(VOVWORLD) - នាថ្ងៃទី ១ ខែតុលា ពន្ធនាគារ និងមន្ទីរឃុំឃាំងបណ្ដោះអាសន្ននានា ក្នុងប្រទេសវៀតណាមបានរៀបចំការរួមបញ្ចូលជាមួយសហគមន៍ឡើងវិញសម្រាប់អ្នកដែលត្រូវបានលើកលែងទោសស្របតាមសេចក្តីសម្រេចរបស់ប្រធានរដ្ឋ។ នេះជាគោលនយោបាយសន្តោសប្រណីពិសេសរបស់រដ្ឋ ដែលប្រធានរដ្ឋបានសម្រេចដោះលែងពីពន្ធនាគារមុនកាលកំណត់សម្រាប់ជនដែលត្រូវកាត់ទោសដាក់ពន្ធនាគារមានកាលកំណត់ ឬដាក់ពន្ធនាគារអស់មួយជីវិត ក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃទិវាបុណ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៤) និងរំលឹកខួបលើកទី ៧០ ទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២៤)។
ការលើកលែងទោសឆ្នាំ ២០២៤ បានបញ្ជាក់ជាថ្មីម្តងទៀតនូវគោលនយោបាយសន្ដោសប្រណីរបស់បក្ស រដ្ឋ និងប្រពៃណីមនុស្សធម៌របស់ប្រជាជាតិវៀតណាមចំពោះអ្នកជាប់ទោស លើកទឹកចិត្តពួកគេឱ្យកែប្រែខ្លួននិងក្លាយជាមនុស្សមានប្រយោជន៍ដល់សង្គម។
គោលការណ៍ខ្ពស់បំផុតនៅពេលពិចារណាលើការលើកលែងទោសគឺការគោរពច្បាប់ជាគោល។ ក្នុងឱកាសនេះ ទណ្ឌិតដែលកំពុងជាប់ពន្ធនាគារជាង ៣៧០០នាក់ ត្រូវបានគេលើកលែងទោស។ ក្នុងនោះមានជនជាតិភាគតិចចំនួន៥៦១ នាក់ និងអ្នកទោសសញ្ជាតិបរទេសចំនួន២០នាក់។
នគរបាលនិងថ្នាក់ដឹកនាំខេត្ត Quang Ninh ប្រគល់សេចក្តីសម្រេចលើកលែងទោសឆ្នាំ ២០២៤ របស់ប្រធានរដ្ឋដល់ទណ្ឌិត ១៦ នាក់ដែលកំពុងជាប់ពន្ធនាគារ។
(រូបថត៖ Nong Thi Diep/VOV) |
នីតិវិធីម៉ត់ចត់ សាធារណៈ ប្រជាធិបតេយ្យ និងសត្យានុម័ត
ដើម្បីធានាថា ការងារលើកលែងទោសត្រូវបានអនុវត្តន៍តាមបែបប្រជាធិបតេយ្យ យុត្តិធម៌ និងប្រកបដោយសត្យានុម័ត អាជ្ញាធរបានចេញផ្សាយឯកសារណែនាំជាច្រើន និងរៀបចំការអនុវត្តផងដែរ។ ទន្ទឹមនឹងនោះ អាជ្ញាធរបានផ្ដល់ព័ត៌មានយ៉ាងសកម្ម នូវខ្លឹមសារទាំងអស់ទាក់ទងនឹងការងារលើកលែងទោសដល់ទណ្ឌិត ក៏ដូចជានៅលើប្រព័ន្ធផ្សព្វផ្សាយមហាជន។ លោកវរសេនីយ៍ឯក Ha Giang ឆ្មាំគុកនៃជំរុំឃុំឃាំងបណ្ដោះអាសន្ននគរបាលខេត្ត Quang Ninh បានឲ្យដឹងថា៖
“ការលើកលែងទោសលើកនេះ បានពង្រីកវិសាលភាពនៃមុខសញ្ញាដែលទទួលបានការលើកលែងទោស។ មន្ទីរឃុំឃាំងបណ្ដោះអាសន្ននគរបាលខេត្ត Quang Ninh បានផ្សព្វផ្សាយជាប្រចាំនូវព័ត៌មានថ្មីៗអំពីការងារលើកលែងទោស ហើយបង្ហោះជាសាធារណៈដល់ទណ្ឌិត។ ទណ្ឌិតយល់ច្បាស់អំពីគោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ ដូច្នេះពួកគេបានខិតខំកែលម្អខ្លួនឯងឲ្យបានល្អ ដើម្បីអាចទទួលបានការលើកលែងទោសលើកនេះ”។
ក្នុងពេលជាមួយគ្នានោះ ការពិចារណាលើសំណើសុំលើកលែងទោសចំពោះទណ្ឌិត ត្រូវបានអនុវត្តន៍តាមនីតិវិធីដ៏ម៉ត់ចត់ សាធារណៈ ប្រជាធិបតេយ្យ សត្យានុម័ត យុត្តិធម៌ តម្លាភាព ត្រូវនឹងមុខសញ្ញា និងលក្ខខណ្ឌតាមបទប្បញ្ញត្តិ។ ទណ្ឌិតទាំងអស់ត្រូវបានពិរចារណាដោយស្មើគ្មា មិនរើសអើងសញ្ជាតិ ជាតិសាសន៍ សាសនា ឬឋានៈសង្គមមុននឹងកាត់ទោស។ សំណុំឯកសារស្នើសុំការលើកលែងទោស ត្រូវបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់តាមកម្រិតជាច្រើន ដោយមានការចូលរួមពីស្ថាប័ន ភ្នាក់ងារមានសមត្ថកិច្ចជាច្រើន ហើយជាពិសេសការឃ្លាំមើលពីអង្គការសង្គម និងប្រជាជន។
កន្លែងបំពេញបែបបទសម្រាប់អ្នកដែលត្រូវបានលើកលែងទោស នៅពន្ធនាគារ Ninh Khanh (ខេត្ត Ninh Binh)។ (រូបថត៖ Minh Huong/VOV) |
ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីអាទិភាពនៃការធានានិងលើកកម្ពស់សិទ្ធិមនុស្ស
ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ជាមួយនឹងការលើកលែងទោសចំនួន ៩ ដង ប្រធានរដ្ឋបានសម្រេចដោះលែងពីពន្ធនាគារមុនកាលកំណត់សម្រាប់ទណ្ឌិតជាង ៩២ ពាន់នាក់ ដែលមានលទ្ធផលល្អក្នុងការសិក្សា កែប្រែខ្លួន និងធ្វើពលកម្ម។ ករណីជាច្រើន បន្ទាប់ពីទទួលបានការលើកលែងទោស វិលត្រឡប់ទៅគ្រួសារវិញ បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការងារ ផលិតកម្ម ធ្វើមានសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គម; ក្លាយជាស្នូលដែលចូលរួមយ៉ាងសកម្មក្នុងចលនាការពារសន្តិសុខនិងសណ្តាប់ធ្នាប់នៅមូលដ្ឋាន។ អត្រាមនុស្សដែលប្រព្រឹត្តបទល្មើសឡើងវិញ មានកម្រិតទាប ត្រឹមតែ ០,០៨% ប៉ុណ្ណោះ។ អនុប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Pham Thanh Ha មានប្រសាសន៍ថា៖
“ដោយសេចក្តីសម្រេចលើកលែងទោសរបស់ប្រធានរដ្ឋ មនុស្សរាប់ម៉ឺននាក់មានសេចក្ដីសប្បាយរីករាយ ដោយទទួលបានការសន្ដោសប្រណី វិលត្រឡប់ទៅជួបជុំគ្រួសារវិញមុនកាលកំណត់ ត្រៀមកសាងជីវិតឡើងវិញ។ ភាគច្រើននៃអ្នកដែលត្រូវបានលើកលែងទោស បានវិលត្រឡប់មកកន្លែងតាំងទីលំនៅ រក្សាលំនឹងជីវភាព និងធ្វើការដោយស្មោះត្រង់។ អត្រាអ្នកទទួលការលើកលែងទោសដែលប្រព្រឹត្តបទល្មើសឡើងវិញ មានកម្រិតទាបណាស់។ នោះគឺជាសញ្ញាសម្គាល់មនុស្សធម៌ដ៏ធំបំផុតនៃគោលនយោបាយលើកលែងទោស ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីអាទិភាពនៃការធានា និងលើកកម្ពស់សិទ្ធិមនុស្សក្នុងគ្រប់គោលជំហរ គោលនយោបាយរបស់បក្ស និងរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម”។
លើសពីនេះ នៅឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចលេខ ២២ ចុះថ្ងៃទី ១៧ ខែសីហា ស្តីពីការផ្តល់ឥណទានដល់ប្រជាពលរដ្ឋដែលបានបញ្ចប់ទោសជាប់ពន្ធនាគារ។ នេះគឺជាយន្តការឥណទានដំបូងដែលអនុញ្ញាតឲ្យមុខសញ្ញាចំនួនពីរក្រុមត្រូវបានខ្ចីទុន រួមមាន៖ មនុស្សដែលបានបញ្ចប់ការដាក់ពន្ធនាគារ និងមនុស្សដែលត្រូវបានលើកលែងទោស; គ្រឹះស្ថានផលិតកម្មនិងអាជីវកម្មដែលប្រើប្រាស់មនុស្សដែលបានបញ្ចប់ទោសជាប់ពន្ធនាគារ។ រហូតមកដល់ពេលនេះ មនុស្សដែលបានបញ្ចប់ទោសដាក់ពន្ធនាគារ និងមនុស្សដែលត្រូវបានលើកលែងទោស ចំនួនជាង ៦០០០ នាក់បានទទួលកម្ចីពីធនាគារគោលនយោបាយសង្គម ក្នុងចំនួនទឹកប្រាក់ជាង ៥០០ពាន់លានដុង (ជាង ២១លានដុល្លារអាមេរិក) ដើម្បីវិនិយោគអភិវឌ្ឍន៍ផលិតកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ រក្សាលំនឹងជីវភាព។
ការលើកលែងទោស គឺជាបទបញ្ញត្តិផ្លូវច្បាប់ដ៏សំខាន់មួយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយក៏ត្រូវបានធ្វើស្ថាប័នភាវូបនីយកម្មនៅក្នុងច្បាប់លើកលែងទោស និងឯកសារច្បាប់ជាច្រើនទៀត។ សេចក្តីសម្រេចលើកលែងទោសឆ្នាំ ២០២៤ របស់ប្រធានរដ្ឋ បានបញ្ជាក់ជាថ្មីម្តងទៀតនូវគោលជំហរ គោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សប្រកបដោយយុត្តិធម៌ និងសមធម៌សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ រួមទាំងអ្នកជាប់ពន្ធនាគារផងដែរ៕