CPTPP ជាស្ពានតភ្ជាប់សេដ្ឋកិច្ចរវាងឆ្នេរទាំងពីរនៃមហាសមុទ្រប៉ាស៊ីហ្វិក

(VOVWORLD) - នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានចូលជាធរមានជាផ្លូវការ ដោយ បង្កើតឡើងតំបន់ពាណិជ្ជកម្មសេរីមួយរួមមានប្រទេសចំនួន១១នៅទ្វីបអាមេរិក ទ្វីបអាស៊ីនិងទ្វីបអូសេអានី។ ព្រឹត្តិការណ៍នេះគឺជាការបោះជំហានធំមួយ ដែល ជួយអោយខឿនសេដ្ឋកិច្ចជាសមាជិកទាំង១១ឆ្លងកាត់ពុះពារលើការសាកល្បងនៃលទ្ធិគាំពារនិយមដែលកំពុងរីកសាយភាយយ៉ាងខ្លាំងក្លា។

CPTPP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសចំនួន១១រួមមានអូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី មិកស៊ីកូ នូវែលហ្សេឡង់ ប៉េរូ សឹង្ហបុរី និងវៀតណាម។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការកាលពីខែមីនាឆ្នាំ២០១៨នៅទីក្រុង Santiago ប្រទេសឈីលី។

        អូស្ត្រាលី កាណាដា ជប៉ុន មិកស៊ីកូ នូវែលហ្សេឡង់និងសឹង្ហបុរីជាប្រទេសដើមដំបូងចំនួន៦ដែលអនុម័តលើ CPTPP ដើម្បីបង្កលក្ខណៈអោយកិច្ចព្រមព្រៀងនេះមានសុពលភាព។ កិច្ចព្រមព្រៀងនេះនឹងមានសុពលភាពនៅវៀតណាមចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។

        ការថ្លែងមតិសុទិដ្ឋិនិយម

        CPTPP ត្រូវបានរំពឹងទុកថា នឹងជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារធ្វើបន្ថែម កាត់បន្ថយភាពក្រីក្រ និងលើកកំពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសជាសមាជិកទាំងអស់។ កិច្ចព្រមព្រៀងនេះនឹងបង្កើតឡើងតំបន់ពាណិជ្ជកម្មសេរីមួយក្នុងចំណោមតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក ដោយចំនួនប្រជាជនប្រមាណ៥០០លាននាក់និង GDP សរុបប្រមាណ១០.១០០ ពាន់លានដុល្លាអាមេរិក។ រដ្ឋមន្រ្តីការបរទេសឈីលីលោក Heraldo Munoz បានអះអាងថា CPTPP នឹងរួមចំណែកបង្កើតការងារធ្វើបន្ថែមទៀត ជំរុញកំណើនសេដ្ឋកិច្ច លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងបង្កើនកិច្ចសហប្រតិបតិ្តការរវាងប្រទេសនានាក្នុងប្លុកផងដែរ។

        នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison ក៏បានចាត់ទុកថា CPTPP ជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងពោរពេញទៅដោយមហិច្ឆតាបំផុតក្នុងប្រវត្តិ សាស្ត្រថ្មីៗនេះនៃប្រទេសនេះ។ កិច្ចព្រមព្រៀងនេះជួយអោយសហគ្រាសអូស្ត្រាលីរីកចម្រើន ហើយរួមវិភាគទានទឹកប្រាក់ចំនួន១១ពាន់លានដុល្លាអាមេរិកទៅក្នុងខឿនសេដ្ឋកិច្ចជាតិជារៀងរាល់ឆ្នាំនាឆ្នាំ២០៣០។

        ចំពោះនូវែលហ្សេឡង់វិញ CPTPP ក៏នាំមកនូវចំណូលពី៨០០លានដល់២ពាន់៦រយលានដុល្លាអាមេរិកជារៀងរាល់ឆ្នាំសម្រាប់ប្រទេសនេះផងដែរ។ រដ្ឋមន្រ្តីទទួលបន្ទុកកំណើននាំចេញនិងពាណិជ្ជកម្មនូវែលហ្សេឡង់លោក David Parker បានអះអាងថា CPTPP ជាកិច្ចព្រមព្រៀងដ៏វិជ្ជមានចំពោះខឿនសេដ្ឋកិច្ចទាំងមូលក៏ដូចជាប្រជាជននូវែលហ្សេឡង់ម្នាក់ៗ។

        ក្នុងពេលជាមួយគ្នានោះ CPTPP ក៏ជួយអោយប្រទេសអាស៊ីអាគ្នេយ៍នានាដូចជាម៉ាឡេស៊ី សឹង្ហបុរី ប្រ៊ុយណេនិងវៀតណាម ទទួលបានកំណើន GDP ប្រមាណជាង២%នាឆ្នាំ២០៣០ផងដែរ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអះអាងថា ការចូលរួមនិងអនុម័តលើ CPTPP បានជួយអោយវៀតណាមបង្ហាញនូវការសន្យាយ៉ាងខ្លាំងក្លាស្ដីពីការផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយនិងគ្រប់ជ្រុងជ្រោយ។

        ច្បាស់លាស់ថា ការដែល CPTPP ចូលជាធរមានមិនត្រឹមតែនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេងសម្រាប់ប្រទេសជាសមាជិកទាំងអស់ប៉ុណ្ណោះទេ ថែមទាំងវាជាចម្លើយចំពោះបញ្ហាលទ្ធិគាំពារពាណិជ្ជកម្មនិយមដែលកំពុងរីកសាយភាយទៀតផង។

        កម្លាំងទាក់ទាញចំពោះខឿនសេដ្ឋកិច្ចផ្សេងៗទៀត

        រាល់ផលប្រយោជន៍ដែល CPTPP នាំមកជូនកំពុងបង្កើតកម្លាំងទាក់ទាញចំពោះខឿនសេដ្ឋកិច្ចផ្សេងៗទៀត។ ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ហ្វីលីពីន និងថៃ បានពិចារណាលើលទ្ធភាពចូលរួម CPTPP។ កូឡុំប៊ីបានលើកសំណើរជាផ្លូវការចង់ចូលរួម CPTPP។ កិច្ចព្រមព្រៀងនេះក៏មានកម្លាំងទាក់ទាញចំពោះអង់គ្លេសបន្ទាប់ពីប្រទេសនេះចាកចេញពី EU ផងដែរ។ តាមមជ្ឈដ្ឋានមន្ត្រីអង់គ្លេសបានអោយដឹងថា កាលានុវត្តភាពចូលរួម CPTPP គឺជាគ្រឹះស្ថាននៃទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ចរបស់ប្រទេសនេះ។

        ក្នុងកាលៈទេសៈដែលលទ្ធិគាំពារពាណិជ្ជកម្មនិយមកំពុងរីកសាយភាយនោះ CPTPP កាន់តែចាំបាច់បានបើកទូលាយ សំដៅបង្កើនសេរីភាពពាណិជ្ជកម្មសកលផងដែរ។ ប្រទេសសមាជិក CPTPP ទាំង១១នឹងចាប់ផ្ដើមពិភាក្សាគ្នាអំពីបទបញ្ញាត្តិចំពោះសមាជិកថ្មី ក្នុងខែមករានេះតែម្ដង។ ជប៉ុននឹងបន្តដើរតួនាទីដឹកនាំ នាពេលចរចាជាមួយប្រទេសថ្មីៗអំពីការចូលរួម CPTPP។

        ការដែល CPTPP ចូលជាធរមានជាផ្លូវការបានគូសសញ្ញានៃលើកដំបូងបង្កើតឡើងតំបន់ពាណិជ្ជកម្មសេរីមួយនៅអាស៊ី-ប៉ាស៊ីហ្វិក រវាងមហាអំណាចសេដ្ឋកិច្ចពិភពលោក ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍។ ការចាប់បដិសន្ធិនៃ CPTPP ក៏ជាសាក្ខីភាពដ៏ជាក់ស្ដែងនិងជាកម្លាំងចលករដើម្បីបន្តជំរុញដំណើរការសកលភាវូបនីយកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ