អ៊ីរ៉ង់លើកលក្ខខ័ណ្ឌដើម្បីវិលត្រឡប់មកតុចរចាវិញនៅទីក្រុងវីយែន (អូទ្រីស)

(VOVWORLD) - អ៊ីរ៉ង់នៅតែមានបញ្ហាសេសសល់ ដែលកំពុងទន្ទឹងរង់ចាំទីក្រុងវ៉ាស៊ីនតោនដោះស្រាយ ហើយប្រសិនបើមានចម្លើយពីសហរដ្ឋអាមេរិក អ៊ីរ៉ង់អាចនឹងត្រឡប់ទៅទីក្រុងវីយែនក្នុងពេលឆាប់ៗនេះ។
អ៊ីរ៉ង់លើកលក្ខខ័ណ្ឌដើម្បីវិលត្រឡប់មកតុចរចាវិញនៅទីក្រុងវីយែន (អូទ្រីស) - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh (រូបថត៖ VNA)

កាលពីថ្ងៃទី៤ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយថា ប្រទេសនេះនឹងគ្រាន់តែវិលត្រលប់ទៅកាន់ទីក្រុងវីយែន (អូទ្រីស) ដើម្បីសម្រេចរួចរាល់កិច្ចព្រមព្រៀងសំដៅស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលបានចុះហត្ថលេខាជាមួយបណ្ដាប្រទេសមហាអំណាចពិភពលោក ដែលមានឈ្មោះផ្លូវការថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ប៉ុណ្ណោះ។ ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មានក្នុងទីក្រុង Tehran លោក Khatibzadeh បានអះអាងថា  អ៊ីរ៉ង់នៅតែមានបញ្ហាសេសសល់ ដែលកំពុងទន្ទឹងរង់ចាំទីក្រុងវ៉ាស៊ីនតោនដោះស្រាយ ហើយប្រសិនបើមានចម្លើយពីសហរដ្ឋអាមេរិក អ៊ីរ៉ង់អាចនឹងត្រឡប់ទៅទីក្រុងវីយែនក្នុងពេលឆាប់ៗនេះ។

នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា អាមេរិកត្រូវទទួលខុសត្រូវចំពោះការផ្អាក់ការចរចានៅទីក្រុងវីយែន ខណៈពេលដែលភាគីទាក់ទិននានាជិតឈានដល់ការសម្រេចកិច្ចព្រមព្រៀង។

បញ្ហាខ្វែងគំនិតនាបច្ចុប្បន្ននេះ រួមរួមាន៖ ការដែលអ៊ីរ៉ង់កំពុងស្នើឱ្យសហរដ្ឋអាមេរិកដកកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ចេញពីបញ្ជី "អង្គការភេរវករ" របស់ទីក្រុងវ៉ាស៊ីនតោន។ សហរដ្ឋអាមេរិកបានប្រឆាំងចំពោះសំណើនេះ។ អ៊ីរ៉ង់ក៏បានស្វែងរកការធានាពីសហរដ្ឋអាមេរិកថា មេដឹកនាំនាពេលខាងមុខរបស់ប្រទេសនេះនឹងមិនដកខ្លួនចេញពី JCPOA នោះឡើយ។ លើសពីនេះទៅទៀត កម្រិតនៃការដកទណ្ឌកម្មលើអ៊ីរ៉ង់ក៏ជាបញ្ហាដែលភាគីពាក់ព័ន្ធនានាមិនទាន់ដោះស្រាយបានដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ