ការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដែលផ្សាភ្ជាប់នឹងការធ្វើសមាហរណកម្មអន្តរជាតិ

(VOVWORLD) - វេទិកាសេដ្ឋកិច្ចវៀតណាមលើកទី៤ ក្រោមប្រធានបទ “កសាងសេដ្ឋកិច្ចឯករាជ្យ ពឹងផ្អែកលើខ្លួនឯង ដែលផ្សាភ្ជាប់នឹងការធ្វើសមាហរណកម្មក្នុងស្ថានភាពថ្មី” គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ នាថ្ងៃទី ៥ មិថុនា។ វេទិកានេះនឹងផ្លាស់ប្តូរយោបល់ និងចែករំលែកទស្សនៈនៃការយល់ឃើញអំពីសេដ្ឋកិច្ចឯករាជ្យ  ពឹងផ្អែកលើខ្លួនឯង ហើយទន្ទឹមនឹងនោះ ស្នើឡើងនូវគោលនយោបាយ និងដំណោះស្រាយសំខាន់ៗសម្រាប់ការកសាងសមត្ថភាពស្វ័យភាពនៃសេដ្ឋកិច្ចវៀតណាម។

ការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដែលផ្សាភ្ជាប់នឹងការធ្វើសមាហរណកម្មអន្តរជាតិ - ảnh 1លោក Nguyen Thanh Phong អនុប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម (រូបថត៖ vtc.vn)

ក្នុងរយៈពេលកន្លងមក ជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ហើយក៏បានជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ វៀតណាមលើគ្រប់ជ្រុងជ្រោយផងដែរ។  ម៉្យាងវិញទៀត កូវីដ ១៩ បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីបញ្ហាដែលនៅសេសសល់ ដែលបង្កជាបញ្ហាប្រឈមធំៗ ជាច្រើនត្រូវការជំនះរបស់ខឿនសេដ្ឋកិច្ច។ ថ្វីត្បិតដូច្នេះ វាក៏បើកចេញឱកាស និងទិសដៅអភិវឌ្ឍន៍ថ្មីៗ សំដៅឆ្លើយតបទៅនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច លើកកម្ពស់កំណើន និងធានាដល់ជីវភាពរស់នៅរបស់ប្រជាជន។ ក្នុងបរិបទនោះ តម្រូវការចាំបាច់គឺត្រូវបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ជួយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសក្នុងរយៈពេលមធ្យម និងរយៈពេលវែង។ គោលដៅដែលវេទិកាសេដ្ឋកិច្ចវៀតណាមលើកទី៤ដែលឆ្នាំនេះឆ្ពោះទៅ គឺដើម្បីព្យាករណ៍ការអភិវឌ្ឍសេដ្ឋកិច្ចអន្តរជាតិ និន្នាការថ្មីក្នុងពិភពលោក ក្រោយជំងឺរាតត្បាតកូវីដ ១៩; វាយតម្លៃ និងវិភាគប្រកបដោយភាពបរានុម័ត ទូលំទូលាយ និងស៊ីជម្រៅអំពីសមិទ្ធិផល ចំណុចខ្វះខាត និងដែនកំណត់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ក៏ដូចជាកំណត់ទស្សនៈ ភារកិច្ច ដំណោះស្រាយ ដំណើការធ្វើកំណែទម្រង់ និងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដើម្បី ជម្នះការលំបាក ជម្នះបញ្ហាប្រឈម និងឆ្លៀតយកឱកាសដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។  អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Nguyen Thanh Phong បានឲ្យដឹងថា៖ “បញ្ហាស្នូលមួយមានលក្ខណៈជាផែនការមេ និងអូសបន្លាយរយៈពេលវែង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិនាពេលខាងមុខគឺការកសាងសេដ្ឋកិច្ចថាមវន្ត ឯករាជ្យ និងអាចពឹងផ្អែកលើខ្លួនឯងបានឆាប់រហ័ស ប្រកបដោយនិរន្តរភាព ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ផ្សាភ្ជាប់ជាមួយនឹងការលើកកម្ពស់ប្រសិទ្ធភាពក្នុងកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ ដូចដែលបានកំណត់ក្នុងគោលដៅរួមនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ២០២១-២០៣០ ដែលត្រូវបានអនុម័តនៅមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម”។

ការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដែលផ្សាភ្ជាប់នឹងការធ្វើសមាហរណកម្មអន្តរជាតិ - ảnh 2អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong (រូបថត៖ baotintuc.vn)

វេទិកាសេដ្ឋកិច្ចវៀតណាមលើកទី៤ រួមមានសម័យប្រជុំពេញអង្គ - សិក្ខាសាលាជាន់ខ្ពស់ក្រោមប្រធានបទ “ការកសាងសេដ្ឋកិច្ចឯករាជ្យ ពឹងផ្អែកលើខ្លួនឯង ផ្សាភ្ជាប់នឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទូលំទូលាយក្នុងស្ថានភាពថ្មី”។ វេទិកានេះនឹងធ្វើការផ្លាស់ប្តូរយោបល់ និងចែករំលែកទស្សនៈលើខ្លឹមសារនៃសេដ្ឋកិច្ចឯករាជ្យ ពឹងផ្អែកលើខ្លួនឯង ហើយក្នុងពេលជាមួយគ្នានេះ ស្នើឡើងគោលនយោបាយចំពោះដំណោះស្រាយសំខាន់ៗសម្រាប់ការកសាងសមត្ថភាពស្វ័យភាពសេដ្ឋកិច្ច ស្នើវិធីសាស្រ្តរវាងការកសាងសេដ្ឋកិច្ចស្វ័យភាព និងការធ្វើសមាហរណកម្មក្នុងយុគសម័យថ្មី។ ក្នុងនោះ  ស្វ័យភាពបច្ចេកវិទ្យា និងទីផ្សារក្នុងប្រទេស គឺជា “សសរស្តម្ភ” នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ខណៈដែលការកសាងទីផ្សារក្នុងស្រុកគឺជា “គម្នាស់” ទាក់ទងនឹងការច្នៃប្រឌិតបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងភាពសម្បូរបែបនៃខ្សែសង្វាក់ផ្គត់ផ្គង់ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong បានសង្កត់ធ្ងន់ថា៖ “ធាតុផ្សំដ៏សំខាន់បំផុតមួយក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ អាចពឹងលើខ្លួនឯងបាន គឺត្រូវឯករាជ្យ និងអាចពឹងលើខ្លួនឯងបានទាក់ទងនឹងបច្ចេកវិទ្យា។ បច្ចុប្បន្ននេះ យើងមានវឌ្ឍនភាពក្នុងវិស័យបច្ចេកវិទ្យា ដោយបំពេញតាមតម្រូវការនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ប៉ុន្តែ នៅតែមានភាពយឺតយ៉ាវបើប្រៀបធៀបទៅនឹងតម្រូវការគោលដៅរបស់យើង។ ដូច្នេះហើយ ការពិភាក្សាអំពីការច្នៃប្រឌិតបច្ចេកវិទ្យា ផ្លាស់ប្តូរឌីជីថលនៅក្នុងវេទិកាសេដ្ឋកិច្ចនេះ គឺជាខ្លឹមសារដ៏សំខាន់បំផុត និងត្រូវបានផ្សាភ្ជាប់ជាមួយនឹងប្រធានបទនៃការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង”។

វេទិកាសេដ្ឋកិច្ចវៀតណាមគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបានប្រារព្ធឡើងចាប់ពីឆ្នាំ ២០១៧ រហូតមកដល់បច្ចុប្បន្ន ដែលរីកសុះសាយយ៉ាងទូលំទូលាយក្នុងប្រទេស និងអន្តរជាតិ ដែលត្រូវបានវាយតម្លៃថា ជាវេទិកាសេដ្ឋកិច្ចជួរមុខក្នុងតំបន់ និងអន្តរជាតិ។  នៅក្នុងសម័យប្រជុំពេញអង្គនៃវេទិកាឆ្នាំនេះ នឹងមានការពិភាក្សាកម្រិតខ្ពស់ដោយមានការចូលរួមពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ។ ជាពិសេស នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងធ្វើសុន្ទរកថាសំខាន់ក្នុងពិធីបិទបញ្ចប់វេទិកាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ