គ្មានអ្វីដែលអាចបដិសេធសមិទ្ធផលបដិវត្តន៍របស់ប្រជាជាតិវៀតណាមបានឡើយ

(VOVWORLD) - នាខែសីហារយៈពេល៧៣ឆ្នាំមុននេះ មោទនភាពជាតិបានរីកសាយភាយ យ៉ាងខ្លាំងក្លានៅគ្រប់កន្លែងនៃប្រទេសវៀតណាម បន្ទាប់ពីប្រទេសជាតិរួចផុត ពីរបបទាសករ។ ចាប់ពីនោះមក ប្រជាជន វៀតណាមមានសេរីភាព ឯករាជ្យ ដើម្បីស្ថាបនាមាតុប្រទេស ស្ថាបនាស្រុកកំណើតនិងកសាងក្រុមគ្រួសារយ៉ាង កក់ក្ដៅ។ នាពេលបុណ្យឯករាជ្យជាតិមកដល់ម្ដងៗ ប្រជាពលរដ្ឋវៀតណាម ម្នាក់ៗជានិច្ចកាលមាន មោទនៈភាពយ៉ាងខ្លាំងចំពោះរាល់សមិទ្ធិផលក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស ក៏ដូចជាចំពោះប្រទេសវៀតណាមមួយ ដែលកាន់តែអភិវឌ្ឍន៍ដោយចីរភាពនិងធ្វើសមាហរណកម្មពីមួយថ្ងៃទៅមួយថ្ងៃ ផងដែរ។

នាខែសីហាឆ្នាំ១៩៤៥ ប្រជាជនវៀតណាមបានអនុវត្តន៍ប្រកបដោយជោគជ័យបដិវត្តន៍ខែសីហា ដែលកំទេចចោលនឹមត្រួតត្រានៃរបបអាណានិគមនិយមនិងសក្ដិភូមិ បើកយុគសម័យថ្មីសម្រាប់ប្រជាជាតិទាំងមូល។ នោះគឺជាលទ្ធផលនៃដំណើរការតស៊ូបដិវត្តន៍ដ៏យូរអង្វែង ពោរពេញទៅដោយការលំបាកលំបិនប៉ុន្តែអង់អាចក្លាហានរបស់ប្រជាជនវៀតណាម ក្រោមការដឹកនាំយ៉ាងឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាមនិងលោកប្រធានហូជីមិញ។ ជ័យជំនះនេះមិនត្រឹមតែមានអត្ថន័យចំពោះប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមវិភាគទានដ៏ធំធេងទៅក្នុងចលនាបដិវត្តន៍ប្រជាធិបតេយ្យលើទូទាំងពិភពលោកទៀតផង។

        សមិទ្ធផលអភិវឌ្ឍរបស់វៀតណាមផ្ដើមចេញពីការធ្វើពលកម្មរបស់ប្រជាជនក្រោមការដឹកនាំរបស់បក្ស

        ក្រោយពីឆ្លងកាត់ពុះពារសង្គ្រាមប្រឆាំងសត្រូវឈ្លានពាននិងរយៈពេល៣០ឆ្នាំនៃការផ្លាស់ប្ដូរថ្មីមក ប្រទេសវៀតណាមបានដណ្ដើមជ័យជំនះដ៏ធំធេង មានអត្ថន័យប្រវត្តិសាស្ត្រលើគ្រប់វិស័យចាប់តាំងពីវិស័យនយោបាល សេដ្ឋកិច្ច វប្បធម៌សង្គម សន្តិសុខការពារជាតិ រហូតដល់វិស័យកសាងបក្ស កសាងរដ្ឋនីតិបញ្ញត្តិសង្គមនិយម។ ប្រព័ន្ធនយោបាយនិងផែនមហាសាមគ្គីជាតិទាំងមូលត្រូវបានពង្រឹងនិងពង្រីក។ សភាពការណ៍នយោបាយសង្គមមានស្ថិរភាព ហើយសន្តិសុខការពារជាតិក៏ត្រូវបានរក្សាយ៉ាងរឹងមាំដែរ។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ  លក្ខណៈប្រជាធិបតេយ្យក្នុងសង្គមត្រូវបានពង្រីក វប្បធម៌សង្គមមានការអភិវឌ្ឍដោយឥតឈប់ ឈរ។ ពីប្រទេសមួយដែលគ្មានឈ្មោះលើផែនទីអន្តរជាតិនោះ រហូតមកដល់ពេលនេះ វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសប្រមាណជាង១៨០នៅគ្រប់ទ្វីប។ វៀតណាមក៏ចូលរួមក្នុងអង្គការ យន្តការថ្នាក់តំបន់និងអន្តរជាតិសឹងតែទាំងអស់ ហើយជាសមាជិកមានការទទួលខុសត្រូវក្នុង សហគមន៍អន្តរជាតិ។ ទាំងអស់នោះគឺជាភស្តុតាងអំពីតំលៃដែលបដិវត្តន៍ខែសីហាបាននាំមកជូន ព្រមទាំងជាភស្តុតាងគួរឲ្យបញ្ចុះបញ្ចូលបំផុត ដើម្បីច្រានចោលល្បិចកលមូលបង្កាច់ទាំងអស់ដែលបដិសេធតួនាទី របស់បក្សកុម្មុយនិស្តវៀតណាមក្នុងការដឹកនាំប្រទេសជាតិទទួលបានការអភិវឌ្ឍដូចសព្វថ្ងៃ។

        ជាងនរណាទាំងអស់ ប្រជាជនវៀតណាមជាអ្នកយល់ដឹងច្បាស់អំពីតំលៃនិងអត្ថន័យដ៏ធំធេងនៃបដិវត្តន៍ខែសីហាចំពោះជោគវាសនារបស់ប្រជាជាតិ។ បដិវត្តន៍ខែសីហាគឺជាការផ្ដុំមកនៃកម្លាំងជាតិ កម្លាំងសម័យ កម្លាំងនៃផែនមហាសាមគ្គីជាតិ ព្រមទាំងជាការបង្ហាញយ៉ាងច្បាស់លាស់បំផុតនៃស្មារតីស្នេហាជាតិ ចំណងសាមគ្គីភាពឯកភាពក្នុងប្រជាជន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាមនិងលោកប្រធានហូជីមិញ។ ការបដិសេធតម្លៃនៃបដិវត្តន៍ខែសីហា បដិសេធសមិទ្ធផលរបស់វៀតណាម គឺជាការបដិសេធពលីកម្មនិងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងនិងការពារមាតុប្រទេសរបស់ប្រជាជនវៀតណាមជាច្រើនជំនាន់តាំងពីមុនមក។

        សេចក្ដីស្នេហាជាតិនិងផែនមហាសាមគ្គីជាតិទាំងមូលមិនដែលផ្លាស់ប្ដូរឡើយ

        ប្រជាពលរដ្ឋវៀតណាមស្នេហាជាតិគ្រប់រូបសុទ្ធតែយល់ច្បាស់ថា  ការអំពាវនាវឲ្យធ្វើបាតុកម្មនាទិវាបុណ្យជាតិថ្ងៃទី២ខែកញ្ញាជាប្រចាំឆ្នាំ មិនមែនជាការអំពាវនាវដ៏ល្អប្រសើរឡើយ តែនោះគឺជាការបោកប្រាស់ ការញុះញង់តែប៉ុណ្ណោះសំដៅរាំងស្កាត់ការអភិវឌ្ឍរបស់ប្រទេសជាតិ និងបង្ខូចលើរូបភាពនៃប្រទេសវៀតណាមមួយប្រកបដោយសុខសន្តិភាព រួសរាយរាក់ទាក់ និងសុវត្ថិភាពក្នុងភ្នែកភ្ញៀវទេសចរនិងមិត្តភក្តិអន្តរជាតិ។ រាល់ឧបាយកលអំពាវនាវឲ្យធ្វើបាតុកម្មទាំងនោះ នឹងទទួលរងបរាជ័យជាមិនខាននៅចំពោះមុខកម្លាំងពលំនៃផែនមហាសាមគ្គីជាតិទាំងមូល នៃភាពម្ចាស់ការដកបទពិសោធន៍ដោយទាន់ពេលវេលា ក្រោយពីឧបាយកលនានាដែលបានកើតមានឡើងនៅខេត្ត Binh Thuan និងខេត្តក្រុងផ្សេងមួយចំនួននាពេលកន្លងទៅ។

        អាជ្ញាធរតំបន់និងប្រជាពលរដ្ឋវៀតណាមទាំងមូល ជានិច្ចកាលរកឃើញដោយទាន់ពេលវេលា ចាត់ការយ៉ាងតឹងរឹង និងកំទិចចោលឧបាយកលទាំងអស់របស់កម្លាំងអមិត្តដែលចង់ប្រែក្លាយបណ្ដាញសង្គមទៅជាលំហរីកសាយភាយនិងញុះញង់ការធ្វបាតុកម្ម។ ប្រជាពលរដ្ឋវៀតណាមទាំងមូលនឹងសាមគ្គីគ្នាដើម្បីការពារសមិទ្ធផលនៃបដិវត្តន៍ខែសីហានិងបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិ នាបច្ចុប្បន្នជាដាច់ខាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ