ការពារសន្តិភាពពិភពលោក ក្រឡេកមើលពីការប្រយុទ្ធប្រឆាំងនឹងហ្វាស៊ីសនិយម
(VOVWORLD) - នៅថ្ងៃទី ៩ ខែឧសភាឆ្នាំ ១៩៤៥ ពោលគឺប៉ុន្មានថ្ងៃក្រោយពី កងកម្លាំងហ្វាស៊ីស របស់អ៊ីតាលីត្រូវទ័ពសម្ព័ន្ធមិត្តវាយបរាជ័យនោះ ពួកហ្វាស៊ីសអាល្លឺម៉ង់ក៏បានប្រកាសចុះចាញ់សម្ព័ន្ធមិត្ត។ ព្រឹត្តិការណ៍នេះបានកត់ សម្គាល់នូវការដួលរលំទាំងស្រុង របបហ្វាស៊ីសនិយមនៅអឺរ៉ុប ញាំងដល់ការដែលហ្វាស៊ីសជប៉ុនប្រកាសចុះចាញ់ នៅថ្ងៃទី ២ ខែកញ្ញា ក្នុងឆ្នាំដដែលនោះ ដែលបញ្ចប់ជាផ្លូវការនូវសង្គ្រាមលោកលើកទី ២ ហើយជ័យជម្នះបានទៅលើកម្លាំង ទ័ពសម្ព័ន្ធមិត្តទាំងស្រុង។
កងទ័ពក្រហមសូវៀតរីករាយចំពោះជ័យជំនះនៅប៊ែរឡាំង ដែលជាកន្លែងលាក់ខ្លួនចុងក្រោយរបស់ណាស៊ីអាល្លឺម៉ង់នាសង្គ្រាមលោកលើកទី ២ នៅថ្ងៃទី ៩ ខែឧសភាឆ្នាំ ១៩៤៥ (រូបថត៖ ទិន្នន័យអន្តរជាតិ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
ពួកហ្វាស៊ីសត្រូវបរាជ័យ ប្រទេសរាប់សិបត្រូវបានរំដោះ ហើយមនុស្សរាប់រយលាននាក់ត្រូវបានជួយសង្គ្រោះផងដែរ។ ជាមួយនឹងអត្ថន័យដ៏ពិសេសនោះ ថ្ងៃទី ៩ ឧសភាត្រូវបានប្រកាសទៅជា “ ទិវាជ័យជម្នះ” នៅក្នុងប្រទេសជាច្រើនលើទូទាំងពិភពលោក។
អំឡុងពេលជាង ៧ ទសវត្សបានកន្លងផុតទៅហើយ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ជ័យជម្នះរបស់សម្ព័ន្ធមិត្តនិងកងកម្លាំងស្រឡាញ់សន្តិភាព វឌ្ឍនភាពលើទូទាំងពិភពលោក នៅតែជាមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃ និងតែងតែរំលឹកដល់មនុស្សជាតិអំពីបេសកកម្មថែរក្សានិងការពារសន្តិភាពពិភពលោក។
មេរៀនប្រវត្តិសាស្ត្រពីសង្គ្រាមលោកលើកទី ២
ហេតុការណ៍ប្រវត្តិសាស្ត្រដែលត្រូវបានគេទទួលស្គាល់ជាទូទៅគឺថា សង្គ្រាមលោកលើកទី ២ ផ្តើមចេញពីជម្លោះដែលមិនអាចដោះស្រាយបានរបស់ចក្រពត្តិនិយម។ បណ្តាប្រទេសចក្រពត្តិដែលកំពុងរីកចម្រើន ដូចជាណាស៊ីអាល្លឺម៉ង់ (Nazi Germany) - ជប៉ុន - អ៊ីតាលី ដោយសារតែបាត់បង់ទីតាំងនៃអាណានិគមនិងទីផ្សារ បានបង្កើតសម្ព័ន្ធភាពហ្វាស៊ីស បង្កើតកងទ័ពរបស់ប្រទេសនីមួយៗ ទៅជា “ម៉ាស៊ីនឈ្លានពាន” ដើម្បីធ្វើសង្គ្រាមបែងចែកពិភពលោកឡើងវិញ។
ដើម្បីប្រឆាំងនឹងកងទ័ពហ្វាស៊ីស ទ័ពសម្ព័ន្ធមិត្តបានបង្កើតឡើងដោយសរសរគ្រឹះនៃមហាអំណាចទាំងបីគឺសហភាពសូវៀត សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស។ នៅឯកិច្ចប្រជុំកំពូល Yalya (នៅសូវៀត) នាខែកុម្ភៈឆ្នាំ ១៩៤៥ តាមសំណើររបស់ សហភាពសូវៀត មហាអំណាចទាំងបីបានឯកភាពគ្នានូវកិច្ចការរួមគឺ លុបបំបាត់ទាំងឬសគល់លទ្ធិហ្វាស៊ីសនិយមនិងយោធានិយម ដោយបង្កើតអង្គការមួយដើម្បីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ សម្ព័ន្ធមិត្តបានអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ៗ អំពីការបែងចែកឥទ្ធិពល រវាងមហាអំណាចនាំមុខពីរនៅលើពិភពលោក គឺសហភាពសូវៀតនិងសហរដ្ឋ អាមេរិកតែម្តង។ យ៉ាងណាមិញ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ក្នុងឆ្នាំ ១៩៤៦ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើង ដោយមានបេសកកម្មដ៏ធំបំផុតនោះគឺថែរក្សានិងការពារសន្តិភាពពិភពលោក។
ការពារសន្តិភាពពិភពលោក៖ បេសកកម្មនៃគ្រប់សម័យកាល
នៅក្នុងវេទិកា “ពិភពលោករំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយឧក្រិដ្ឋកម្មប្រល័យពូជសាសន៍” ដែលបានធ្វើឡើងនៅទីក្រុងហ្សេរុយសាឡឹម (ក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល) កាលពីដើមឆ្នាំ ២០២០នេះ ប្រធានាធិបតីរុស្ស៊ីលោក V. Putin បានដាក់ចេញនូវសំណើរជាគំនិតផ្តួចផ្តើមដើម្បីរៀបចំកិច្ចប្រជុំរវាងប្រមុខនៃប្រទេសសមាជិកអចិន្រ្តៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីសហការគ្នាដោះស្រាយការគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខពិភពលោក។មជ្ឈដ្ឋានអ្នកវិភាគអន្តរជាតិបានចាត់ទុកសំណើនេះថាជា “គំនិតផ្តួចផ្តើមអំពីកិច្ចប្រជុំ Yalta -២” ដោយប្រកបអត្ថន័យពីសារៈសំខាន់ពិសេសនៃព្រឹត្តិការណ៍អន្តរជាតិដែលអាចប្រមូលផ្តុំប្រមុខកំពូលនៃមហាអំណាចទាំងអស់នៅលើពិភពលោក ដែលស្រដៀងនឹងកិច្ចប្រជុំ Yalta ក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ដើម្បីបង្រួបបង្រួមសកម្មភាពនិងកិច្ចខិតខំប្រឹងប្រែងសម្រាប់ការពារសន្តិភាពពិភពលោក ប្រឆាំងនឹងបញ្ហាប្រឈមនិងការគំរាមកំហែងដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន។
គួរកត់សម្គាល់ថា មិនយូរប៉ុន្មានដែលសំណើរបស់ប្រធានាធិបតីរុស្ស៊ីបានដាក់ចេញនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានព្រមានថា ពិភពលោកកំពុងប្រឈមមុខនឹងការគំរាមកំហែងជាសកលយ៉ាងហោចណាស់ចំនួន ៤ គឺ ការកើនឡើងនៃកម្រិតប្រកួតប្រជែងភូមិសាស្ត្រ - យុទ្ធសាស្រ្តខ្ពស់បំផុតដែលមិនធ្លាប់មាន; ហានិភ័យនៃការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ; វិបត្តិនៃបម្រែបម្រួលកាសធាតុ; ស្ថានភាពនៃការបាត់បង់ទំនុកចិត្តចំពោះស្ថាប័ននយោបាយអន្តរជាតិ និងបញ្ហាប្រើប្រាស់បច្ចេក វិទ្យាថ្មីបំផុតនៅក្នុងសកម្មភាពឧក្រិដ្ឋកម្ម។ ក្នុងនោះ ការគំរាមកំហែងដំបូងគឺ “ការកើនឡើងនៃកម្រិតប្រកួតប្រជែងភូមិសាស្ត្រ-យុទ្ធសាស្ត្រ និងហានិភ័យនៃការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ” ត្រូវបានអ្នកវិភាគចាត់ទុកថា ជាការព្រួយបារម្ភជាពិសេស។ ចាប់តាំងពីចុងទសវត្សឆ្នាំ ១៩៩០ ប្រទេសជាសមាជិកអចិន្រ្តៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស បារាំងនិងចិន) បានឈប់ធ្វើជាម្ចាស់កម្មវសិទ្ធនុយក្លេអ៊ែរតែមួយគត់ឡើយ បន្ទាប់ពីសង្គ្រាមលោកលើកទី ២។ ក្រៅពីនោះ នៅឆ្នាំ ២០០២ សហរដ្ឋអាមេរិកបានដកខ្លួនជាឯកតោភាគីចេញពីសន្ធិសញ្ញាការពារមីស៊ីល ដែលបានចុះហត្ថលេខាជាមួយសហភាពសូវៀត (រុស្ស៊ី) និងជំរុញការដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់មីស៊ីលនៅអឺរ៉ុបនិងអាស៊ីបូព៌ា។ រហូតដល់ឆ្នាំ ២០១៩ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីសន្ធិសញ្ញា បណ្តាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ដែលបានចុះហត្ថលេខាជាមួយសហភាពសូវៀត (រុស្ស៊ី) នាឆ្នាំ ១៩៨៧ ព្រមទាំងបដិសេធមិនចរចាជាមួយរុស្ស៊ីអំពីការពន្យាសន្ធិសញ្ញាកំណត់ចំនួនអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដំណាក់កាលទី ៣ (START-III) ដែលនឹងផុតកំណត់នៅឆ្នាំ ២០២១។
ហេតុដូច្នេះហើយ មជ្ឈដ្ឋានអ្នកវិភាគបានលើកឡើងថា កិច្ចប្រជុំកំពូលអន្តរជាតិពិសេសដូចជា “កិច្ចប្រជុំ Yalta ឆ្នាំ ១៩៤៥” គួរតែត្រូវបានរៀបចំឡើង ដើម្បីពិភាក្សានិងស្វែងរកវិធានការសម្រាប់ទប់ស្កាត់ការត់រប្រណាំងអាវុធនុយក្លេអ៊ែរ ដែលជាការគំរាមកំហែងដល់សន្តិភាពពិភពលោក សូម្បីតែអាក្រក់ជាងលិទ្ធិហ្វាស៊ីសនិយមកាលពីមុននេះ។ ចេញពីមេរៀនប្រវត្តិសាស្រ្តក្នុងសង្គ្រាមប្រឆាំងនឹងហ្វាស៊ីសនិយម ប្រទេសជាច្រើន ជាពិសេសគឺ មហាអំណាច ចាំបាច់ត្រូវទុកចោលការខ្វែងគំនិតគ្នា ក៏ដូចជាជម្លោះនានា ដើម្បីរួមសហការ ខិតខំប្រឹងប្រែងធ្វើសកម្មភាពដើម្បីពិភពលោកមួយប្រកបដោយសន្តិភាពនិងសុវត្ថិភាព៕