កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣៖ ព្រឹតិ្តការណ៍ដ៏អស្ចារ្យនៃវិស័យការទូតរបស់វៀតណាម

(VOVWORLD) - ពាក់កណ្តាលសតវត្សមុននេះ  នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៧៣ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការបញ្ចប់សង្រ្គាម  ស្ដារសន្តិភាពឡើងវិញនៅវៀត ណាម ត្រូវបានចុះហត្ថលេខានៅរដ្ឋធានីនៃប្រទេស បារាំង។ ជាលទ្ធផលនៃកិច្ចចរចាដ៏លំបាក និងយូរអង្វែងបំផុតមួយក្នុងប្រវត្តិសាស្ត្រការទូតពិភពលោក កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានកត់សម្គាល់នូវជ័យជំនះផ្នែកការ ទូតដ៏សំខាន់ ដែលបង្ហាញពីឬទ្ធានុភាព និងប្រាជ្ញានៃវិស័យការទូតបដិវត្តន៍វៀតណាម ក៏ដូចជាបង្កប់អត្ថន័យសម័យកាលយ៉ាងជ្រាលជ្រៅ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣៖ ព្រឹតិ្តការណ៍ដ៏អស្ចារ្យនៃវិស័យការទូតរបស់វៀតណាម - ảnh 1ទិដ្ឋភាពនៃសន្និសីទទីក្រុងប៉ារីស

អូសបន្លាយក្នុងរយៈពេលជិត ៥ឆ្នាំ (ពីឆ្នាំ ១៩៦៨ ដល់ឆ្នាំ ១៩៧៣) រាល់កិច្ចចរចាទីក្រុងប៉ារីសស្តីពីវៀតណាមបានឆ្លងកាត់សម័យប្រជុំសាធារណៈចំនួន ២០១ លើក កិច្ចប្រជុំដោយឡែកកម្រិតខ្ពស់ចំនួន ៤៥ លើក សន្និសីទសារព័ត៌មានប្រហែល ៥០០ លើក និងកិច្ចសម្ភាសន៍ប្រហែល ១.០០០បទ។ នៅទីបញ្ចប់ ជ័យជំនះបានទៅលើវិស័យការទូត “ក្មេងខ្ចី”  ប៉ុន្តែពោរពេញដោយភាពក្លាហាន តំណាងឱ្យសំឡេងដ៏សុចរិត និងត្រូវបានប្រជាជនជឿនលឿនជុំវិញពិភពលោកគាំទ្រពេញទំហឹង។

ជ័យជំនះនៃកំពូលបញ្ញាការទូតវៀតណាម

យោងតាមឯកសារប្រវត្តិសាស្ត្រ នៅតាមគ្រប់សម័យប្រជុំរួមជាសាធារណៈ ក៏ដូចជារាល់ជំនួបពិភាក្សាដោយឡែកក្នុងអំឡុងពេលការចរចាកិច្ចព្រមព្រៀង ទីក្រុង ប៉ារីស      គណៈប្រតិភូចរចាវៀតណាមមិនបានមើលរំលងបញ្ហាសំខាន់ៗណាមួយដែលទាក់ទិននឹងការចរចាទីក្រុងប៉ារីសចំពោះសង្គ្រាមនៅឥណ្ឌូចិនឡើយ។ ជាពិសេស គឺផ្តោតសំខាន់ទៅលើបញ្ហាគន្លឹះចំនួនពីរគឺ៖ យោធាអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវតែដកខ្លួនចេញពីវៀតណាមខាងត្បូង និងត្រូវតែគោរពសិទ្ធិពលរដ្ឋជាមូលដ្ឋាន  និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជន វៀតណាម ភាគខាងត្បូង។

រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអះអាងថា ពេញមួយដំណើរការចរចា គោលការណ៍ឯករាជ្យ និងភាពខ្លួនទីពឹងខ្លួន តែងតែត្រូវបានប្រកាន់ខ្ជាប់និងត្រូវបានលើកកម្ពស់ជានិច្ច។ ជាពិសេស ទីប្រឹក្សា Le Duc Tho និងក្រុមចរចាវៀតណាមបានអនុវត្តយ៉ាងមានប្រសិទ្ធភាព  ហើយទន្ទឹមនឹងនោះបានប្រែក្លាយជ័យជំនះលើសមរភូមិទៅជាជ័យជម្នះលើតុចរចារ។ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានអះអាងថា “សម្រាប់លោក Le Duc Tho មេរៀនស្តីពី “យកភាពមិនអាចប្រែប្រួល ឆ្លើយតបនឹងភាពប្រែប្រួលរាប់ពាន់ជំពូក”  ដែលលោកប្រធានហូជីមិញបានប្រាប់អ្នកការទូតវៀតណាម ហើយត្រូវបានអនុវត្តយ៉ាងប៉ិនប្រសប់ក្នុងរយៈពេល ៥ ឆ្នាំនៃការចរចាពោរពេញដោយឧបស័គ្គ។ លោក Le Duc Tho បានប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំ និងគោលមាគ៌ារបស់បក្ស។ ជាមួយនឹងការគិតយ៉ាងមុតស្រួច បទពិសោធន៍និងយុទ្ធវិធីដ៏សម្បូរបែប លោក Le Duc Tho និងក្រុមចរចាបានប្រែក្លាយជ័យជំនះលើសមរភូមិ ទៅជាជ័យជំនះលើតុចរចា។ ជ័យជម្នះនេះគឺជាចំណុចកំពូលមួយនៃបញ្ញាការទូតវៀតណាម”។

មេរៀនប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបាន

ឆ្លងកាត់រយៈពេល ៥០ ឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា សំណង់ស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើន ការវិភាគ និងការវាយតម្លៃរបស់អ្នកជំនាញទាំងជាតិ និងអន្តរជាតិបន្តបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ គឺជាជ័យជំនះដ៏សំខាន់ និងជាព្រឹត្តិការណ៍ដ៏រុងរឿងក្នុងប្រវត្តិសាស្ត្រការទូតរបស់វៀតណាម; ទន្ទឹមនឹងនោះ  ព្រឹត្តិការណ៍នេះបានបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើន ជាមួយនឹងអត្ថន័យសម័យកាលយ៉ាងជ្រាលជ្រៅសម្រាប់ផ្នែកការទូត។ នៅក្នុងនោះ មេរៀនអំពីការចាប់យកស្ថានភាព និងការប្រើប្រាស់ឱកាសឱ្យបានល្អ គឺមានសារៈសំខាន់ខ្លាំងណាស់។ លោកស្រី Nguyen Thi Binh រដ្ឋមន្ត្រីក្រសួងការបរទេសនៃរដ្ឋាភិបាលបដិវត្តបណ្តោះអាសន្ននៃសាធារណៈរដ្ឋវៀតណាមខាងត្បូង ដំណាក់កាលឆ្នាំ ១៩៦៩ - ១៩៧៥ ប្រធានគណៈប្រតិភូចរចានៃរដ្ឋាភិបាលបដិវត្តបណ្តោះអាសន្ននៅសន្និសីទទីក្រុងប៉ារីសបានសង្កត់ធ្ងន់ថា៖ “ទីមួយគឺត្រូវដឹងពីរបៀបវាយតម្លៃស្ថានភាព ស្គាល់ខ្លួនឯង ស្គាល់ពីសត្រូវ។ ទីពីរគឺត្រូវដឹងពីរបៀបទាញយកឱកាស។ ទី៣ ត្រូវមានយុទ្ធសាស្ត្រដ៏ឈ្លាសវៃ ដោយកំណត់ច្បាស់ថាអ្វីសំខាន់ និងអ្វីបន្ទាប់បន្សំ។ តាមគំនិតខ្ញុំ លើវិស័យការទូត យើងមានគំនិតផ្ដួចផ្ដើមល្អជាច្រើនណាស់”។

កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣៖ ព្រឹតិ្តការណ៍ដ៏អស្ចារ្យនៃវិស័យការទូតរបស់វៀតណាម - ảnh 2អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតអនុរដ្ឋមន្ត្រីការបរទេសអចិន្ត្រៃយ៍លោក Vu Khoan

អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតអនុរដ្ឋមន្ត្រីការបរទេសអចិន្ត្រៃយ៍លោក Vu Khoan បានមានប្រសាសន៍ថា៖ “នេះប្រហែលជាការចរចាអូសបន្លាយរយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្រស្តីពីការបញ្ចប់សង្គ្រាម។ វាបន្សល់ទុកនូវមេរៀនជាច្រើនសម្រាប់វិស័យការទូតវៀតណាម។ ទីមួយគឺអំពីភាពស៊ីសង្វាក់គ្នា ទីពីរគឺភាពម៉ឹងមាត់ ទីបីគឺការខ្ជាប់ខ្ជួន ហើយទីបួនគឺភាពឈ្លាសវៃ”។

យោងតាមឯកសារផ្លូវការ ក្នុងអំឡុងពេលប្រព្រឹត្តទៅកិច្ចរចានៅទីក្រុងប៉ារីស ការប្រមូលផ្តុំគ្នា និងបាតុកម្មរាប់ពាន់នាក់ប្រឆាំងនឹងសង្រ្គាម និងដើម្បីគាំទ្រ វៀតណាម បានផ្ទុះឡើងនៅកន្លែងជាច្រើនជុំវិញពិភពលោក រួមទាំងនៅសហរដ្ឋ អាមេរិកផ្ទាល់ផងដែរ។ ចលនាប្រឆាំងសង្គ្រាម និងគាំទ្រវៀតណាមបានក្លាយជាប្រភពលើកទឹកចិត្តដ៏ធំធេងសម្រាប់វៀតណាមទាំងនៅសមរភូមិ និងនៅលើតុចរចាទីក្រុងប៉ារីស រួមចំណែកធ្វើឡើងជ័យជំនះនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងជ័យជំនះជាបន្តបន្ទាប់នៃយុទ្ធនាការក្រោកឈរឡើងនិទាឃរដូវឆ្នាំ ១៩៧៥ រំដោះ ភាគខាងត្បូង និងឯកភាពប្រទេសជាតិឡើងវិញ។

ការគាំទ្រពីអន្តរជាតិនេះ ត្រូវបានវាយមតម្លៃថាជាមេរៀនអស្ចារ្យមួយសម្រាប់វិស័យការទូត អំពីការប្រើប្រាស់ និងការឆ្លៀតយកប្រកបដោយប្រសិទ្ធភាពនូវការគាំទ្រ និងធនធានដ៏មហិមាពីខាងក្រៅ សម្រាប់បុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ មេរៀននេះមានអត្ថន័យជាពិសេសក្នុងបរិបទនៃការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ របស់វៀតណាម ខណៈដែលស្ថានភាពអន្តរជាតិបន្តមានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន និងបង្កបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើនដូចបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ