កិច្ចចរចាពាណិជ្ជកម្ម EU-អាមេរិក ឈានចូលដំណាក់កាលចុងក្រោយ
(VOVWORLD) - អ្នកចរចាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) កំពុងឈានចូលដំណាក់កាលចុងក្រោយក្នុងសប្តាហ៍នេះ ដើម្បីអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយមុនថ្ងៃផុតកំណត់នៅថ្ងៃទី ៩ ខែកក្កដា ក្នុងបរិបទដែលភាគីទាំងពីរកំពុងនាំចេញសេចក្ដីថ្លែងការណ៍ដ៏តឹងតែង។
ប្រធាន EC លោកស្រី Ursula von der Leyen។ រូបថត៖ REUTERS/Yves Herman |
នាថ្ងៃទី ២៦ មិថុនា ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានឲ្យដឹងថា EU បានទទួលឯកសារថ្មីបំផុត ពីសហរដ្ឋអាមេរិកដើម្បីបន្តការចរចាលើពន្ធគយ ហើយអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូទាំងជោគជ័យ និងបរាជ័យ។
ធ្វើសម្បទានឬតឹងរឹង?
ការឯកភាពលើរបៀបឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកគឺជាការបែកបាក់គ្នាដ៏ធំមួយនៅក្នុងសហភាពអឺរ៉ុបនាបច្ចុប្បន្ន ដោយសារតែសមាជិកសហភាពអឺរ៉ុបនៅតែខ្វែងគំនិតគ្នារវាងការជ្រើសរើសកិច្ចព្រមព្រៀងមួយយ៉ាងឆាប់រហ័ស ឬការបន្តការចរចាដើម្បីសម្រេចបានកិច្ចព្រមព្រៀងប្រសើរជាង ទោះបីជាវានឹងចំណាយពេលយូរជាងនេះក៏ដោយ។ អាល្លឺម៉ង់ និងបារាំង ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់សហភាពអឺរ៉ុប តំណាងឱ្យទស្សនៈផ្ទុយគ្នាទាំងពីរនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល EU កាលពីសប្តាហ៍មុន (ថ្ងៃទី ២៦-២៧ ខែមិថុនា) នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានអំពាវនាវឱ្យមានកិច្ចព្រមព្រៀង "រហ័ស និងសាមញ្ញ" ពីព្រោះឧស្សាហកម្មអាល្លឺម៉ង់ជាច្រើន កំពុងរងការគំរាមកំហែងដោយការដាក់ពន្ធពីសហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ EU កំពុងទទួលរងនូវកម្រិតពន្ធនាំចូលចំនួន ៥០% ពីសហរដ្ឋអាមេរិកលើដែកថែប និងអាលុយមីញ៉ូម ២៥% លើរថយន្ត និងគ្រឿងបន្លាស់រថយន្ត និង ១០% លើទំនិញភាគច្រើនផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ប្រធានា
ធិបតីបារាំងលោក Emmanuel Macron បានប្រឆាំងជំទាស់នឹងការធ្វើសម្បទានច្រើនពេកដើម្បីសម្រេចបានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗ ហើយបាននិយាយថា EU ចាំបាច់ត្រូវប្រកាន់ជំហរតឹងរឹងជាងមុន សូម្បីតែការដាក់ពន្ធលើសេវាកម្មបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកផងដែរ។
"ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ យើងក៏មិនទទួលយកការដាក់ពន្ធពីអាមេរិក ដោយគ្មានការផ្លាស់ប្ដូរទស្សនៈណាមួយពីខាងយើងទេ។ ដូច្នេះ ខ្ញុំគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ EC ក្នុងការស្ដារតុល្យភាពទំនាក់ទំនងរវាង EU និងអាមេរិកឡើងវិញ ពីព្រោះអឺរ៉ុបនឹងប្រឈមមុខនឹងការដាក់ពន្ធបន្ថែមរហូតដល់ ៦០ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ ហើយរឿងនេះពិតជាទាមទារឱ្យយើងមានការឆ្លើយតប"។
ប្រធាន EC លោកស្រី Ursula von der Leyen ក៏កំពុងបង្ហាញសញ្ញានៃការលម្អៀងទៅរកជម្រើសដ៏តឹងរឹងក្នុងការចរចាជាមួយសហរដ្ឋអាមេរិក។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល EU ប្រធាន EC រូបនេះបាននិយាយថា អឺរ៉ុបបានត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ប៉ុន្តែក៏បានត្រៀមរៀបចំសម្រាប់សេណារីយ៉ូបរាជ័យដែរ ពោលគឺការអនុវត្តវិធានការតបតវិញ ប្រសិនបើអាមេរិកដាក់ពន្ធបន្ថែមលើទំនិញរបស់ EU។ យោងតាមអ្នកសង្កេតការណ៍ ឧបសគ្គមួយក្នុងចំណោមឧបសគ្គដ៏ធំបំផុតក្នុងការចរចាររវាងសហរដ្ឋ
អាមេរិក និងសហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន គឺទាក់ទងទៅនឹងបញ្ហាដែល EU យកពន្ធលើសាជីវកម្មបច្ចេកវិទ្យាអាមេរិក ក្រោមច្បាប់សេវាកម្មឌីជីថល (DSA) និងច្បាប់ទីផ្សារឌីជីថល (DMA) ដែលរដ្ឋបាលលោក Donald Trump តែងតែជំទាស់យ៉ាងដាច់អហង្ការ ហើយតម្រូវឱ្យលុបចោលជានិច្ច។ ទោះជាយ៉ាងណាក៏ដោយ ភាគីអឺរ៉ុបចាត់ទុកការឃ្លាំមើល និងគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិ គឺជាបញ្ហាអធិបតេយ្យភាពរបស់ EU ហើយប្រទេសសមាជិកនីមួយៗគួរតែមិនមានចេតនាធ្វើសម្បទាននោះទេ។ លោកស្រី Ursula von der Leyen បានប្រកាសថា៖
"យើងចរចាលើអ្វីៗគ្រប់យ៉ាងចាប់ពីពន្ធ របាំងមិនមែនពន្ធដូចជាស្តង់ដារ និងបទប្បញ្ញត្តិរហូតដល់ការទិញយុទ្ធសាស្រ្ត ប៉ុន្តែខ្ញុំតែងតែបញ្ជាក់យ៉ាងច្បាស់លើប្រធានបទមួយចំនួនទាក់ទងនឹងអធិបតេយ្យភាពក្នុងការចេញសេចក្ដីសម្រេចរបស់ EU ដែលថា សម្រាប់ពួកយើង នោះគឺប្រការដែលមិនអាចប៉ះពាល់បាន"។
រូបថតឧទាហរណ៍៖ REUTERS/Francois Lenoir |
សេណារីយ៉ូនៃការពន្យាពេល
ក្នុងបរិបទដែល EU នៅតែមានការបែកបាក់ផ្ទៃក្នុងលើទស្សនៈក្នុងការចរចាពាណិជ្ជកម្មជាមួយអាមេរិក រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ កំពុងបង្កើនវោហាសាស្ត្រដ៏តឹងរឹង ប្រឆាំងនឹង EU។ កាលពីថ្ងៃទី ២៨ ខែមិថុនា លោក Donald Trump បានរិះគន់ EU ថា ពិបាកក្នុងការចរចា ហើយថា លោកគ្មានចេតនាព្យួរការដាក់ពន្ធបន្ទាប់ពីថ្ងៃទី ៩ ខែកក្កដា ដែលជាកាលបរិច្ឆេទបញ្ចប់ការចរចារយៈពេល ៩០ ដែលរដ្ឋបាលអាមេរិកបានកំណត់ជាមួយ EU ក៏ដូចជាដៃគូសេដ្ឋកិច្ចផ្សេងទៀតឡើយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញសេដ្ឋកិច្ចជាច្រើនចាត់ទុកថា សហរដ្ឋអាមេរិកទំនងជាមិនអាចដាក់សម្ពាធបង្ខំឲ្យ EU បោះបង់ចោល ឬផ្អាកច្បាប់ DSA និង DMA បានទេ ព្រោះទាំងនេះគឺជាច្បាប់ដែលត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះសម្រាប់ស្វ័យភាព
បច្ចេកវិទ្យានាពេលអនាគតរបស់អឺរ៉ុប។ ដូច្នេះ សហរដ្ឋអាមេរិក និងអឺរ៉ុបប្រហែលជាត្រូវពិចារណាលើការពន្យាពេលការចរចាលើសពីថ្ងៃទី ៩ ខែកក្កដា។ លោក Oliver Roth ប្រធានផ្នែកប្រតិបត្តិការ នៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Oddo BHF ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស (ប្រទេសបារាំង) បានធ្វើអត្ថាធិប្បាយថា៖
"នៅក្នុងជម្លោះពន្ធដារជាមួយសហរដ្ឋអាមេរិក យើងកាន់តែមានការអារម្មណ៍ថា កំពុងមានការធ្វើប្រក្រតីភាព ពោលគឺជាទីបំផុតលោក Trump នៅតែចង់បានកិច្ចព្រមព្រៀងមួយ ទោះបីជាមានវោហាសាស្ត្រដ៏តឹងតែងនាពេលថ្មីៗនេះក៏ដោយ។ ប្រការនេះអាចត្រូវបានគេមើលឃើញនៅក្នុងការចរចាររវាងសហរដ្ឋអាមេរិក និងកាណាដា ដែលភាគីទាំងពីរសម្រេចបានវឌ្ឍនភាពដ៏ធំធេង។"
លទ្ធភាពនៃការពន្យាពេលការចរចាជាមួយអាមេរិកក៏ត្រូវបានមន្ត្រីសហភាពអឺរ៉ុបមួយចំនួនលើកឡើងដែរ។ កាលពីថ្ងៃទី ២៩ ខែមិថុនា រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក Eric Lombard បានអំពាវនាវឱ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បន្តការចរចាពាណិជ្ជកម្មក្រោយពីកាលបរិច្ឆេទនាថ្ងៃទី ៩ ខែកក្កដា ដើម្បីស្វែងរកកិច្ចព្រមព្រៀងដ៏ប្រសើរជាង។ យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង ភាគីទាំងពីរមានឆន្ទៈដូចគ្នាក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដូច្នេះការពន្យាពេលថ្ងៃផុតកំណត់ម្តងទៀតនឹងជួយឱ្យភាគីទាំងពីរទទួលបាន "កិច្ចព្រមព្រៀងប្រសើរជាងកិច្ចព្រមព្រៀងអាក្រក់នៅថ្ងៃទី ៩ ខែកក្កដា"។ យោងតាមលោក Eric Lompard ដែរថា ថាមពលអាចដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចព្រមព្រៀងរវាង EU និងអាមេរិក ហើយបន្ធូរបន្ថយការខ្វែងគំនិតគ្នាលើប្រធានបទផ្សេងទៀត នៅពេលដែល EU បានសន្យាបង្កើនបរិមាណឧស្ម័នដែលនាំចូលពីអាមេរិក ដើម្បីជំនួសឲ្យការផ្គត់ផ្គង់ពីដៃគូផ្សេងទៀត៕