(VOVWORLD) - កិច្ចប្រជុំនិទាឃរដូវរបស់ថ្នាក់ដឹកនាំហិរញ្ញវត្ថុសកលដែលរៀបចំឡើងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១-២៦ ខែមេសានៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នៅក្នុងបរិបទដែលសេដ្ឋ កិច្ចពិភពលោកមានការប្រែប្រួលជាច្រើន កិច្ចប្រជុំលើកនេះត្រូវបានគេរំពឹងថានឹងនាំ មកនូវសញ្ញាច្បាស់លាស់អំពីកំណើនសកលក្នុងឆ្នាំនេះ។
បញ្ហាពន្ធគយគ្របដណ្តប់លើកិច្ចប្រជុំនិទាឃរដូវ IMF-WB។ (រូបភាព៖ IMF) |
ជាកិច្ចប្រជុំមួយក្នុងចំណោមកិច្ចប្រជុំដ៏ធំបំផុតទាំងពីរជាប្រចាំឆ្នាំរបស់ IMF និង WB កិច្ចប្រជុំនិទាឃរដូវនៃស្ថាប័នហិរញ្ញវត្ថុដ៏ធំទាំងពីរនេះ ពិភាក្សាអំពីប្រធានបទជាច្រើន ចាប់ពីសេដ្ឋកិច្ចពិភពលោក រហូតដល់គោលនយោបាយអភិបាលកិច្ចសាធា រណៈសកល ឬការដោះស្រាយផលវិបាកក្រោយជម្លោះនៅប្រទេសមួយចំនួន។
សំណួរអំពីវិបត្តិសេដ្ឋកិច្ច
ប្រព្រឹត្តទៅក្នុងបរិបទដែលពាណិជ្ជកម្មសកលកំពុងមានការប្រែប្រួលខ្លាំងដោយសារគោលនយោបាយពន្ធថ្មីរបស់រដ្ឋអំណាចសហរដ្ឋអាមេរិកនោះ កិច្ចប្រជុំនិទាឃរដូវ IMF-WB នឹងត្រូវតែឆ្លើយសំណួរដ៏ធំមួយដែលថា៖ តើសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចូលក្នុងវិបត្តិនៅឆ្នាំនេះដូចការព្យាករណ៍ទុទិដ្ឋិនិយមជាច្រើនពីមុនដែរឬទេ? ផ្នែកមួយ នៃចម្លើយត្រូវបាននាយិកាគ្រប់គ្រង IMF លោកស្រី Kristalina Georgieva ធ្វើឡើង នៅថ្ងៃទី ១៧ ខែមេសានៅក្នុងសន្និសីទសារព័ត៌មានមួយមុនកិច្ចប្រជុំនិទាឃរដូវ។ យោងតាមប្រមុខ IMF បានឱ្យដឹងថា ទោះបីជាមានផលប៉ះពាល់ពីការដំឡើងពន្ធ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើកំណើនសេដ្ឋកិច្ចសកលក៏ដោយ ក៏សេដ្ឋកិច្ចសកលនៅតែអាចជៀសផុតពីវិបត្តិសេដ្ឋកិច្ចបានដែរ។
“អ្វីដែលយើងកំពុងមើលឃើញគឺសេដ្ឋកិច្ចពិតប្រាកដមួយដែលកំពុងដំណើរការ។ ទីផ្សារការងារនៅតែរឹងមាំ។ ហើយប្រការដ៏សែនសំខាន់ដែលយើងគួរតែកត់សម្គាល់នោះ គឺប្រព័ន្ធហិរញ្ញវត្ថុនៅតែឈរជើងយ៉ាងរឹងមាំ ដោយមិនអើពើដល់ភាពតានតឹងជាច្រើន។ ហេតុអ្វីបានជាដូច្នេះ? ព្រោះថា ក្រោយពីវិបត្តិហិរញ្ញវត្ថុពិភពលោក នៅឆ្នាំ២០០៨ គោលនយោបាយជាច្រើនត្រូវបានអនុវត្តន៍ដើម្បីបង្កើតភាពធន់ប្រព័ន្ធសម្រាប់ទប់ទល់នឹងដំណាក់កាលដូចបច្ចុប្បន្ន”។
នាយិកាគ្រប់គ្រង IMF លោកស្រី Kristalina Georgieva។ (រូបថត៖ THX/VNA) |
ថ្នាក់ដឹកនាំនិងអ្នកជំនាញ IMF ក៏បាននិយាយផងដែរថា ទោះបីជាសេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់នឹងការប្រែប្រួលនាពេលបច្ចុប្បន្នក៏ដោយ ប្រការដ៏សំខាន់គឺ ត្រូវបញ្ឈប់ភាពព្រួយបារម្ភដ៏យូរអង្វែងរបស់វិនិយោគិន។ យោងតាមលោកស្រី Kristalina Georgieva ការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ននេះ ភាគច្រើនកើតចេញពីបញ្ហាផ្លូវចិត្ត ដូច្នេះចាំបាច់ត្រូវលុបបំបាត់គោលនយោបាយដែលបង្កឱ្យមានភាពមិនប្រាកដប្រជាផ្លូវចិត្ត។
"ប្រការដ៏សំខាន់គឺត្រូវកាត់បន្ថយរបស់ណាមួយដែលបង្កឡើងបញ្ហាផ្លូវចិត្តនេះ។ រឿងមួយដែលខ្ញុំបានរៀនពីវិបត្តិនោះគឺថា បញ្ហាផ្លូវចិត្ត និងមនសិការ ក៏មានសារៈសំខាន់ដូចការពិតដែរ។ ការពិតអាចល្អណាស់ ប៉ុន្តែប្រសិនបើមនសិការផ្លាស់ប្តូវយ៉ាងអវិជ្ជមាន វាអាចបង្កឡើងផលអាក្រក់"។
នៅក្នុងបរិបទបច្ចុប្បន្ន ប្រមុខ IMF បានអំពាវនាវឱ្យប្រទេសទាំងអស់ "រៀបចំឡើងវិញដោយខ្លួនឯង” ដោយការកែសម្រួលជាបណ្ដើរៗគោលនយោបាយសារពើ ពន្ធរបស់ខ្លួន ដើម្បីកាត់បន្ថយបំណុល និងរក្សាគោលនយោបាយរូបិយវត្ថុ "ដែលអាច បត់បែនបាន និងអាចទុកចិត្តបាន"។ លើសពីនេះ លោកស្រីរូបនេះក៏បានអំពាវនាវឱ្យប្រទេស នានាផ្តល់អាទិភាពដល់ការដោះស្រាយស្ថានភាពអតុល្យភាពម៉ាក្រូនៅក្នុងនិងក្រៅប្រទេស។
ការផ្តល់ហិរញ្ញប្បទាននិងការកសាងឡើងវិញ
ដើម្បីជៀសវាងមិនទុកឲ្យកិច្ចប្រជុំនិទាឃរដូវ IMF-WB ឆ្នាំនេះ ត្រូវបានគ្របដណ្តប់ទាំងស្រុងដោយសង្រ្គាមពន្ធគយនាពេលបច្ចុប្បន្ន ប្រធានបទជាច្រើនទៀតដូចជា៖ គម្រោងហិរញ្ញប្បទាន ការវិនិយោគបរទេសនៅក្នុងប្រទេស និងការលុបចោលបំណុលសម្រាប់សេដ្ឋកិច្ចក្រីក្រ; គោលនយោបាយបំរែបំរួលអាកាសធាតុ; ការជួយឧបត្ថម្ភបណ្ដាប្រទេសក្នុងអំឡុងពេល និងក្រោយជម្លោះ... ក៏ស្ថិតនៅក្នុងរបៀបវារៈផងដែរ។ ប្រធានបទមួយក្នុងចំណោមប្រធានបទគួរឱ្យ
កត់សម្គាល់គឺការស្ដារឡើងវិញនូវកញ្ចប់ឧបត្ថម្ភធនរបស់ IMF និង WB សម្រាប់ប្រទេសស៊ីរីដែលជាប្រទេសនៅមជ្ឈិមបូព៌ាដែលកំពុងមានការផ្លាស់ប្តូរដ៏ធំបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី Bashar Al-Assad កាលពីចុងឆ្នាំមុន។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រដ្ឋអំណាចថ្មីនៅស៊ីរីបានអនុវត្តន៍គោលនយោបាយជាច្រើនដែលត្រូវបានចាត់ទុកថាបើកចំហរជាងទាំងកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេស ដោយបើកផ្លូវសម្រាប់ការធ្វើសមាហរណកម្មឡើងវិញរបស់ប្រទេសនេះចូលទៅក្នុងសេដ្ឋកិច្ចសកល។
យោងតាមលោក Abdallah Dardari ជំនួយការអគ្គលេខាធិការនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានឲ្យដឹងថា វគ្គពិភាក្សាតុមូលស្តីពីការផ្តល់ហិរញ្ញប្បទានសម្រាប់ការកសាងស៊ីរីឡើងវិញ នឹងប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនិទាឃរដូវ IMF-WB សំដៅកៀងគរប្រភពហិរញ្ញប្បទានពី IMF, WB, ស្ថាប័នពហុភាគីក៏ដូចជាប្រទេសជាច្រើនទៀត។
“ខ្ញុំគិតថា វគ្គពិភាក្សាតុមូលមិនត្រឹមតែជាបញ្ញាហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វាគឺជាសញ្ញានៃការគាំទ្រ និងសាមគ្គីភាព ជាពិសេសនៅពេលដែល វាត្រូវបានជំរុញដោយធនាគារពិភពលោក និងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។ ប្រការនេះ ផ្ញើសារទៅកាន់ពិភពលោក និងប្រជាជនស៊ីរីថា ពួកគេកំពុងមានស្ថាប័នហិរញ្ញវត្ថុដ៏ ធំបំផុតដែលត្រៀមខ្លួនជាស្រេចដើម្បីជួយឧបត្ថម្ភ”។
ទោះជាយ៉ាងណាក៏ដោយ ម្យ៉ាងវិញទៀត ប្រធានបទប្រពៃណីផ្សេងទៀតនៃកិច្ច ប្រជុំ IMF-WB នាពេលថ្មីៗនេះ ដូចជា ការជំរុញហិរញ្ញវត្ថុបៃតងសម្រាប់ប្រទេសកំពុង អភិវឌ្ឍន៍ ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសម្រាប់ប្រទេសក្រីក្រ អាចនឹងត្រូវ បានគេទុកមួយអន្លើរសិននៅក្នុងកិច្ចប្រជុំលើកនេះ៕