អ៊ីរ៉ង់អះអាងពីការត្រៀមខ្លួន ដោះដូរអ្នកទោសជាមួយអាមេរិក
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានរំលឹកឡើងវិញថា អ៊ីរ៉ង់នៅតែត្រៀមខ្លួនជាស្រេចសម្រាប់ការដោះដូរអ្នកទោសជាមួយសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani (រូបថត៖ IRNA/TTXVN) |
ទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) នៅថ្ងៃទី១៨ ខែកញ្ញា បានដកស្រង់សម្តីរបស់លោក Nasser Kanaani ថា អ៊ីរ៉ង់បានប្រកាសថា ត្រៀមខ្លួនជាស្រេចសម្រាប់ការដោះដូរអ្នកទោស។ យ៉ាងណាមិញ រាល់ការចរចាត្រូវបានអនុវត្តន៍តាមវិធីផ្សេងៗគ្នា ហើយភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងចាំបាច់ ឥឡូវនេះដល់ពេលដែលអាមេរិកសម្រេចថា គួរអនុវត្តន៍កិច្ចព្រមព្រៀងដែរឬអត់? លោកបានអះអាងថា ការដោះដូរអ្នកទោសរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន មិនមានជាប់ពាក់ព័ន្ធទៅនឹងការបញ្ចប់ការចរចាដើម្បីស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានស្គាល់ថា ជាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងក្រុម P៥+១ (រួមមានអង់គ្លេស បារាំង រុស្ស៊ី អាមេរិក ចិន និងអាល្លឺម៉ង់) ។
អ៊ីរ៉ង់កំពុងជំរុញឱ្យជនជាតិអ៊ីរ៉ង់ចំនួនជាង១០នាក់ដែលឃុំខ្លួននៅអាមេរិក ត្រូវបានដោះលែង។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសង្កត់ធ្ងន់ថា អាមេរិកប្ដេជ្ញាចិត្ត ទាមទារសេរីភាពសម្រាប់ជនជាតិអាមេរិកទាំងអស់ ដែលត្រូវបានភាគីអ៊ីរ៉ង់ចាប់ឃុំឃាំង៕