ការស្តារផលិតកម្មនិងអាជីវកម្មឡើងវិញបន្ទាប់ពីព្យុះទីហ្វុង Yagi

(VOVWORLD) - ក្រសួងផែនការ និងវិនិយោគវៀតណាមបានធ្វើការប៉ាន់ប្រមាណថា ការខូចខាតដែលបណ្តាលមកពីព្យុះទីហ្វុង Yagi អាចបណ្ដាលឲ្យ GDP វៀតណាមក្នុងឆ្នាំនេះថយចុះ ០,១៥%។ ជិតមួយសប្តាហ៍បន្ទាប់ពីព្យុះ ការស្ដារផលិតកម្ម និងអាជីវកម្មឡើងវិញកំពុងត្រូវបានជំរុញយ៉ាងខ្លាំងក្លា ដើម្បីតាមទាន់នូវដំណើរការផលិតកម្មក្នុងពេលឆាប់ៗ ហើយខិតខំសម្រេចបានកំណើន ៧% ក្នុងឆ្នាំ២០២៤។

ការស្តារផលិតកម្មនិងអាជីវកម្មឡើងវិញបន្ទាប់ពីព្យុះទីហ្វុង Yagi - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញជាអធិបតីសន្និសីទអនឡាញអំពីការងារជម្នះពុះពារលើផលវិបាកដែលបណ្ដាលមកពីព្យុះទីហ្វុង Yagi នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា។ (រូបថត៖ VGP)

អញ្ជើញជាអធិបតីសន្និសីទអនឡាញអំពីការងារជម្នះពុះពារលើផលវិបាកដែលបណ្ដាលមកពីព្យុះទីហ្វុង Yagi នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានបញ្ជាឲ្យស្ដារផលិតកម្មនិងអាជីវកម្មឡើងវិញដោយខិតខំសម្រេចបានកំណើន ៧% ក្នុងឆ្នាំ២០២៤។

បណ្ដាមូលដ្ឋានបានស្តារផលិតកម្ម និងអាជីវកម្មឡើងវិញ

បន្ទាប់ពីព្យុះទីហ្វុង Yagi បានកន្លងផុតទៅ ទីក្រុង Hai Phong បានផ្តល់អាទិភាពដល់ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងបណ្តាញទូរគមនាគមន៍ដល់សួនឧស្សាហកម្មឡើងវិញ។ នៅក្នុងទីក្រុងបច្ចុប្បន្នមានសួនឧស្សាហកម្មចំនួន ១៤ កន្លែង។ រហូតមកដល់បច្ចុប្បន្ន សហគ្រាសទាំងអស់បានស្តារផលិតកម្មឡើងវិញជាស្ថាពរ។ កម្មករ កម្មការិនីបានវិលត្រឡប់ចូលធ្វើការវិញក្នុងលក្ខខណ្ឌការងារសុវត្ថិភាព។

ការស្តារផលិតកម្មនិងអាជីវកម្មឡើងវិញបន្ទាប់ពីព្យុះទីហ្វុង Yagi - ảnh 2សហគ្រាសប្រមាណ ៩០% នៅទីក្រុង Hai Phong បានបើកដំណើរការឡើងវិញ។ (រូបថត៖ VOV)

លោក Pan Xing Hua អគ្គនាយកក្រុមហ៊ុនចំកាត់ Global Material Handling ក្នុងសួនឧស្សាហកម្ម DEEP C ទីក្រុង Hai Phong បានឲ្យដឹងថា បន្ទាប់ពីព្យុះបានកន្លងផុតទៅ សហគ្រាសបានចាប់ផ្តើមធ្វើស្ថិតិ វាយតម្លៃការខូចខាត និងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធដើម្បីជំនះពុះពារលើផលវិបាក និងដាក់រោងចក្រឱ្យដំណើរការឡើងវិញក្នុងពេលឆាប់ៗ៖

“នៅព្រឹកថ្ងៃទី៩ ខែកញ្ញា អ្នកម៉ៅការទាំងអស់បានចុះទៅកន្លែងកើតហេតុ ដើម្បីវាយតម្លៃការខូចខាត រួមទាំងកំណត់កាលបរិច្ឆេទសម្រាប់ការជំនះពុះពារផងដែរ។ នៅរោងចក្រ យើងខ្ញុំក៏បានទិញក្រណាត់សម្រាប់គ្របលើឧបករណ៍ និងគ្រឿងចក្រ។ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ខាងសួនឧស្សាហកម្មក៏បានបើកភ្លើងឲ្យរោងចក្រវិញដែរ។ យើងខ្ញុំបានពិនិត្យថាមពលអគ្គិសនីរបស់ឧបករណ៍ ហើយផ្លុំវាឱ្យស្ងួត ទើបបើកដំណើរការឡើងវិញ”។

នៅខេត្ត Quang Ninh បន្ទាប់ពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយព្យុះទីហ្វុង Yagi អាជ្ញាធរទីក្រុង Ha Long (Quang Ninh) រួមជាមួយបណ្ដាសហគ្រាសនិងប្រជាជនបានស្តារសកម្មភាពទេសចរណ៍ឡើងវិញយ៉ាងឆាប់រហ័ស ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ។ គោលដៅទេសចរណ៍ កំពង់ផែ និងតំបន់ឆ្នេរក៏ត្រូវបានសម្អាតយ៉ាងឆាប់រហ័សផងដែរ ដែលជួយ Ha Long ត្រៀមខ្លួនជាស្រេចបើកទ្វារទទួលភ្ញៀវទេសចរចាប់ពីថ្ងៃទី ១៣ ខែកញ្ញា។ លោក Tran Van Hong ប្រធានសមាគមនាវាទេសចរណ៍ Ha Long មានប្រសាសន៍ថា៖

“ប្រតិបត្តិការអាជីវកម្មនាវាទេសចរណ៍ត្រូវបានបើកដំណើរការឡើងវិញហើយ។ នាវាមួយចំនួនដែលរងផលប៉ះពាល់លើឧបករណ៍បរិក្ខារ ក៏កំពុងធ្វើការជួសជុលជាបន្ទាន់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ម្ចាស់អាជីវកម្មក៏បានដោះស្រាយបញ្ហាយ៉ាងសកម្ម ដោយធានានូវឧបករណ៍បរិក្ខារ សោភ័ណភាព និងសុវត្ថិភាពដាច់ខាតសម្រាប់ភ្ញៀវទេសចរ”។

កិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាក្រសួងនិងផ្នែក

សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាម បាននិយាយថា រហូតមកដល់ពេលនេះ ខ្សែបញ្ជូនតង់ស្យុងមធ្យមជាង ១៥០០ ខ្សែ ដែលទទួលរងផលប៉ះពាល់ដោយសារខ្យល់ព្យុះនោះ ត្រូវបានស្តារឱ្យដំណើរការឡើងវិញ។ គេរំពឹងថាការងារជួសជុលនឹងបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខ។ លោក Vu Anh Phuong អគ្គនាយករងនៃសាជីវកម្មថាមពលអគ្គីសនីភាគខាងជើងបានមានប្រសាសន៍ថា៖

“ផ្នែកអគ្គិសនីមានការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីខិតខំស្តារបណ្តាញថាមពលអគ្គីសនីឡើងវិញក្នុងពេលឆាប់ៗនេះ និងផ្គត់ផ្គង់ថាមពលឡើងវិញដល់ខេត្ត Quang Ninh។ យើងខ្ញុំខិតខំស្តារបណ្ដាញថាមពលឡើងវិញជាស្ថាពរ ដើម្បីបម្រើដល់ផលិតកម្ម និងការប្រើប្រាស់នៅទូទាំងខេត្ត Quang Ninh ត្រឹមថ្ងៃទី ២០ ខែកញ្ញា”។

ក្នុងពេលជាមួយគ្នានោះ ធនាគាររដ្ឋបានស្នើឱ្យធនាគារពាណិជ្ជ បង្កកបំណុលជាបណ្តោះអាសន្ន ពន្យារពេលការសងបំណុល ឬកាត់បន្ថយអត្រាការប្រាក់... សម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយព្យុះ។ ធនាគារក៏ត្រូវផ្តល់ប្រាក់កម្ចីថ្មីយ៉ាងក្លាហានផងដែរ ដើម្បីឱ្យអាជីវកម្ម ប្រជាជន និងគ្រួសារមានដើមទុនថ្មីសម្រាប់ប្រតិបត្តិការ។ លោក Hoang Quang Phong អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបានវាយតម្លៃថា៖

“ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះការដឹកនាំដោយទាន់ពេលវេលារបស់ធនាគាររដ្ឋ។ នាពេលខាងមុខ ត្រូវបន្តរក្សាគោលនយោបាយនោះ និងមានកញ្ចប់ឥណទានថ្មី ដើម្បីឲ្យប្រជាជនអាចជំនួសឧបករណ៍ បរិក្ខារសម្រាប់ប្រតិបត្តិការផលិតកម្ម អាជីវកម្ម ហើយមានពេលវេលាគ្រប់គ្រាន់ដើម្បីឲ្យប្រជាជនធ្វើផលិតកម្មបានផលចំណេញ និងមានលក្ខខណ្ឌសម្រាប់សងបំណុល។ ប្រសិនបើរដ្ឋ និងប្រជាជនធ្វើការរួមគ្នា ខ្ញុំជឿជាក់ថា យើងនឹងជម្នះពុះពារលើការលំបាកនេះ ហើយអាចរក្សាបាននូវសន្ទុះកំណើនដ៏ល្អនាពេលខាងមុខ”។

ខេត្ត-ក្រុងភាគខាងជើងចំនួន ២៦ នៃប្រទេសវៀតណាមទើបតែទទួលរងផលប៉ះពាល់ពីព្យុះទីហ្វុង Yagi ដែលជាព្យុះខ្លាំងបំផុតនៅសមុទ្រខាងកើតក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។ ការខូចខាតខាងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិដែលបណ្ដាលមកពីខ្យល់ព្យុះគឺធ្ងន់ធ្ងរណាស់។ ការដែលបណ្ដាមូលដ្ឋាន ក្រសួង និងផ្នែកនានាបានរួមគ្នាស្តារផលិតកម្ម អាជីវកម្មជាបន្ទាន់ បន្ទាប់ពីព្យុះបានរួមចំណែកកាត់បន្ថយការខូចខាតដល់សេដ្ឋកិច្ចជាតិ រួមចំណែកដល់គោលដៅកំណើនក្នុងឆ្នាំ ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ