​អេហ្ស៊ីបអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិជួយឧបត្ថម្ភ​សកម្មភាពមនុស្សធម៌នៅស៊ូដង់

(VOVWORLD) - កាលពីថ្ងៃទី ២០ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌នៅក្នុងប្រទេសស៊ូដង់និងតំបន់។ 
​អេហ្ស៊ីបអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិជួយឧបត្ថម្ភ​សកម្មភាពមនុស្សធម៌នៅស៊ូដង់ - ảnh 1ស្ត្រីនិងកុមារនៅជំរំជនភៀសខ្លួនក្នុងទីក្រុង al-Damazin ភាគអាគ្នេយ៍ប្រទេសស៊ូដង់។ រូបថត៖ AFP/TTXVN

ថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដែលបានរៀបចំឡើងដោយអេហ្ស៊ីប សម្របសម្រួលជាមួយអារ៉ាប៊ីសាអូឌីត កាតា សហភាពអាហ្វ្រិក (AU) សហភាពអឺរ៉ុប (EU) ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ (OCHA) និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដែលបានប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោក Shoukry បានសម្តែងនូវសាមគ្គីភាពរបស់អេហ្ស៊ីបជាមួយប្រទេសស៊ូដង់ និងបានរំលឹកឡើងវិញនូវការសន្យាជួយឧបត្ថម្ភប្រទេសជិតខាងក្នុងវិបត្តិនាបច្ចុប្បន្ន។ លោក Shoukry បានឲ្យដឹងថា សហគមន៍អន្តរជាតិត្រូវតែរួមគ្នាដើម្បីបង្រុញគម្លាតនៃមូលនិធិ និងធានាថាប្រទេសនានាអនុវត្តតាមការសន្យាផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។

នាថ្ងៃដដែលនោះ លោក Shoukry ក៏បានធ្វើជាប្រធានកិច្ចប្រជុំលើកទី២របស់រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជិតខាងស៊ូដង់ (រួមមានអេហ្ស៊ីប ឆាដ អាហ្វ្រិកកណ្តាល អេត្យូពី អេរីទ្រា លីប៊ី និងស៊ូដង់ខាងត្បូង)។ នៅក្នុងព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជិតខាងរបស់ស៊ូដង់បានអនុម័តលើផែនការដោះស្រាយវិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសស៊ូដង់។ ផែនការនេះបានលើកច្បាស់ពីសកម្មភាពជាក់លាក់ដែលត្រូវអនុវត្តក្នុងវិស័យនយោបាយ សន្តិសុខ និងមនុស្សធម៌ ដើម្បីគាំទ្រប្រជាជនស៊ូដង់ក្នុងការសម្រេចបាននូវស្ថិរភាពនិងការពារអធិបតេយ្យភាពរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ