ឧបករណ៍ទំនាក់ទំនងត្រូវបានបំពាក់គ្រឿងផ្ទុះមុនពេលនាំចូលប្រទេសលីបង់
(VOVWORLD) - នេះជាលទ្ធផលដែលត្រូវបានប្រកាសដោយគណៈប្រតិភូអចិន្ត្រៃយ៍របស់ប្រទេសលីបង់ប្រចាំអង្គការសហប្រជាជាតិ (UN) នៅក្នុងលិខិតមួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៩ ខែកញ្ញា។
យោងតាមគណៈប្រតិភូលីបង់ ឧបករណ៍ត្រូវបានបំផ្ទុះដោយការផ្ញើអ៊ីមែលទៅកាន់ឧបករណ៍ទាំងនេះ។ គណៈប្រតិភូបានថ្កោលទោសការវាយប្រហារនេះ ហើយបានឲ្យដឹងថា ឧបទ្ទវហេតុនេះកំពុងធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា និងភាគខាងត្បូងប្រទេសលីបង់។ ការផ្ទុះទាំងនេះ បានបណ្តាលឲ្យមនុស្ស៣៧នាក់បានស្លាប់ និងជាង២.៩០០នាក់ រងរបួស។
ជនរងគ្រោះដែលរងរបួសក្នុងការបំផ្ទុះម៉ាស៊ីនផ្ញើសារ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ AUBMC ក្នុងទីក្រុង Beirut ប្រទេសលីបង់ ដើម្បីព្យាបាល។ រូបថត៖ Reuters/TTXVN |
ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានសម្តែងការរំលែកទុក្ខដល់ប្រជាជនលីបង់; ហើយបានអះអាងជាថ្មីនូវការគាំទ្រចំពោះប្រទេសលីបង់ និងបានអំពាវនាវដល់អង្គការអន្តរជាតិនានា ឱ្យចាត់វិធានការសមស្រប។
នាថ្ងៃដដែល ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំនយោបាយនិងយោធាកំពូលរបស់ប្រទេសលីបង់ ក៏ដូចជាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់។ លោក Macron បានស្នើឱ្យមេដឹកនាំលីបង់ បញ្ជូនសារទៅកាន់ក្រុមប្រដាប់អាវុធ រួមទាំងក្រុម Hezbollah ដើម្បីជៀសវាងភាពតានតឹងកើនឡើង។ កងកម្លាំង Hezbollah បានចោទប្រកាន់ អ៊ីស្រាបានបង្កការផ្ទុះទាំងនេះ ហើយបានអះអាងថាពួកគេនឹងចាត់វិធានការតបតវិញយ៉ាងខ្លាំងក្លា ខណៈដែលអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេ៕