ការចរចាដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖ វឌ្ឍនភាពវិជ្ជមាន

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដំណើរការចរចាដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (ត្រូវបានគេស្គាល់ដល់ថាជាផែនការសកម្មភាពរួមទូលំទូលាយ JCPOA ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥) សម្រេចបានវឌ្ឍនភាពខ្លះ ហើយទន្ទឹមនឹងនោះ ទទួលបានកម្លាំងចលករថ្មីគួរឱ្យកត់សម្គាល់។ ឱកាសដើម្បីឈានដល់ការឯកភាពចុងក្រោយដើម្បីបន្តការប្រតិបត្តិ JCPOA ត្រូវបានគេចាត់ទុកថា ស្ថិតក្នុងកម្រិតខ្ពស់។

ការចរចាដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖ វឌ្ឍនភាពវិជ្ជមាន - ảnh 1កិច្ចចរចាស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ (រូបថត៖ Reuters)

កិច្ចខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់និងថ្មីបំផុតមួយក្នុងការស្តារឡើងវិញ JCPOA គឺដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៦ ខែមីនារបស់អ្នកសម្របសម្រួលនៃសហភាពអឺរ៉ុប (EU) លោក Enrique Mora សម្រាប់កិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទដែលដំណើរការចរចារវាងអ៊ីរ៉ង់និងក្រុម P5+1 (រួមទាំងអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់) មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈដែលភាគីទាំងពីរកំពុងសម្លឹងមើលគ្នាទៅវិញទៅមក ហើយចម្ងាយឈានដល់ការឯកភាពចុងក្រោយគឺ “រឹតតែជិតហើយ”។

កិច្ចព្រមព្រៀងសម្រេចបានវឌ្ឍនភាពសំខាន់ៗ

នៅក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយមុនពេលទៅដល់ប្រទេសអ៊ីរ៉ង់ភ្លាមនោះ អ្នកសម្របសម្រួល លោក Enrique Mora បានលើកច្បាស់ថា គោលដៅចម្បងនៃដំណើរទស្សនកិច្ចរបស់លោកគឺដើម្បី “បង្រួញគម្លាតសម្រាប់រាល់ការចរចានៅទីក្រុងវីយែន” រវាងអ៊ីរ៉ង់និងក្រុម P5+1 ព្រមទាំងបានសង្កត់ធ្ងន់ថា “ចាំបាច់ត្រូវបញ្ចប់ដំណើរការចរចានេះ”។ នៅក្នុងប្រទេសអ៊ីរ៉ង់វិញ អ្នកសម្របសម្រួលលោក Enrique Mora បានជួបប្រជុំជាបន្តបន្ទាប់ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian និងអ្នកចរចាកំពូល អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Ali Bagheri។

ទោះបីជាលទ្ធផលនៃការពិភាក្សាក្នុងប្រទេសអ៊ីរ៉ង់ របស់មន្ត្រីសហភាពអឺរ៉ុបមិនត្រូវបានប្រកាសក៏ដោយ ប៉ុន្តែអ្នកវិភាគមកពីទាំងអឺរ៉ុបនិងអ៊ីរ៉ង់សុទ្ធតែបានចាត់ទុកថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់សម្រាប់ភាគីក្នុងការបង្រួញគម្លាតដែលនៅសេសសល់ មុនពេលឈានដល់ការឯកភាពចុងក្រោយ។ ប្រការគួរឲ្យកត់សម្គាល់គឺ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានផ្សព្វផ្សាយភ្លាមៗ បន្ទាប់ពីភាគីពាក់ព័ន្ធបានធ្វើការបញ្ចេញមតិវិជ្ជមានជាច្រើនអំពីដំណើរការចរចានៅទីក្រុងវីយែន (អូទ្រីស)។ ជាក់ស្តែង រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានប្រកាសកាលពីថ្ងៃទី ២៣ ខែមីនាថា គ្រប់ភាគីពាក់ព័ន្ធក្នុងការចរចាជិតឈានដល់កិច្ចព្រមព្រៀងដើម្បីបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឡើងវិញហើយ។ នៅថ្ងៃដដែល ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan ក៏បានបញ្ជាក់ដែរថា កិច្ចចរចារលើការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរសម្រេចបានវឌ្ឍនភាពសំខាន់។ ពីរថ្ងៃមុននេះ អ្នកនាំពាក្យសេតវិមាន Ned Price បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនជាស្រេចដើម្បីដាក់ចេញរាល់សេចក្តីសម្រេចដ៏ពិបាក  ដើម្បីឈានដល់កិច្ចព្រមព្រៀងស្ដារ JCPOA។

ការចរចាដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖ វឌ្ឍនភាពវិជ្ជមាន - ảnh 2បេសកជនពិសេសរបស់សហភាពអឺរ៉ុបទទួលបន្ទកសម្របសម្រួលកិច្ចពិភាក្សាស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ លោក Enrique Mora (រូបថត៖ AFP/TTXVN)

នៅតែត្រូវការការខិតខំប្រឹងប្រែងបន្ថែមទៀត

អាចត្រូវបានមើលឃើញថា ដំណើរការចរចាដើម្បីស្ដារ JCPOA កំពុងអំណោយផល ក្នុងនោះ សំនាន់បំផុតគឺការប្តេជ្ញាចិត្តនយោបាយខ្ពស់របស់ភាគីនានា ជាពិសេសអាមេរិក និងអ៊ីរ៉ង់។ យោងតាមក្រុមអ្នកវិភាគ ក្នុងបរិបទភូមិសាស្ត្រនយោបាយពិភពលោកដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន ការឈានដល់កិច្ចព្រមព្រៀងស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់កាន់តែចាំបាច់ និងមានអត្ថន័យសម្រាប់ភាគីទាំងអស់។ សម្រាប់សហរដ្ឋអាមេរិក ការឈានដល់កិច្ចព្រមព្រៀងមួយអាចនាំមកនូវផលប្រយោជន៍ពីរ ពោលគឺបង្កើតសមិទ្ធផលគោលនយោបាយការបរទេសដ៏មានអត្ថន័យសម្រាប់ប្រធានាធិបតី Joe Biden និងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនាពេលខាងមុខ និងជួយ “បន្ថយកម្តៅ” នូវស្ថានភាពតម្លៃប្រេងឥន្ធនឡើងជណ្តើរក្នុងកម្រិតដែលមិនធ្លាប់មានតាំងពីមុនមក។ ដូច្នេះ ការទទួលបានសមិទ្ធផលគោល នយោបាយការបរទេសសំខាន់ៗ ក៏ដូចជាអាចគ្រប់គ្រងតម្លៃប្រេងឥន្ធនៈប្រកបដោយប្រសិទ្ធភាពនៅពេលនេះ នឹងពិតជានាំមកនូវ “ពិន្ទុល្អ” សម្រាប់អ្នកបោះឆ្នោតអាមេរិក។ ចំណែកអ៊ីរ៉ង់វិញ ការដកទណ្ឌកម្មដែលអូសបន្លាយអស់ជាច្រើនឆ្នាំមកហើយ តែងតែជាគោលដៅកំពូលដែលប្រទេសនេះចង់ឆ្ពោះទៅរក។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ២៧ ខែមីនា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian បាននិយាយជាថ្មីម្តងទៀតថា “ការទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចទាំងអស់ និងការដកទណ្ឌកម្ម” គឺជាអាទិភាពកំពូលសម្រាប់អ៊ីរ៉ង់។

ច្បាស់ណាស់ថា ឱកាសនិងកម្លាំងជំរុញសម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីស្ដារ JCPOA គឺកំពុងលេចឡើងជាស្រាប់។ ហើយចម្ងាយទៅការឯកភាពចុងក្រោយរវាងភាគីគឺមិនឆ្ងាយប៉ុន្មានទេ។ ទោះជាយ៉ាងនេះក្តី ស្ថាភាពជំពាក់ជំពិនជាក់ស្តែងថ្វីត្បិតតែមិនច្រើននិងមិនធំដំរវាងភាគីនានាក៏ដោយ ប៉ុន្តែនៅតែជាឧបសគ្គមិនងាយនឹងឆ្លងផុតឡើយ។ ជាពិសេសបញ្ហាកសាងទំនុកចិត្តរវាងអាមេរិកនិងអ៊ីរ៉ង់នៅតែត្រូវបានចាត់ទុកថាជារបាំងធំជាងគេ។ នៅក្នុងសេចក្តីប្រកាស កាលពីថ្ងៃទី ២៧ ខែមីនា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian បាននិយាយថា ការដែលសហរដ្ឋអាមេរិកមិនចេញសេចក្តីសម្រេចមានលក្ខណៈនយោបាយណាមួយ ដើម្បីដកចេញទណ្ឌកម្មដែលចងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ កំពុងរារាំងភាគីដែលចូលរួមចរចាឈានដល់កិច្ចព្រមព្រៀងរួម។ ខាងអាមេរិក ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បានព្រមានកាលពីថ្ងៃទី ២៥ ខែមីនាថា ការចរចានុយក្លេអ៊ែរ “នៅតែមានបញ្ហាខ្លះ” ហើយថា ក្រុងវ៉ាស៊ីនតោននឹងចូលរួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីបង្កើនសម្ពាធលើទីក្រុង Tehran ប្រសិនបើវិធានការការទូតត្រូវបរាជ័យ។

ការពិតនេះទាមទារឱ្យភាគីនីមួយៗ និងគ្រប់ភាគីពាក់ព័ន្ធនៅតែត្រូវខិតខំប្រឹងប្រែង និងបង្ហាញសុច្ឆន្ទៈកាន់តែខ្លាំង ទាំងនៅតុចរចា និងក្នុងសកម្មភាពជាក់ស្តែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ