កិច្ចប្រជុំកំពូល G7៖ ផ្តល់អាទិភាពដល់អាហ្វ្រិកនិងចាត់វិធានការបន្ទាន់

(VOVWORLD) - ចាប់ពីថ្ងៃទី ១៣-១៥ ខែមិថុនា កិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ - G7 ត្រូវបានប្រារព្ធឡើងនៅ Borgo Egnazia តំបន់ Puglia ភាគខាងត្បូងប្រទេសអ៊ីតាលី។ កិច្ចប្រជុំនេះធ្វើឡើងក្នុងបរិបទដែលបណ្តាប្រទេសលោកខាងលិចត្រូវដោះស្រាយបញ្ហាប្រឈមធំៗជាច្រើនចាប់ពីជម្លោះភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចលើពិភពលោក ហើយក្នុងពេលជាមួយគ្នានោះ ប្រមុខនៃប្រទេស G7 មួយចំនួនក៏កំពុងជួបប្រទះនឹងការលំបាកធំៗលើឆាកនយោបាយក្នុងស្រុក។
កិច្ចប្រជុំកំពូល G7៖ ផ្តល់អាទិភាពដល់អាហ្វ្រិកនិងចាត់វិធានការបន្ទាន់ - ảnh 1មេដឹកនាំនៃបណ្ដាប្រទេស G7 អញ្ជើញចូលរួមកិច្ចប្រជុំឆ្នាំ២០២៤។ (រូបថត៖ AFP/TTXVN)

ក្នុងនាមជាប្រទេសកាន់តំណែងជាប្រធានប្តូរវេននៃ G7 (រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន) រដ្ឋាភិបាលអ៊ីតាលីបានអញ្ជើញសម្តេចប៉ាប ហ្វ្រង់ស៊ីស និងមេដឹកនាំនៃប្រទេសនិងអង្គការអន្តរជាតិជាច្រើនដូចជា៖ ប្រទេសប្រេស៊ីល អាហ្សង់ទីន ឥណ្ឌា អង្គការសហប្រជាជាតិ (UN) ធនាគារពិភពលោក (WB) ធនាគារវិនិយោគអាហ្រ្វិក... មកចូលរួមកិច្ចប្រជុំផងដែរ។

ផ្ដល់អាទិភាពធំសម្រាប់អាហ្វ្រិក

ប្រព្រឹត្តទៅក្នុងបរិបទនៃស្ថានការណ៍ពិភពលោកដែលកាន់តែស្មុគស្មាញ ជាមួយនឹងការកើនឡើងនៃជម្លោះប្រដាប់អាវុធ ការប្រឈមមុខដាក់គ្នាផ្នែកភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងសេដ្ឋកិច្ច និងបញ្ហាប្រឈមប្រទាក់ក្រឡាគ្នានៃការប្រែប្រួលអាកាសធាតុ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នោះ កិច្ចប្រជុំកំពូល G7 ឆ្នាំនេះមានការទទួលខុសត្រូវយ៉ាងធ្ងន់ធ្ងរក្នុងការបញ្ជូនសារមួយអំពីសកម្មភាពច្បាស់លាស់ និងប្រកបដោយចក្ខុវិស័យរបស់លោកខាងលិច។ ក្នុងនាមជាប្រទេសដែលមានទីតាំងនៅចំណុចតភ្ជាប់រវាងអឺរ៉ុប និងអាហ្រ្វិក ប្រទេសម្ចាស់ផ្ទះអ៊ីតាលីបានដាក់ទ្វីបអាហ្រ្វិកជាចំណុចស្នូលនៃការពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល G7 ឆ្នាំនេះ។ ថ្លែងមតិក្នុងសម័យបើក នារសៀលថ្ងៃទី១៣ ខែមិថុនា នៅ Borgno Egnazia នាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni បានអះអាងថា ការដែលប្រទេសអ៊ីតាលីជ្រើសរើសទីកន្លែងរៀបចំកិច្ចប្រជុំកំពូល G7 នៅទីរួមស្រុកមួយនៅភាគខាងត្បូងប្រទេសអ៊ីតាលីនោះ គឺដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការសន្ទនាជាមួយពិភពខាងត្បូង ជាពិសេសទ្វីបអាហ្វ្រិក។

"ក្នុងនាមជាប្រធាន G7 អ៊ីតាលីមានបំណងចង់ផ្តល់លំហកាន់តែធំទៅឱ្យទ្វីបផ្សេងទៀតដែលមានតួនាទីសំខាន់ចំពោះអនាគតរបស់យើងទាំងអស់គ្នា ហើយនោះគឺជាទ្វីបអាហ្រ្វិក ជាមួយនឹងការលំបាក និងឱកាសទាំងអស់នៃទ្វីបនេះ គឺទាមទារឱ្យយើងមានវិធីសាស្រ្តខុសពីអ្វីដែលយើងបានបង្ហាញនាពេលកន្លងមក”។

កិច្ចប្រជុំកំពូល G7៖ ផ្តល់អាទិភាពដល់អាហ្វ្រិកនិងចាត់វិធានការបន្ទាន់ - ảnh 2អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres។ (រូបថត៖ THX/TTXVN)

ដើម្បីធ្វើជាក់ស្ដែងភាវូបនីយកម្មនូវអាទិភាពសកម្មភាពសម្រាប់ទ្វីបអាហ្រ្វិក ចាប់ពីដើមឆ្នាំនេះ រដ្ឋាភិបាលអ៊ីតាលីបានស្នើឡើង "ផែនការ Mattei" ជាមួយនឹងកញ្ចប់ហិរញ្ញវត្ថុដំបូងចំនួន ៥,៥ ពាន់លានអឺរ៉ូ (ជាង ៥,៩ ពាន់លានដុល្លារអាមេរិក) សំដៅជំរុញគំរូសហប្រតិបត្តិការប្រកបដោយនិរន្តរភាពក្នុងវិស័យថាមពល ការអប់រំ សុខាភិបាល កសិកម្ម និងបរិស្ថានក្នុងបណ្តាប្រទេសអាហ្វ្រិក។ គំនិតផ្តួចផ្តើមនេះរបស់អ៊ីតាលីទទួលបានមតិប្រតិកម្មជាវិជ្ជមានពីភាគីនានា។ យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ការយកចិត្តទុកដាក់ចំពោះទ្វីបអាហ្រ្វិកគឺសក្តិសម ដោយសារទ្វីបនេះមានធនធានរ៉ែដ៏ធំសម្បើម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការផ្លាស់ប្តូរថាមពលរបស់ពិភពលោក ប៉ុន្តែនាបច្ចុប្បន្ន ស្រូបយកមិនដល់ ១% នៃសមត្ថភាពដំឡើងថាមពលកកើតឡើងវិញរបស់ពិភពលោកជារៀងរាល់ឆ្នាំ។ ដូច្នេះ G7 ចាំបាច់ត្រូវបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសម្រាប់ទ្វីបអាហ្រ្វិក ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៖

"យើងត្រូវការ ការសន្យាឲ្យបានច្បាស់លាស់ពី G7 ក្នុងការផ្តល់ហិរញ្ញប្បទានទ្វេដងសម្រាប់ការសម្របខ្លួននឹងបម្រែបម្រួលអាកាសធាតុនៅឆ្នាំក្រោយ ព្រមទាំងបង្រួញគម្លាតហិរញ្ញប្បទាននៅក្នុងវិស័យនេះ"។

សកម្មភាពបន្ទាន់

ខុសពីឆ្នាំមុនៗ កិច្ចប្រជុំកំពូល G7 ឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិបទខុសគ្នា នៅពេលដែលបញ្ហាក្នុងស្រុកនៃប្រទេសសមាជិកមួយចំនួនកំពុងគំរាមកំហែងលើប្រធានបទសំខាន់ៗនៅក្នុងកិច្ចប្រជុំ។ ប្រធានាធិបតីអាមេរិក Joe Biden នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បច្ចុប្បន្នសុទ្ធតែមានទំនុកចិត្តទាបនៅក្នុងប្រទេស។ ជាពិសេសនៅអឺរ៉ុប ប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោតសភាអឺរ៉ុប ដែលបណ្តាលឱ្យកិត្យានុភាពនយោបាយរបស់ពួកគេធ្លាក់ចុះ។ ដូច្នេះ យោងតាមសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Luiss (ប្រទេសអ៊ីតាលី) លោក Raffaele Marchetti បានឲ្យដឹងថា កិច្ចប្រជុំកំពូល G7 ឆ្នាំនេះមានភាពបន្ទាន់ជាងពេលមុន ហើយប្រមុខនៃបណ្តាប្រទេស G7 សុទ្ធតែពន្លឿនផែនការដ៏ផ្សងព្រេងទាក់ទងនឹងជម្លោះភូមិសាស្ត្រនយោបាយ (អ៊ុយក្រែន ហ្គាហ្សា) ការប្រកួតប្រជែងសេដ្ឋកិច្ច ការគ្រប់គ្រង AI ទំនាក់ទំនងជាមួយប្រទេសចិន...មុនពេលកើតមានការផ្លាស់ប្តូរដ៏ធំនៅលើឆាកនយោបាយក្នុងស្រុក។ លោកសាស្ត្រាចារ្យ Marchetti បានធ្វើអធិប្បាយថា៖

“នេះគឺជាកិច្ចប្រជុំកំពូល G7 ពិសេសមួយ ពីព្រោះមេដឹកនាំ G7 មួយចំនួនអាចនឹងលែងកាន់តំណែងនៅឆ្នាំក្រោយទៀតទេ ហើយប្រទេស G7 ទំនងជាមានបរិបទនយោបាយខុសគ្នាច្រើន នៅឆ្នាំក្រោយផងដែរ។ ដូច្នេះ មេដឹកនាំ G7 ចាំបាច់ត្រូវធ្វើការសម្រេចចិត្ត និងបង្កើនភាពស្អិតរមួត ព្រោះថានៅឆ្នាំក្រោយ គេទំនងជានឹងដោះស្រាយបញ្ហាតាមរបៀបផ្សេងហើយ”។

ចែករំលែកមតិនេះ អ្នកស្រាវជ្រាវ Riccardo Alcaro មកពីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិអ៊ីតាលី បាននិយាយថា ឥទ្ធិពលនៃ G7 កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន នៅពេលដែលក្រុមនេះលែងកាន់ឋានៈជាអ្នកក្ដោបក្ដាប់ក្នុងការកំណត់របៀបវារៈសកលទៀតឡើយ។ ដូច្នេះហើយ មេដឹកនាំ G7 ត្រូវតែបង្ហាញការប្តេជ្ញាចិត្តក្នុងការធ្វើសកម្មភាពយ៉ាងខ្លាំងក្លា និងលឿនជាងមុននាពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ