កំណត់ទីតាំងពាណិជ្ជសញ្ញាជាតិវៀតណាមបៃតង
(VOVWORLD) - ការវិនិយោគលើការសិក្សាស្រាវជ្រាវបច្ចេកវិទ្យា ដំណើរការផលិតកម្ម វត្ថុធាតុដើមថ្មី និងថាមពលកកើតឡើងវិញ ដើម្បីបង្កើតផលិតផលបៃតង គឺជាអាទិភាពចម្បងនៃខឿនសេដ្ឋកិច្ចនានានៅលើពិភពលោក ក្រោយរយៈពេលរងផលប៉ះពាល់ដោយជំងឺរាតត្បាត កូវីដ-១៩។ នាបច្ចុប្បន្ននេះ វៀតណាមក៏មិនស្ថិតក្រៅនិន្នាការនេះឡើយ។ ការកំណត់ពាណិជ្ជសញ្ញាជាតិបៃតង បង្កើតផលិតផលដែលមានតម្លៃ បង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ គឺជាកូនសោរសម្រាប់វៀតណាមកសាង និងផ្សព្វផ្សាយរូបភាពជាតិ ការស្ដារ និងកំណើនប្រកបដោយចីរភាព។
VinFast បានបង្កើតពាណិជ្ជសញ្ញារបស់ខ្លួននៅលើទីផ្សារអន្តរជាតិ។ រូបថត៖ vietnamnet |
កសាងពាណិជ្ជសញ្ញាវៀតណាម "បៃតង" ក្នុងខ្សែសង្វាក់តម្លៃសកល
Brand Finance ជាអង្គការវាយតម្លៃពាណិជ្ជសញ្ញាជាតិ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានវាយតម្លៃថា ទោះបីជារងផលប៉ះពាល់អវិជ្ជមានពីជំងឺរាតត្បាតកូវីដ-១៩ និងជម្លោះនយោបាយក្នុងពិភពលោកក៏ដោយ ពាណិជ្ជសញ្ញាជាតិវៀតណាមគឺជាពាណិជ្ជសញ្ញាជាតិ ដែលមានកំណើនតម្លៃលឿនបំផុតនៅលើពិភពលោកជាមួយនឹងអត្រាកើនឡើង ៧៤% ក្នុងដំណាក់កាល ២០១៩-២០២២។ ក្នុងតារាងរៀបចំណាត់ថ្នាក់ Top ពាណិជ្ជសញ្ញាជាតិខ្លាំងក្លាបំផុតទាំង ១០០ នៅលើពិភពលោករបស់ Brand Finance ពាណិជ្ជសញ្ញាជាតិវៀតណាមតែងតែជាប់ចំណាត់ថ្នាក់នៅពាក់កណ្តាលខាងលើនៃតារាងចំណាត់ថ្នាក់ ហើយមានអត្រាកើនឡើងជាលំដាប់ប្រចាំឆ្នាំ។ កាលពីឆ្នាំមុន ពាណិជ្ជសញ្ញាជាតិវៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៣២/១០០។
នារយៈពេលកន្លងទៅពាណិជ្ជសញ្ញាវៀតណាម មានកំណើនយ៉ាងខ្លាំងក្លាទាំងតម្លៃពាណិជ្ជសញ្ញានិងសន្ទស្សន៍កម្លាំងពលំពាណិជ្ជសញ្ញា។ សហគ្រាសយល់ដឹងកាន់តែច្រើនអំពីតួនាទី និងសារៈសំខាន់នៃពាណិជ្ជសញ្ញាដូចជា "កូនសោរ" ដើម្បីជួយបង្កើនតម្លៃផលិតផល ក៏ដូចជាតម្លៃសហគ្រាសផងដែរ។ តាមនោះ កសាងរូបភាពវៀតណាមជាប្រទេសដែលមានផលិតផល និងសេវាកម្មប្រកបដោយគុណភាពខ្ពស់ ហើយមានសមត្ថភាពប្រកួតប្រជែងខ្ពស់ បង្កើតកិត្យានុភាពយ៉ាងរឹងមាំនៅលើទីផ្សារទាំងជាតិ និងអន្តរជាតិ។
ក្នុងដំណើរការសមាហរណកម្មអន្តរជាតិ កំណើនបៃតងត្រូវបានចាត់ទុកថាជាកូនសោរសម្រាប់វៀតណាមអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ២០២១-២០៣០ និងផ្លាស់ប្ដូររូបសណ្ឋានកំណើនតាមទិសដៅស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ម្យ៉ាងវិញទៀត សេដ្ឋកិច្ចបៃតង វិលជុំ ការប្រើប្រាស់បៃតង និងស្និទ្ធស្នាលនឹងបរិស្ថាន កំពុងក្លាយទៅជានិន្នាការសកល។ លោក Hoang Minh Chien អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានវាយតម្លៃ ថា៖ “នាពេលថ្មីៗនេះ និន្នាការបៃតងឆ្ពោះទៅរកកំណើនប្រកបដោយនិរន្តរភាពគ្រោងនឹងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងជាច្រើនទាំងផ្នែកសេដ្ឋកិច្ច និងតម្លៃអរូបី ជួយសហគ្រាសបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ ជាពិសេសក្នុងបរិបទដែលសេដ្ចកិច្ចវៀតណាមបានចូលរួមយ៉ាងស៊ីជម្រៅទៅក្នុងខឿនសេដ្ឋកិច្ចពិភពលោក។ នាពេលបច្ចុប្បន្ន និន្នាការនៃការប្រើប្រាស់ បានផ្លាស់ប្តូរ ទៅជាផលិតផលស្និទ្ធស្នាលនឹងបរិស្ថាន ដូច្នេះហើយ ផលិតកម្មបៃតងគឺជាកត្តាគុណសម្បត្តិ ដែលជួយសហគ្រាសវៀតណាមលើកកំពស់ពាណិជ្ជសញ្ញានិងទាក់ទាញអតិថិជនផងដែរ”។
លោក Hoang Minh Chien អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម (រូបថត៖ VNA) |
ការរួមដំណើររបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍបៃតង
ការដែលពាណិជ្ជសញ្ញាវៀតណាមកាន់តែច្រើនបានអះអាងពីថានៈនៅលើទីផ្សារ
ជាតិបានសរឲ្យឃើញអំពីរាល់ការបោះជំហានដ៏ត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍បៃតង និងប្រកបដោយនិរន្តរភាពរបស់រដ្ឋាភិបាលវៀតណាម។ រដ្ឋាភិបាលបានចេញផ្សាយ គោលនយោបាយជាច្រើន ដើម្បីតម្រង់ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចតាមទិសដៅនិរន្តរភាព ការពារបរិស្ថាន សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការវិនិយោគ ផ្តោតលើការទាក់ទាញគម្រោងដែលមានគុណភាពខ្ពស់។ លោក Alex Haigh នាយកប្រតិបត្តិ Brand Finence Asia - Pacific បានមានប្រសាសន៍ថា៖ “ពាណិជ្ជសញ្ញាជាតិវៀតណាមមានការរីកចម្រើនយ៉ាងឆាប់រហ័សជាងប្រទេសជាច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីកសាងពាណិជ្ជសញ្ញាឱ្យរឹងមាំ វៀតណាមចាំបាច់ត្រូវការវិនិយោគសមស្រប រួមជាមួយនឹងយន្តការរបស់រដ្ឋាភិបាល។ តាមរយៈការអនុវត្តជាក់ស្ដែង យើងខ្ញុំបានយល់ឃើញថាបរិយាកាសធុរកិច្ចនៅវៀតណាមមានភាពអំណោយផលខ្លាំងណាស់។ ដូច្នេះហើយ ដើម្បីបន្តបង្កើនតម្លៃពាណិជ្ជសញ្ញាជាតិ វៀតណាមចាំបាច់ត្រូវបន្តផ្សព្វផ្សាយអំពីខឿនសេដ្ឋកិច្ចស្ថិរភាព បរិយាកាសធុរកិច្ចអំណោយផល ហើយកិត្យានុភាពរបស់សហគ្រាសត្រូវបានលើកកម្ពស់ ព្រមទាំងផ្សព្វផ្សាយរូបភាពវៀតណាមភ្ជាប់ជាមួយតម្លៃបៃតង និងនិរន្តរភាពផងដែរ”។
ក្នុងវេទិកាធុរកិច្ចវៀតណាមប្រចាំឆ្នាំ (VBF) ឆ្នាំ ២០២៣ ដែលប្រព្រឹត្តទៅនាពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា គោលការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងចាំបាច់ត្រូវបានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់។ រដ្ឋាភិបាលវៀតណាមបន្តប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា បង្កើតលក្ខខ័ណ្ឌអំណោយផលទាំងអស់សម្រាប់សហគ្រាសអភិវឌ្ឍន៍ ផ្ទេរប្រគល់បច្ចេកវិទ្យា បណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការអភិវឌ្ឍបៃតង។ រូបភាពដ៏ស្រស់ស្អាតនៃពាណិជ្ជសញ្ញាជាតិនីមួយៗនឹងក្លាយទៅជារូបភាពដ៏ស្រស់ស្អាតនៃពាណិជ្ជសញ្ញារបស់ប្រទេសជាតិ រួមចំណែករីកសុះសាយ និងបង្កើតកម្លាំងពលំ និងឋានៈរបស់វៀតណាមក្នុងបច្ចុប្បន្ន និងអនាគតផងដែរ៕