ការព្យាករណ៍មិនមានសុទិដ្ឋិនិយមសម្រាប់ពិភពលោកក្នុងឆ្នាំនេះ

(VOVWORLD) - ជាបន្តបន្ទាប់នៅក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំនេះ ពិភពលោកបានទទួលការព្យាករណ៍មិនមានសុទិដ្ឋិនិយមអំពីបរិយាកាសសន្តិសុខ ការប្រែប្រួលអាកាសធាតុ ក៏ដូចជាកំណើនសេដ្ឋកិច្ចក្នុងឆ្នាំនេះ។ ប្រការនេះបង្ហាញថា ការប្រែប្រួលជាសកលក្នុងប៉ុន្មានឆ្នាំកន្លងមកនៅតែជះឥទ្ធិពលយ៉ាងខ្លាំង។

កាលពីថ្ងៃទី ១០ ខែមករា វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានចេញផ្សាយ "របាយការណ៍ហានិភ័យសកលឆ្នាំ ២០២៤" ដោយលើកឡើងពីការគំរាមកំហែងជាច្រើនចំពោះសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចពិភពលោក ក្នុងនោះការគំរាមកំហែងក្រៅប្រពៃណីបានលេចឡើងជាជួរមុខ។

ការព្យាករណ៍មិនមានសុទិដ្ឋិនិយមសម្រាប់ពិភពលោកក្នុងឆ្នាំនេះ - ảnh 1បញ្ញាសិប្បនិម្មិត ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមហានិភ័យធំបំផុត។ (រូបថត៖ CCO)

បញ្ញាសិប្បនិមិត្តស្ថិតនៅកំពូលក្នុងចំណោមការគំរាមកំហែង

ដើម្បីធ្វើរបាយការណ៍ហានិភ័យសកលឆ្នាំនេះ ចាប់តាំងពីខែកញ្ញាឆ្នាំមុន WEF បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង Zurich ដើម្បីស្ទង់មតិអ្នកជំនាញស្រាវជ្រាវហានិភ័យសកល អ្នករៀបចំគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យនានាចំនួនជាង ១៤០០ នាក់ អំពីការព្រួយបារម្ភដ៏ធំបំផុតនៅលើពិភពលោកតាមការវាយតម្លៃរបស់ពួកគេ។ លទ្ធផលបានបង្ហាញថា "ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតដែលបណ្តាលមកពីបញ្ញាសិប្បនិម្មិត" ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមហានិភ័យធំបំផុតទាំង ១០ ដែលពិភពលោកប្រឈមមុខក្នុងឆ្នាំនេះ។ នាយកប្រតិបត្តិ WEF លោក Saadia Zahidi បានចែករំលែកថា៖

“ខ្ញុំគិតថាយើងចូលដល់ឆ្នាំនេះ ជាមួយនឹងយថាទស្សន៍ទុទិដ្ឋិនិយម។ ទាក់ទងនឹងយថាទស្សន៍ក្នុងរយៈពេលពី ២ ដល់ ១០ ឆ្នាំខាងមុខ យើងខ្ញុំចាត់ទុកថា ស្ថានភាពកាន់តែអាក្រក់ទៅៗ។ ប្រសិនបើវាយតម្លៃក្នុងរយៈពេល ២ ឆ្នាំខាងមុខ យើងខ្ញុំចាត់ទុកព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតដែលបណ្តាលមកពីបញ្ញាសិប្បនិម្មិត (AI) ជាហានិភ័យធំបំផុត”។

យោងតាមអ្នកជំនាញ WEF ថា ការដែល "ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតដែលបង្កឡើងដោយ AI" ត្រូវបានចាត់ថ្នាក់ថាជាហានិភ័យខ្ពស់បំផុត គឺមកពីការពិតដែលថា បច្ចេកវិទ្យានេះកំពុងរីកចម្រើន ហើយកំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងលើគ្រប់ទិដ្ឋភាពនៃជីវភាពនយោបាយ និងសង្គមពិភពលោក។ លើសពីនេះ ក្នុងឆ្នាំ ២០២៤ មនុស្សជិត ៣ ពាន់លាននាក់ ស្មើនឹងជិត ៥០% នៃចំនួនប្រជាជនពេញវ័យទូទាំងពិភពលោក នឹងចូលរួមបោះឆ្នោតនៅក្នុងការបោះឆ្នោតដោយមានអត្ថន័យសែនសំខាន់នៅប្រទេស និងតំបន់ជាច្រើនជុំវិញពិភពលោក ដូចជា៖ អាមេរិក រុស្ស៊ី ឥណ្ឌា អាហ្វ្រិកខាងត្បូង ម៉ិកស៊ិក សហភាពអឺរ៉ុប។ ដូច្នេះហើយ ហានិភ័យដែលបច្ចេកវិទ្យា AI ត្រូវបានប្រើប្រាស់ដើម្បីអនុវត្តន៍យុទ្ធនាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ សំដៅញុះញង់ផ្លូវចិត្តអ្នកបោះឆ្នោត និងបង្ខូចលទ្ធផលបោះឆ្នោត គឺមានលទ្ធភាពធំណាស់។

នៅពីក្រោយហានិភ័យទាក់ទងនឹង AI បញ្ហាផ្សេងៗទៀតដូចជា៖ អាកាសធាតុជ្រុលនិយម; ការបែកបាក់សង្គម; ជម្លោះប្រដាប់អាវុធរវាងបណ្ដាប្រទេស; អសន្តិសុខតាមអ៊ីនធឺណែត; កង្វះឱកាសសេដ្ឋកិច្ច; អតិផរណា; ការធ្វើចំណាកស្រុកដោយចាប់បង្ខំ; ការធ្លាក់ចុះសេដ្ឋកិច្ច និងការបំពុល គឺជាហានិភ័យដែលត្រូវបាន WEF វាយតម្លៃថា នឹងបង្កឡើងការគំរាមកំហែងដ៏ធំបំផុតចំពោះបរិយាកាសសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចពិភពលោក។

ការព្យាករណ៍មិនមានសុទិដ្ឋិនិយមសម្រាប់ពិភពលោកក្នុងឆ្នាំនេះ - ảnh 2ប្រធាន WEF លោក Borge Brende។ (រូបថត៖ AFP/VNA)

ប្រឈមមុខនឹងការពិតនោះ ប្រធាន WEF លោក Borge Brende បាននិយាយថា ជាងពេលណាៗទាំងអស់ ពិភពលោកត្រូវតែរៀនឡើងវិញពីរបៀបសហការគ្នាទៅវិញទៅមក ជាដំបូងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ រៀបចំដោយ WEF ដែលប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ (១៥-១៩ មករា) នៅទីក្រុង Davos (ប្រទេសស្វីស)៖

"យើងអាចឃើញថាកិច្ចសហប្រតិបត្តិការនៅលើពិភពលោកដើរបានថយក្រោយចាប់តាំងពីឆ្នាំ ២០១៦មក ហើយចាប់ពីឆ្នាំ ២០២០ វាពិតជាធ្លាក់ចុះ។ ចំនួនមនុស្សដែលត្រូវបោះចោលផ្ទះជារៀងរាល់ឆ្នាំបានកើនឡើងពី ៤០ លាននាក់ ដល់ ១១០ លាននាក់កាលពីឆ្នាំមុន។ យើងក៏បានឃើញការវាយប្រហារតាមអ៊ីនធឺណែត កើនឡើង ៤ ដងផងដែរ។ ដូច្នេះហើយ នៅ Davos យើងអញ្ជើញវាគ្មិនសមស្រប ដើម្បីអាចស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងបរិបទពោរពេញទៅដោយបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ”។

ការព្យាករណ៍ទុទិដ្ឋិនិយម

"របាយការណ៍ហានិភ័យសកល" ដែល WEF ទើបតែចេញផ្សាយបានឆ្លុះបញ្ចាំងពីនិន្នាការប្រុងប្រយ័ត្ន និងទុទិដ្ឋិនិយមដែលកំពុងគ្របដណ្ដប់លើរការព្យាករណ៍សេដ្ឋកិច្ចសង្គមសកលដែលអង្គការអន្តរជាតិជាច្រើនបាននាំចេញនៅដើមឆ្នាំនេះ។ មុននោះ នាថ្ងៃទី ៤ ខែមករា អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍ "យថាទស្សន៍សេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤" ដោយការធ្វើអត្ថាធិប្បាយថា ពាណិជ្ជកម្មសកលចុះខ្សោយ ថ្លៃដើមខ្ចីប្រាក់ខ្ពស់ បំណុលសាធារណៈខ្ពស់ ហើយភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើង ធ្វើឱ្យកំណើនសកលជួបប្រទះនឹងហានិភ័យក្នុងឆ្នាំនេះ។

យោងតាមអង្គការសហប្រជាជាតិ កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងសម្រេចបានត្រឹមតែ ២,៤% ប៉ុណ្ណោះ ធ្លាក់ចុះពីកម្រិត ២,៧% កាលពីឆ្នាំមុន។ ប្រទេសដែលមានទំហំសេដ្ឋកិច្ចធំៗដូចជា សហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប (EU) ជប៉ុន... សុទ្ធតែត្រូវបានព្យាករណ៍ថា នឹងមានស្នាដៃសេដ្ឋកិច្ចមិនសុទិដ្ឋិនិយម ដែលក្នុងនោះ មហាអំណាចសេដ្ឋកិច្ចលេខ ១ របស់ពិភពលោកគឺសហរដ្ឋអាមេរិកនឹងកើនឡើងត្រឹមតែ ១,៤% ក្នុងឆ្នាំនេះ ទាបជាងច្រើនបើធៀបនឹងអត្រាកំណើនកាលពីឆ្នាំមុនប្រហែល ២,៥% ។

ចែករំលែកមតិនោះ ធនាគារពិភពលោក (WB) នៅថ្ងៃទី ៩ ខែមករា ក៏បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ នឹងថយចុះក្នុងឆ្នាំទី ៣ ជាប់ៗគ្នា។ លោក Ayhan Kose អនុប្រធានសេដ្ឋវិទូ WB បានឲ្យដឹងថា៖

“សេដ្ឋកិច្ចសកលមានភាពធន់ជាស្ថាពរហើយ ទោះបីជាប្រឈមនឹងវិបត្តិជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែកំណើនសេដ្ឋកិច្ចសកលនៅតែបន្តធ្លាក់ចុះ។ ឆ្នាំនេះនឹងជាឆ្នាំទី ៣ នៃការធ្លាក់ចុះ ជាមួយនឹងកំណើនសកលដែលយើងព្យាករណ៍ថា នឹងស្ថិតនៅកម្រិត ២,៤% ។ ក្នុងឆ្នាំមុនគឺ ២,៦%។ លើសពីនេះទៅទៀត នៅមានហានិភ័យជាច្រើនទៀតដែលសេដ្ឋកិច្ចសកលត្រូវតែប្រឈមមុខផងដែរ”។

យោងតាមធនាគារពិភពលោក ប្រសិនបើមិនរាប់បញ្ចូលការធ្លាក់ចុះដោយសារជំងឺរាតត្បាត Covid-១៩ នោះ អត្រាកំណើនក្នុងឆ្នាំនេះត្រូវបានចាត់ទុកថា ខ្សោយបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៩ មក។ ជាមួយនឹងអត្រាកំណើននេះ ពិភពលោកនឹងមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីនាំចំនួនប្រជាជនកាន់តែកើនឡើងៗ រួចផុតពីភាពក្រីក្របានឡើយ។ យោងតាមធនាគារពិភពលោក នៅចុងឆ្នាំនេះ ប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ប្រហែលមួយភាគបួន និង ៤០% នៃបណ្តាប្រទេសដែលមានចំណូលទាបនឹងក្រីក្រជាងឆ្នាំ ២០១៩ មុនពេលកើតមានជំងឺរាតត្បាត Covid-១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ