ការផ្លាស់ប្តូរដំបូងអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតនិងការផ្លាស់ប្តូរឌីជីថលជាតិ
(VOVWORLD) - បន្ទាប់ពីរយៈពេល ៦ ខែនៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៥៧ របស់ការិយាល័យនយោបាយ (៥៧- NQ/TW) ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ វៀត ណាមបានកត់ត្រានូវការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ក្នុងការយល់ដឹង និងសកម្មភាពនៅក្នុងប្រព័ន្ធនយោបាយ។ ស្មារតីផ្លាស់ប្តូរថ្មីយ៉ាងច្បាស់លាស់ ហើយចំណុចកក់ស្ទះមួយចំនួន ទាក់ទងនឹងរបៀបរបបត្រូវបានជម្រះ ហើយឌីជីថលនីយកម្មនៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលធម្មតានៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥ (រូបថត៖ VGP/Nhat Bac) |
សេចក្តីសម្រេចចិត្តលេខ ៥៧ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ កំណត់ផ្លូវនៃការអភិវឌ្ឍ យ៉ាងឆាប់រហ័សនិងនិរន្តរភាពរបស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី ជាពិសេសក្នុងបរិបទដែលវៀតណាមកំពុងខិតខំបំពេញរាល់គោល ដៅនៃអាណត្តិ និងគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត ដែលបានដំណើរការជាផ្លូវការនៅតាមខេត្ត ក្រុងចំនួន ៣៤ ចាប់តាំងពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។
មូលដ្ឋានច្បាប់
នៅពាក់កណ្តាលខែមិថុនា គណៈកម្មាធិការដឹកនាំមជ្ឈិមទទួលបន្ទុកផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលបានចេញផ្សាយនិងអនុវត្តក្នុងពេលដំណាលគ្នានូវផែនការធំៗ ចំនួនពីរ៖ ផែនការលេខ ០១ ស្តីពីសកម្មភាពយុទ្ធសាស្ត្រដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ និងផែនការលេខ ០២ ស្តីពី “ការជំរុញការផ្លាស់ប្តូរឌីជីថលប្រកបដោយសមកាលកម្ម រហ័សនិងមានប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការនៃការរៀបចំក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយ”។ ទាំងនេះគឺជាផែនការពីរដែលបង្ហាញពីវិធីសាស្រ្តថ្មី ជាមួយនឹងចក្ខុវិស័យ បង្កើតទស្សនៈដឹកនាំជាក់ស្តែង។
ទន្ទឹមជាមួយគ្នានោះ រដ្ឋសភាបានអនុម័តលើច្បាប់សំខាន់មានលក្ខណៈមូលដ្ឋានចំនួនពីរគឺ៖ ច្បាប់ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; ច្បាប់ស្តីពីឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល។ រដ្ឋាភិបាលបានចេញផ្សាយនូវឯកសារច្បាប់សំខាន់ៗមួយចំនួន ក្នុងនោះ មានសេចក្តីសម្រេចចិត្ត ស្តីពីការកែទម្រង់បែបបទរដ្ឋបាលច្រកចេញចូលតែមួយ វិមជ្ឈការនិងវិសហមជ្ឈការ ស្របតាមគំរូនៃការរៀបចំយន្តការអាជ្ញាធរមូលដ្ឋានពីរកម្រិត។
រដ្ឋាភិបាលក៏បានផ្សព្វផ្សាយ បច្ចេកវិទ្យាយុទ្ធសាស្រ្ត ដោយកំណត់អត្តសញ្ញាណក្រុមបច្ចេកវិទ្យាចំនួន ១១ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិ។ បញ្ជីនេះបានផ្តោតលើទិសដៅត្រឹមត្រូវលើវិស័យបច្ចេកវិទ្យាសំខាន់ៗ។ ការជ្រើសរើសបច្ចេកវិជ្ជាទាំងនេះគឺស្របនឹងការស្រាវជ្រាវ ការអភិវឌ្ឍ សមត្ថភាពអនុវត្ត និងបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់វៀតណាម។
ទាក់ទិននឹងថវិកាសម្រាប់អនុវត្តសេចក្តីសម្រេចចិត្តនេះ ក្នុងកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំ នាថ្ងៃទី ៤ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា ថវិកាចំនួន ៣% នឹងត្រូវបែងចែកសម្រាប់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ កាលពីដើមខែមីនា លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលគ្រោងលៃទុកថវិការ ៤៤១ដុល្លាអាមេរិកពីប្រភពការបង្កើនប្រាក់ចំណូល និងសន្សំការចំណាយ ដើម្បីអភិវឌ្ឍន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ រដ្ឋាភិបាលក៏នឹងចំណាយធនធានជាច្រើនទៀតដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ ដូចជាការចេញមូលបត្របំណុល ការផ្ទេរប្រភពដើមទុន...។ នៅចុងខែឧសភា វិស័យធនាគារបានប្រកាសកញ្ចប់ឥណទានចំនួន ៥០០.០០០ ពាន់លានដុង (២,២ ពាន់លានដុល្លារ) ពីប្រភពដើមទុនរបស់ធនាគារចំនួន ២១ ជាមួយនឹងអត្រាការប្រាក់យ៉ាងតិច ១% សម្រាប់ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឌីជីថល។
សមិទ្ធិផលជាក់ស្តែង
ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៥៧ និងប្រព័ន្ធទទួលយកមតិកែលម្អ អនុសាសន៍ គំនិតផ្តួចផ្តើម ដំណោះស្រាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថលត្រូវបានដាក់ឱ្យដំណើរការ បង្កើតទំនាក់ទំនងរវាងបណ្តាប្រព័ន្ធ ហើយបានបង្កើតវេទិកាគ្រប់គ្រងជាជំហានដំបូង ដោយផ្អែកលើទិន្នន័យពេលវេលាជាក់ស្តែង។
ចំណុចលេចធ្លោមួយក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ គឺការចូលរួមរបស់សហគ្រាសបច្ចេកវិទ្យាក្នុងស្រុកធំៗ។ នេះគឺជាលក្ខណៈពិសេសថ្មី ដែលបង្ហាញថា សេចក្តីសម្រេចចិត្តមជ្ឈិម លេខ ៥៧នេះ មិនត្រឹមតែជាការងាររបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែបានរីកសាយភាយយ៉ាងពិតប្រាកដដល់សង្គម និងសហគមន៍អាជីវកម្ម បង្កើតចលនាសង្គមដ៏ធំមួយ បង្កើតធនធាន និងការលើកទឹកចិត្តសម្រាប់អនុវត្តការងារប្រកបដោយប្រសិទ្ធភាព។
ថ្លែងមតិក្នុងពិធីបើកការដ្ឋានសាងសង់របស់សម្ព័ន្ធក្រុមហ៊ុន បច្ចេកវិទ្យា CMC នៅទីក្រុងហាណូយ នាថ្ងៃទី ១ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានឲ្យដឹងថា៖ “យើងត្រូវតែលើកកម្ពស់គោលដៅរបស់ប្រទេសជាតិ; បង្កើតគំនិតល្អ ក្លាហានក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ; ត្រូវតែ "លឿននិងរឹងមាំ" នៅក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការផ្លាស់ប្តូរឌីជីថល។ ចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធបៃតង និងហេដ្ឋារចនាសម្ព័ន្ធឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ រួមចំណែកដល់ការកសាងរបៀបរបប ការបណ្តុះបណ្តាលធនធានមនុស្ស; ការផ្លាស់ប្តូរវិធីសាស្ត្រអភិបាលកិច្ច អភិវឌ្ឍន៍ប្រទេសជាតិ”។
ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គឺជាកត្តាសម្រេចកំណត់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ លទ្ធផលដែលសម្រេចបានក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ ក្នុងរយៈពេល ៦ ខែកន្លងមកនេះ គឺជាការប្រមូលផ្តុំនៃស្មារតីផ្លាស់ប្តូរប្រកបដោយការច្នៃប្រឌិតប្រព័ន្ធនយោបាយទាំងមូល ក៏ដូចជាការស្រុះចិត្តគំនិតរបស់ប្រជាជន។ ក្នុងរយៈពេល ៦ ខែកន្លងមកនេះ វៀតណាមនឹងផ្តោតលើការផ្លាស់ប្តូរ ឌីជីថល បង្កើតស្ពានដ៏សំខាន់មួយក្នុងគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត។ បង្ហើយជាស្រេចការសាងសង់ ដំណើរការ និងប្រើប្រាស់មជ្ឈមណ្ឌលទិន្នន័យជាតិ; លើកកម្ពស់ការតភ្ជាប់និងការចែករំលែកទិន្នន័យរវាងប្រព័ន្ធទិន្នន័យ និងប្រព័ន្ធព័ត៌មាន។ ក្រសួង វិស័យ និងតំបន់បន្តដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការគ្របដណ្តប់បណ្តាញ 5G ទូទាំងប្រទេស ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ការដាក់ពង្រាយអ៊ីនធឺណិតតាមផ្កាយរណប ដើម្បីបំពេញតម្រូវការសម្រាប់ការផ្លាស់ប្តូរឌីជីថលជាតិ៕