ឧបទ្ទវហេតុធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង៖ ប្រអប់ខ្មៅចំនួន ២ ត្រូវបានរកឃើញ ចំនួនអ្នកស្លាប់កើនឡើងដល់ ១៧៩ នាក់

(VOVWORLD) - បើតាមមន្ត្រីក្រសួងខាងលើ អាជ្ញាធរនឹងធ្វើការវិភាគទិន្នន័យក្នុងប្រអប់ខ្មៅទាំងពីរ ដើម្បីជួយស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់នេះ។

ឧបទ្ទវហេតុធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង៖ ប្រអប់ខ្មៅចំនួន ២ ត្រូវបានរកឃើញ ចំនួនអ្នកស្លាប់កើនឡើងដល់ ១៧៩ នាក់ - ảnh 1ហេតុការណ៍ធ្លាក់យន្តហោះ Jeju Air នៅទីក្រុង Muan ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤  (រូបថត៖ THX/TTXVN)

នៅរសៀលថ្ងៃទី ២៩ ធ្នូ ម៉ោងក្នុងស្រុក ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូង បានឲ្យដឹងថា អង្គភាពស៊ើបអង្កេតបានរកឃើញប្រអប់ខ្មៅចំនួន ២ ពីយន្តហោះដែលបានធ្លាក់នៅព្រឹកថ្ងៃដដែល (ថ្ងៃទី ២៩ ខែធ្នូ) នៅអាកាសយានដ្ឋានអន្តរជាតិ Muan ភាគខាងត្បូង ខេត្ត Jeolla នៃប្រទេសនេះ។ បើតាមមន្ត្រីក្រសួងខាងលើ អាជ្ញាធរនឹងធ្វើការវិភាគទិន្នន័យក្នុងប្រអប់ខ្មៅទាំងពីរ ដើម្បីជួយស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់នេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ចំនួនមនុស្សស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះដ៏អាក្រក់នេះ បានកើនឡើងដល់ ១៧៩ នាក់ហើយ។ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ បានប្រកាសបិទផ្លូវរត់នៅអាកាសយានដ្ឋាន Muan រហូតដល់ម៉ោង ៥:០០ ព្រឹក ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ម៉ោងក្នុងស្រុក ដើម្បីបម្រើការស៊ើបអង្កេត។

ទីភ្នាក់ងារពន្លត់អគ្គីភ័យជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា នៅពេលដែលយន្តហោះជួបឧបទ្ទវហេតុ បានដឹកអ្នកដំណើរចំនួន ១៨១ នាក់ រួមទាំងសមាជិកនាវិក ៦ នាក់ផងដែរ។ មនុស្សពីរនាក់ត្រូវបានសង្គ្រោះ។ យន្ត ហោះខាងលើរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ជាយន្តហោះប្រភេទ Boeing ៧៣៧-៨០០ ដែលចេញដំណើរពីទីក្រុងបាងកក (ប្រទេសថៃ) ទៅកាន់អាកាសយានដ្ឋាន Muan នៅព្រឹកនេះ (២៩ ធ្នូ)។ អ្នកដំណើរភាគច្រើនជាជនជាតិកូរ៉េខាងត្បូង (១៧៣នាក់) និងមានពលរដ្ឋថៃ ២នាក់។ អាជ្ញាធរកំពុងបន្តស្វែងរកសាកសពយ៉ាងសកម្ម និងបានកំណត់អត្តសញ្ញាណជនរងគ្រោះ២២នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ