរបានធ្វើការចរចារចំនួន៤លើក នៅប្រទេសអ៊ីរ៉ាក់ សំដៅស្តារឡើងវិញទំនាក់ទំនងទ្វេភាគី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ