អ៊ីរ៉ង់អះអាង​​ថា ខ្លួន​នឹង​មិន​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​លើស​ពី ៦០% បើ​ទោះ​ជា​អាមេរិក​រក្សា​ទណ្ឌកម្ម​ក៏ដោយ

(VOVWORLD) - នាយកអង្គការថាមពលអាតូមិកអ៊ីរ៉ង់(AEOI) លោក Mohammad Eslami បានអះអាងថា ទីក្រុងតេហេរ៉ង់មិនមានបំណងចង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសពី ៦០% នោះទេ បើទោះបីជាការចរចា ដើម្បីស្ដារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ មិនសម្រេចបានលទ្ធផលណាមួយ ហើយអាមេរិកមិនដកទណ្ឌកម្មប្រឆាំងនឹងប្រទេសសាធារណរដ្ឋអ៊ីស្លាមនេះក៏ដោយ។
អ៊ីរ៉ង់អះអាង​​ថា ខ្លួន​នឹង​មិន​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​លើស​ពី ៦០% បើ​ទោះ​ជា​អាមេរិក​រក្សា​ទណ្ឌកម្ម​ក៏ដោយ - ảnh 1នាយកអង្គការថាមពលអាតូមិកអ៊ីរ៉ង់(AEOI) លោក Mohammad Eslami ថ្លែងនៅទីក្រុងវីយ៉ែនប្រទេសអូទ្រីស ( រូបថត៖ AFP/TTXVN)

លោក Eslami ក៏បានសង្កត់ធ្ងន់ថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺសំដៅបំពេញតម្រូវការថាមពលសម្រាប់ផលិតកម្មឧស្សាហកម្មរបស់ខ្លួន ក៏ដូចជាតម្រូវការប្រើប្រាស់របស់ប្រជាជនផងដែរ។ រាល់សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ សុទ្ធតែធ្វើឡើងដោយស្របតាមកិច្ចព្រមព្រៀង បទប្បញ្ញត្តិនិងការកំណត់របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ( IAEA)។

ពាក់ព័ន្ធនឹងបញ្ហានេះ នៅថ្ងៃទី ១៧ ខែធ្នូ វង់ចរចាបានបញ្ចប់នៅពេលដែលប្រធានក្រុមអ្នកចរចារបស់អ៊ីរ៉ង់លោក Ali Bagheri Kani បានសម្រេចចិត្ត វិលត្រឡប់ទៅទីក្រុងតេហេរ៉ង់ ដើម្បីធ្វើការពិគ្រោះយោបល់។ នៅពេលជាមួយគ្នានោះ តំណាងប្រទេសអាល្លឺម៉ង់ បារាំង និងអង់គ្លេស បានឲ្យដឹងថា ពួកគេគោរពការសម្រេចចិត្តរបស់លោក Bagheri Kani ប៉ុន្តែបានចាត់ទុកថា ការផ្អាក់ការចរចាគឺជាការវិវឌ្ឍន៍ "គួរឲ្យខកចិត្ត"។ នៅក្នុងវង់ចរចាថ្មីៗនេះ សំណើកំពូលរបស់អ៊ីរ៉ង់ គឺការដកទណ្ឌកម្មប្រឆាំងនឹងប្រទេសនេះ ក៏ដូចជាការធានា ការពារលទ្ធភាពដែលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ នាពេលអនាគត។ ទន្ទឹមនឹងនេះ ភាគីអាមេរិកចង់ឲ្យអ៊ីរ៉ង់ វិលត្រឡប់ទោរកកិច្ចព្រមព្រៀងជាមុនសិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ