គំនិតផ្ដួចផ្ដើមកសាងពិភពលោកឡើងវិញឲ្យល្អប្រសើរជាង៖ ប្រែសេចក្តីប្រកាសក្លាយទៅជាសកម្មភាពជាក់ស្តែង

(VOVWORLD) - មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ (G7) នាពេលថ្មីៗនេះបានដាក់ចេញផែនការកសាងពិភព លោកឡើងវិញឲ្យល្អប្រសើរជាង (B3W) ក្នុងបំណងជួយឲ្យប្រទេសមានប្រាក់ចំណូលទាបនិងមធ្យម កសាងហេដ្ឋារចនាសម្ព័ន្ធ ហើយផ្គត់ផ្គង់ទំនាក់ទំនងភាពជាដៃគូប្រកបដោយ “តម្លៃ បទដ្ឋានខ្ពស់និងតម្លាភាព”។ ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងនេះកំពុងជួបប្រទះនឹងបញ្ហាប្រ ឈមជាច្រើន ដូច្នេះ តើផែនការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនឹងត្រូវបានអនុវត្តន៍នៅកម្រិតណានៅតែជាសំណួរមួយ។

គំនិតផ្ដួចផ្ដើមកសាងពិភពលោកឡើងវិញឲ្យល្អប្រសើរជាង៖ ប្រែសេចក្តីប្រកាសក្លាយទៅជាសកម្មភាពជាក់ស្តែង - ảnh 1មេដឹកនាំប្រទេស G7 ជួបប្រជុំនៅថ្ងៃទី ១១ ខែមិថុនា នៅទីក្រុង Cornwall ចក្រភពអង់គ្លេស  (រូបថត៖ G7 UK/Twitter)

ផែនការកសាងពិភពលោកឲ្យល្អប្រសើរជាង មានវិសាលភាពទូទាំងពិភពលោក ចាប់ពីតំបន់អាមេរិកឡាទីននិងការ៉ាបៀន រហូតដល់ទ្វីបអាហ្វ្រិកនិងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ សមាជិក G7 នីមួយៗនឹងមានទិសដៅភូមិសាស្ត្រខុសៗគ្នា ក៏ប៉ុន្តែជាទូទៅ គំនិតផ្ដួចផ្ដើមនេះនឹងគ្របដណ្ដប់ប្រទេសមានប្រាក់ចំណូលទាបនិងមធ្យមលើទូទាំងពិភពលោក។

ឆ្ពោះទៅកាន់ផែនការកសាងពិភពលោកឲ្យល្អប្រសើរជាង

ផែនការកសាងពិភពលោកឡើងវិញ ត្រូវបានប្រកាសនៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល G7 កាល ពីពាក់កណ្ដាលខែមិថុនាកន្លងទៅ ពោលគឺវាទទួលបានការមូលមតិគ្នាដោយពហុភាគី។ ការអភិវឌ្ឍមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធត្រូវបានចាត់ទុកថា ជាឆ្អឹងខ្នងនៃគម្រោង សំដៅបង្កលក្ខណៈសម្រាប់ខឿនសេដ្ឋកិច្ចកំពុងលេចចេញ និងជួយប្រទេសមានការអភិវឌ្ឍតិចតួច មានមធ្យោបាយដើម្បីកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ។ អ្វីៗគ្រប់យ៉ាងគឺពឹងផ្អែកលើគោលការណ៍៖ គម្រោងវិនិយោគទាំងអស់ត្រូវតែមានតម្លាភាព។ លើសពីនេះទៅទៀត ត្រូវមានកម្មវិធីដ៏សមស្របខាងហិរញ្ញវត្ថុ ជៀសវាងជំរុញប្រទេសក្រីក្រលង់ខ្លួនចូលជ្រៅក្នុងបំណុល។ វិស័យចំនួន៣ដែលត្រូវបានក្រុម G7 ពិចារណាផ្ដល់អាទិភាពដើម្បីជួយប្រទេសក្រីក្រនោះ គឺអាកាសធាតុ សុខាភិ បាល និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងនោះនឹងគោរពកិច្ចព្រមព្រៀងស្ដីពីអាកាសធាតុនិងបរិស្ថាន។

G7 បានសន្យាជំរុញរបៀបវារៈនេះ ដោយមានកិច្ចសហប្រតិបត្តិការរបស់ប្រទេសផ្សេងៗ ហើយសហការជាមួយដៃគូនានានៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) ក៏ដូចជាអង្គការអន្តរជាតិទាំងអស់ ដើម្បីធានាអនាគតមួយដ៏ភ្លឺស្វាងជាង បៃតងជាង សេរីភាពជាង សមភាពជាងនិងសុវត្ថិភាពជាង សម្រាប់មនុស្សនិងភពផែនដី។

ការអនុវត្តមិនងាយស្រួលទេ

ផែនការកសាងពិភពលោកឲ្យល្អប្រសើរជាង គឺជាដំណឹងល្អសម្រាប់ប្រទេសក្រីក្រ ប៉ុន្តែគិតត្រឹមពេលនេះមិនទាន់មានព័ត៌មានជាក់លាក់ជាច្រើននៅឡើយ។ ការអនុវត្តផែនការ B3W របស់ក្រុម G7 ជួបការលំបាកដោយសារប្រទេសសមាជិក G7 នៅតែកំពុងខិតខំប្រឹងប្រែងស្ដារឡើងវិញ ក្រោយវិបត្តិកូវីដ ១៩។ ការដែលអង់គ្លេសបានកាត់បន្ថយជំនួយបរទេស បានបង្ហាញឲ្យឃើញការលំបាកឧបសគ្គដែលប្រទេសនេះកំពុងប្រឈម ក៏ដូចជាការព្រួយបារម្ភអំពីលទ្ធភាពគៀងគរដើមទុនឲ្យបានគ្រប់គ្រាន់សម្រាប់រក្សាគំនិតផ្ដួចផ្ដើមនេះ ជាពិសេសក្នុងបរិបទដែលគម្រោងការណ៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធតែងទាមទារឲ្យមានប្រភពដើមទុនដ៏ធំមកពីតំបន់ឯកជននៃប្រទេសសមាជិក។ ដោយសារការលំបាកទាំងនេះ គម្រោងនានានៃផែនការ B3W ទំនងជានឹងមានវឌ្ឍនភាពដ៏យឺតយ៉ាវ។

គំនិតផ្ដួចផ្ដើមកសាងពិភពលោកឡើងវិញឲ្យល្អប្រសើរជាង៖ ប្រែសេចក្តីប្រកាសក្លាយទៅជាសកម្មភាពជាក់ស្តែង - ảnh 2នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson (ខាងឆ្វេង) អង្គុយក្បែរប្រធានាធិបតីអាមេរិក Joe Biden ក្នុងអំឡុងកិច្ចប្រជុំ G7 នៅថ្ងៃទី ១១ ខែមិថុនា (រូបថត៖ REUTERS)

ចំពោះភាគីអាមេរិកវិញ វ៉ាស៊ីនតោណបានបង្កើតថវិកាមួយសម្រាប់ជួយទ្រទ្រង់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសក្រីក្រ ហើយរដ្ឋបាលរបស់លោក Biden កំពុងចលនារដ្ឋសភាអនុញ្ញាតឲ្យបង្កើនថវិកានេះបន្ថែមទៀត។ សេចក្ដីជូនដំណឹងពីសេតវិមានបានបញ្ជាក់ថា៖ “ក្រៅពីថវិការាប់ពាន់លានដុល្លាអាមេរិកដែលត្រូវបានគៀងគរដើម្បីជួយឧបត្ថម្ភដល់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៅឯបរទេសតាមរយៈឧបករណ៍ទ្វេភាគីនិងពហុភាគីដែលមានស្រាប់នោះ យើងខ្ញុំនឹងធ្វើការជាមួយរដ្ឋសភាដើម្បីបង្កើនឧបករណ៍ហិរញ្ញវត្ថុអភិវឌ្ឍរបស់ខ្លួន ដោយមានបំណងថា រួមជាមួយតំបន់ឯកជន ភាគីពាក់ព័ន្ធនានារបស់អាមេរិក និងដៃគូនានារបស់ G7 និង B3W នឹងពន្លឿនថវិការាប់រយពាន់លានដុល្លាអាមេរិកដើម្បីវិនិយោគចូលក្នុងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសមានប្រាក់ចំណូលទាបនិងមធ្យមក្នុងប៉ុន្មានឆ្នាំខាងមុខ”។

ចំពោះប្រទេសកំពុងអភិវឌ្ឍ និងប្រទេសមានប្រាក់ចំណូលទាប ដែលមានបំណងចង់ចូលរួមគម្រោងនេះ ទំនងជាត្រូវទទួលយកលក្ខខណ្ឌពាក់ព័ន្ធនានាដល់ សិទ្ធិមនុស្ស ការប្រែប្រួលអាកាសធាតុ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងបទបញ្ញត្តិគតិយុត្តផ្សេងៗទៀត។ នេះក៏ត្រូវបានចាត់ទុកថា ជាបញ្ហាប្រឈមចំពោះក្រុម G7 ផងដែរ នៅពេលចង់អូសទាញឲ្យប្រទេសជាច្រើនចូលរួមគម្រោង។

ការដែល G7 ដាក់ចេញ ផែនការកសាងពិភពលោកឲ្យល្អប្រសើរជាង គឺជាគោលដៅពោរពេញទៅដោយមហិច្ឆតា ពីព្រោះថាវាមិនត្រឹមតែជាឧបករណ៍មួយអំពីសេដ្ឋកិច្ច-ការអភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាប្រកួតប្រជែងយុទ្ធសាស្ត្រទៀតផង។ ប៉ុន្តែ ដើម្បីអនុវត្តបានផែនការនេះ ពិតជាមិនងាយស្រួលទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ