ការចាប់ផ្ដើមថ្មីពីជំនួបកំពូលរវាងរុស្ស៊ីនិងអាមេរិក

(VOVWORLD) - ជំនួបដែលត្រូវបានទន្ទឹងរង់ចាំបំផុតក្នុងរដូវក្ដៅនេះរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាមួយសមភាគីអាមេរិកលោក Donald Trump នាថ្ងៃទី១៦ កក្កដា នៅប្រទេសហ្វាំងឡង់ បានទទួលលទ្ធផលលើសពីការរំពឹងទុក ដោយ ទទួលបានបានការស្រុះចិត្តគំនិតអំពីបញ្ហាគន្លឹះជាច្រើន។ អ្នកជំនាញជាច្រើនរូប ចាត់ទុកថា លទ្ធផលនៃជំនួបនេះគឺជាបុព្វបទដើម្បីទំនាក់ទំនងរុស្ស៊ី អាមេរិក ឈានទៅទំព័រថ្មី បើទោះបីជានៅមានឧបសគ្គជាច្រើនក្ដី។
ការចាប់ផ្ដើមថ្មីពីជំនួបកំពូលរវាងរុស្ស៊ីនិងអាមេរិក - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump និងសមភាគីរុស្ស៊ីលោក Vladimir Putin ក្នុងជំនួបនៅប្រទេសហ្វាំងឡង់ (រូបថត៖ The Guardian)

  ក្នុងរយៈពេលប៉ុន្មានម៉ោងជួបចរចាតែប៉ុណ្ណោះ បញ្ហាក្ដៅគគុកទាំងអស់ក្នុងទំនាក់ទំនងទ្វេភាគីក៏ដូចជាបញ្ហាអន្តរជាតិ សុទ្ធតែបានថ្នាក់ដឹកនាំនៃមហាអំណាចពិភពលោកទាំង២នេះ លើកយកមកពិភាក្សាគ្នា។ ចាប់ពីការដែលរុស្ស៊ីធ្វើអន្តរាគមន៍ទៅក្នុងការបោះឆ្នោតនៅអាមេរិក ការដែលរុស្ស៊ីត្រៀមខ្លួនជាស្រេចពន្យាពេលនៃសន្ធិសញ្ញាស្ដីពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START ថ្មី) រហូតដល់ការដោះស្រាយវិបត្តិនៅស៊ីរី បញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់និងបញ្ហាឧបទ្វីបកូរ៉េផងដែរ។

        ការស្រុះចិត្តគំនិតលើបញ្ហាគន្លឹះ

        តាមរយៈការថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីជំនួបខាងលើ អាចឃើញថា ថ្នាក់ដឹកនាំទាំងពីររូបទទួលបានការស្រុះចិត្តគំនិតជាច្រើន។ លេចធ្លោបំផុតគឺការចោទប្រកាន់រុស្ស៊ីធ្វើអន្តរាគមន៍ទៅក្នុងការបោះឆ្នោតអាមេរិក។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើឲ្យមជ្ឈដ្ឋានអ្នកនយោបាយអាមេរិកភ្ញាក់ផ្អើល នាពេលបញ្ជាក់យ៉ាងត្រង់ៗថា រុស្ស៊ីមិនមានឧបាយកលធ្វើអន្តរាគមន៍ទៅក្នុងការបោះឆ្នោតអាមេរិកដូចជាការចោទប្រកាន់ឡើយ ហើយការអំពាវនាវឲ្យមានការស៊ើបអង្កេតលើបញ្ហានេះគឺជាមហន្តរាយមួយ។ លើសពីនេះទៅទៀត ម្ចាស់សេតវិមានរូបនេះក៏បានប្រកាសថា ខ្លួនមិនដែលចាត់ទុកប្រធានាធិបតីលោក Putin ជាសត្រូវទេ តែនោះគឺជាគូប្រជែងល្អមួយរូប។

        ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពលើការបង្កើតក្រុមចម្រុះមួយដើម្បីប្រមូលផ្ដុំមហាអំណាចនានាក្នុងមជ្ឈដ្ឋានសហគ្រិននៃប្រទេសទាំងពីរ ព្រមទាំងអះអាងនូវសារសំខាន់នៃកិច្ចសហការក្នុងការវិភាគសំណុំឯកសារនយោបាយ យោធាទាំងឡាយ ក៏ដូចជាបង្កើតក្រុមការងាររួមស្ដីពីការប្រយុទ្ធប្រឆាំងភេរវកម្មផងដែរ។ លោក Putin ក៏បញ្ជាក់ជាមួយលោក Donald Trump ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចពន្យាពេលសន្ធិសញ្ញាស្ដីពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START ថ្មី) ដែលនឹងផុតកំណត់នាឆ្នាំ២០២១។

        ចំពោះបញ្ហាអន្តរជាតិនានា ទាក់ទិនដល់សភាពការណ៍នៅស៊ីរី លោក Putin ចាត់ទុកថា ម៉ូស្គូនិងវ៉ាស៊ីនតោនអាចដើរតួនាទីស្នូលក្នុងការដោះស្រាយវិបត្តិមនុស្សធម៌នៅស៊ីរី។ ថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិកក៏ពិភាក្សាអំពីបញ្ហាអ៊ីរ៉ង់ ពិសេសគឺការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់កាំជ្រួចរយៈចម្ងាយមធ្យមនិងរយៈចម្ងាយខ្លី។ ប្រធានាធិបតីលោក Putin បានវាយតំលៃខ្ពស់ចំពោះការបោះជំហានប្រកបដោយប្រសិទ្ធភាពនៅឧបទ្វីបកូរ៉េដោយមានការចូលរួមរបស់ប្រធានាធិបតីលោក Trump ខណៈដែលលោក Trump ជឿជាក់ថា លោក Putin និងសហព័ន្ធរុស្ស៊ី នឹងត្រៀមខ្លួនជាស្រេចសហការជាមួយអាមេរិក ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ស.ប.បកូរ៉េ ក៏ដូចជាសហការជាមួយអាមេរិកនិងអ៊ីស្រាអែលក្នុងបញ្ហាស៊ីរីផងដែរ។

        ដើម្បីវាយតំលៃលទ្ធផលនៃជំនួបកំពូលរវាងរុស្ស៊ីនិងអាមេរិក សូមដកស្រង់អត្ថាធិប្បាយរបស់ប្រធានាធិបតីលោក Trump ដែលថា៖ “នេះជាការចាប់ផ្ដើមល្អសំរាប់ភាគីទាំងអស់។ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងផ្លាស់ប្ដូរក្រោយពីជំនួបនៅ Helsinki”។

        ប្រតិកម្មអវិជ្ជមានពីមជ្ឈដ្ឋានមន្ត្រីអាមេរិក

        ផ្ទុយទៅនឹងពាក្យពេជនិងសុឆន្ទៈដែលប្រធានាធិបតីលោក Donald Trump លៃទុកចំពោះប្រទេសរុស្ស៊ីក៏ដូចជាបុគ្គលលោក Putin គឺមជ្ឈដ្ឋានមន្ត្រីអាមេរិកបានឡើងសម្លេងរិះគន់អាកប្បកិរិយារបស់ម្ចាស់សេតវិមានរូបនេះ។

        បន្ទាប់ពីបញ្ចប់ជំនួបកំពូល សមាជិកសភា នៃទាំងគណៈបក្សប្រជាធិបតីនិងគណៈបក្សសាធារណៈរដ្ឋ និងអ្នកនយោបាយជាច្រើន បានឡើងសម្លេងរិះគន់ដោយប្រើពាក្យសម្ដីខ្លាំងៗបំផុតដូចជា ខ្មាស់អៀន អន់ខ្សោយ អាក្រក់ រុស្ស៊ីមិនមែនជាសម្ព័ន្ធមិត្ត ជាដើម។ ថ្នាក់ដឹកនាគណៈបក្សប្រជាធិបតេយ្យបានរៀបចំសន្និសីទកាសែតដើម្បីរិះគន់ជំនួបកំពូលខាងលើ ខណៈដែលមជ្ឈដ្ឋានចារករអាមេរិក ក៏ចេញសេចក្ដីថ្លែងការណ៍ប្រឆាំងជំទាស់នឹងការប្រកាសរបស់លោក Trump នាពេលលោករូបនេះបានបដិសេធការធ្វើអន្តរាគមន៍របស់រុស្ស៊ីទៅក្នុងការបោះឆ្នោតនៅអាមេរិកកាលពីឆ្នាំ២០១៦ក៏ដូចជាខឿនប្រជាធិបតេយ្យនៃប្រទេសនេះផងដែរ។

        បម្រែបម្រួលទាំងអស់ខាងលើ បានបញ្ជាក់នូវទស្សនៈរបស់មជ្ឈដ្ឋានអ្នកវិភាគដែលចាត់ទុកថា រដ្ឋសភាអាមេរិកមានអាកប្បកិរិយាដ៏អវិជ្ជមានចំពោះរុស្ស៊ី។ សម្បីតែ គេអាចទប់ស្កាត់ការអនុវត្តកិច្ចព្រមព្រៀងដែលលោក Trump សម្រេចបានជាមួយរុស្ស៊ី។

        ដោយហេតុនេះ វាដូចជាឆាប់ពេក ដើម្បីមានសុទិដ្ឋិនិយមអំពីគម្រោងសហប្រតិបត្តិការរវាងអាមេរិកនិងរុស្ស៊ីនាពេលខាងមុខ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ជំនួបកំពូលរវាងលោក Putin និងលោក Trump នៅជាការបោះជំហានចាំបាច់ដើម្បីកសាងទំនុកទុកចិត្តរវាងរុស្ស៊ីនិងអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ