អេហ្ស៊ីបស្នើបទឈប់បាញ់ពីរថ្ងៃនៅហ្គាហ្សា
VOV - អេហ្ស៊ីប -  
(VOVWORLD) - ប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah El-Sisi នៅថ្ងៃទី ២៧ ខែតុលា បានស្នើគំនិតផ្តួចផ្តើមមួយដើម្បីបង្កើតបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប រយៈពេល ២ ថ្ងៃ តាមនោះ ចំណាប់ខ្មាំងអ៊ីស្រាអែល ៤ នាក់ត្រូវបានដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីនមួយចំនួន។
យោងតាមប្រធានាធិបតីអេហ្ស៊ីប គំនិតផ្តួចផ្តើមនេះគឺជាជំហានបឋមមួយសម្រាប់បទឈប់បាញ់យូរអង្វែងជាងនេះ នៅពេលដែលការចរចានៅ ពេលក្រោយនឹងពិភាក្សាអំពីបទឈប់បាញ់ពេញលេញ និងធានាបានថា ជំនួយត្រូវបាននាំចូលទៅក្នុងហ្គាហ្សា។ លោក El-Sisi ក៏បានលើកឡើងពីគ្រោះមហន្តរាយមនុស្សធម៌នៅហ្គាហ្សាស្ទ្រីប នៅពេលដែលប្រជាជន ប៉ាឡេស្ទីនបានស៊ូទ្រាំនឹងការឡោមព័ទ្ធដ៏ឃោរឃៅអស់រយៈពេលជាច្រើនខែ ហើយកំពុងស្ថិតក្នុងភាពអត់ឃ្លាន ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការនាំយកជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ដីនេះ។
នៅសប្តាហ៍មុន នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad របស់អ៊ីស្រាអែល លោក David Barnea បានធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាអំពីស្ថានភាពដែលកំពុងបន្តនៅតំបន់ហ្គាហ្សា និងការខិតខំប្រឹងប្រែងដើម្បីបន្តការចរចាឡើងវិញ។ ជាមួយគ្នានេះ គណៈប្រតិភូហាម៉ាសក៏បានទៅកាន់ប្រទេសអេហ្ស៊ីបក្នុងគោលបំណងដូចគ្នា។ បន្ថែមពីលើនេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានឲ្យដឹងថា លោក David Barnea ក៏បានទៅប្រទេសកាតានៅថ្ងៃទី ២៧ ខែតុលា ដើម្បីពិភាក្សាជាមួយនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) លោក Bill Burns និងនាយករដ្ឋមន្ត្រីកាតា លោក Mohammed bin Abdulrahman Al-Thani។
ប្រភពរបស់អ៊ីស្រាអែលបានឲ្យដឹងថា ការចរចារក្នុងប្រទេសកាតានឹងមានបំណងសម្រាប់បទឈប់បាញ់រយៈពេលខ្លី និងការដោះលែងចំណាប់ខ្មាំងមួយចំនួនដែលត្រូវបានក្រុមហាម៉ាស់ចាប់ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន។ ក្រុមហាម៉ាស់នឹងមិនចូលរួមក្នុងការចរចារនេះទេ ប៉ុន្តែទំនងជានឹងចូលរួមក្នុងការចរចាបន្ទាប់ទៀត៕
VOV - អេហ្ស៊ីប