AMM-៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ៖ បង្រួញភាពខុសគ្នា ជំរុញកិច្ចសហប្រតិបត្តិការ

(VOVWORLD) - នៅថ្ងៃទី១៤ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៥៦ (AMM-៥៦) និងកិច្ចប្រជុំពាក់ព័ន្ធនានា បានបិទបញ្ចប់ក្រោយរយៈពេល៤ ថ្ងៃប្រជុំផ្លូវការ (ថ្ងៃទី ១១-១៤ ខែកក្កដា) នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូ
នេស៊ី។ បណ្ដាកិច្ចប្រជុំបានបង្ហាញពីស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវរបស់ប្រទេសសមាជិកអាស៊ាន; បញ្ជាក់ពីតម្លៃនៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន រវាងអាស៊ានជាមួយដៃគូ ក៏ដូចជារវាងប្រទេសនានាផងដែរ ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើន។
AMM-៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ៖ បង្រួញភាពខុសគ្នា ជំរុញកិច្ចសហប្រតិបត្តិការ - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son (ទី៤ពីខាងឆ្វេង) និងរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសដៃគូនៅកិច្ចប្រជុំអាស៊ាន+៣ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣។
(រូបថត៖ YONHAP/VNA)

AMM-៥៦ គឺជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសដ៏សំខាន់ប្រចាំឆ្នាំរបស់អាស៊ាន។ ក្រៅពីកិច្ចប្រជុំរវាងប្រទេសអាស៊ានទាំង១០ ក៏មានកិច្ចប្រជុំរវាងអាស៊ាន និងដៃគូនីមួយៗ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវេទិកាអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។ ក្នុងអំឡុងពេល ៤ ថ្ងៃ កិច្ចប្រជុំជិត ២០ ស្តីពីសន្តិសុខ សន្តិភាព និងការស្ដារសេដ្ឋកិច្ចក្នុងតំបន់ត្រូវបានប្រារព្ធធ្វើឡើង។

ពង្រឹងភាពធន់និងការសម្របខ្លួនដោយភាពបត់បែនរបស់អាស៊ាន

ការពង្រឹងភាពធន់និងការសម្របខ្លួនដោយភាពបត់បែនរបស់អាស៊ាន ទៅនឹងឱកាស និងបញ្ហាប្រឈមទាំងអស់ គឺជាខ្លឹមសារដែលបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានឯកភាពឆ្ពោះទៅរកនាពេលខាងមុខ។ តាមនោះ អាស៊ានចាំបាច់ត្រូវឈានមុខគេក្នុងការបង្កើតនិម្មាបនកម្មតំបន់បើកចំហ តម្លាភាព បរិយាប័ន្ន និងផ្អែកលើច្បាប់ ដោយមានការចូលរួមយ៉ាងសកម្ម និងការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់សមាជិកនីមួយៗ ក៏ដូចជាដៃគូនានាផងដែរ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Masurdi បានឲ្យដឹងថា៖

“អាស៊ានអាចអះអាងបាននូវតួនាទីរបស់ខ្លួនលុះត្រាតែមានការទុកចិត្ត។ ដើម្បីសម្រេចបានប្រការនេះ ចាំបាច់ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញអាស៊ាន បង្ហាញពីសាមគ្គីភាពក្នុងការដោះស្រាយបញ្ហាប្រឈម ហើយត្រៀមខ្លួនជាស្រេចឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលអនាគត។ អាស៊ានអាចដើរតួនាទីសំខាន់បាន លុះត្រាតែយើងនៅតែស្ថិតនៅទីតាំងនាំមុខគេ ក្នុងការបង្កើតនិម្មាបនកម្មតំបន់។ អាស៊ាននឹងមិនដែលក្លាយជាតំណាងនៃការប្រកួតប្រជែងអំណាចឡើយ។ ប្រទេសនានាត្រូវតែគោរពតាមសន្ធិសញ្ញា TAC (សន្ធិសញ្ញាសន្តិភាពដែលបានចុះហត្ថលេខាក្នុងឆ្នាំ ១៩៧៦ រវាងប្រទេសសមាជិកអាស៊ានទាំងអស់) ហើយអាស៊ានត្រូវតែនាំមុខគេក្នុងការកសាងនិម្មាបនកម្មតំបន់ប្រកបដោយបរិយាប័ន្ន”។

ដើម្បីបង្កើនសមត្ថភាពនិងការត្រៀមខ្លួនរបស់អាស៊ានក្នុងការឆ្លើយតប និងធន់ទ្រាំ ប្រទេសសមាជិកសមាគមក៏បានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា៖ ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ការផ្លាស់ប្តូរឌីជីថល សន្តិសុខថាមពល សន្តិសុខស្បៀងអាហារ ជាដើម។

លើសពីនេះទៅទៀត AMM-៥៦ ជាលើកដំបូងដែលការអនុវត្តចក្ខុវិស័យអាស៊ានស្ដីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ត្រូវបានដាក់បញ្ចូលក្នុងការចរចាជាមួយប្រទេសដៃគូ។ នៅក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិមានការប្រែប្រួលជាច្រើន កិច្ចប្រជុំក៏បានផ្តោតទៅលើការជំរុញឲ្យប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាស្តីពីអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ; ពន្លឿនការបញ្ចប់ការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ហើយសុក្រិតការបង្កើតចក្ខុវិស័យនាវាចរណ៍អាស៊ាន។ គួរឲ្យកត់សម្គាល់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ បានចេញសេចក្តីថ្លែងការណ៍រួមដែលអំពាវនាវឱ្យកសាងសមុទ្រខាងកើតទៅជាសមុទ្រសនៃន្តិភាពនិងកិច្ចសហប្រតិបត្តិការ។

ប្រទេសដៃគូសន្យាត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជាក់ស្ដែងជាមួយអាស៊ាន

ដោយឈរលើស្មារតីនៃការសន្ទនាដោយស្មោះត្រង់ និងជាក់ស្តែង អាស៊ាន និងបណ្ដាដៃគូបានពិភាក្សាយ៉ាងទូលំទូលាយលើបញ្ហាជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា; សន្យាគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ាន ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាក់ស្តែង និងចីរភាព។ ទន្ទឹមនឹងនោះ អាស៊ាននិងចិនបានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការចរចាលើក្រមប្រតិបត្តិ (COC) នៅសមុទ្រខាងកើត ជាមួយនឹងការអនុម័តលើឯកសារណែនាំ ដើម្បីជំរុញការបញ្ចប់ការចរចាលើ COC យ៉ាងជាក់ស្ដែងនិងមានប្រសិទ្ធភាព។ ភាគីទាំងពីរបានព្រមព្រៀងគ្នាជ្រើសរើសឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជនរវាងអាស៊ាននិងចិន។ ក្នុងឱកាសនេះ ដៃគូមួយចំនួនបានប្រកាសផ្តល់ជំនួយអភិវឌ្ឍន៍ដល់បណ្តាប្រទេសអាស៊ានដូចជា៖ អូស្ត្រាលីមានផែនការផ្តល់ថវិកាចំនួន ៥៣០ លានដុល្លារអាមេរិក; ចក្រភពអង់គ្លេសស្នើឡើងកម្មវិធីសហប្រតិបត្តិការសំខាន់ៗដោយមានតម្លៃប្រហែល ១៤៨ លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ កូរ៉េខាងត្បូងបាននិយាយថា កំពុងអនុវត្តន៍ការសន្យាបង្កើនការរួមវិភាគទានឡើងទ្វេដងដល់មូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េខាងត្បូងពី ១៦ លានពីឆ្នាំមុនដល់ ៣២ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៧ ព្រមទាំងផ្ដល់ថវិកាជាង ២០០ លានដុល្លារអាមេរិកដល់គម្រោងសហប្រតិបត្តិការរួមផងដែរ។

ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិមានការប្រែប្រួលជាច្រើន អាស៊ានត្រូវជួបប្រទះនឹងបញ្ហាប្រឈមទាំងខាងក្នុងនិងខាងក្រៅ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងប្រវត្តិសាស្ត្រ ៥៦ឆ្នាំនៃការបង្កើត និងអភិវឌ្ឍ (១៩៦៧ - ២០២៣) រួមជាមួយកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយដៃគូនានា អាស៊ានមានទំនុកចិត្តដើម្បីយកឈ្នះលើបញ្ហាប្រឈម សម្របខ្លួនដោយភាពបត់បែនដើម្បីអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ