ចក្រភពអង់គ្លេស - សហភាពអឺរ៉ុបបង្កើតទំនាក់ទំនងថ្មីក្រោយពី Brexit

(VOVWORLD) - មេដឹកនាំអង់គ្លេស និងសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី ១៩ ខែឧសភា បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនលើវិស័យការពារជាតិ-សន្តិសុខ ថាមពល និង ស្បៀងអាហារ ដែលគូសសញ្ញានូវការបង្កើតក្របខ័ណ្ឌទំនាក់ទំនងថ្មីដ៏ជិតស្និទ្ធជាងមុន បន្ទាប់ពីរយៈពេលប្រេះឆាដោយសារតែបញ្ហា Brexit និងក្នុងបរិបទដែលអឺរ៉ុបកំពុង ប្រឈមមុខនឹងបញ្ហាភូមិសាស្ត្រនយោបាយធំៗ។

កិច្ចព្រមព្រៀងរវាង EU និងចក្រភពអង់គ្លេសត្រូវបានចុះហត្ថលេខាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអង់គ្លេស-EU ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែឧសភានៅទីក្រុង ឡុងដ៍ ចក្រភពអង់គ្លេស។ នេះក៏ជាកិច្ចប្រជុំដ៏សំខាន់លើកដំបូងរវាងភាគីទាំងពីរនៅ លើទឹកដីអង់គ្លេស ចាប់តាំងពីការធ្វើប្រជាមតិឆ្នាំ ២០១៦ ដែលនាំឱ្យអង់គ្លេសចាក ចេញពី EU ឬហៅថា Brexit ផងដែរ។

ទំព័រថ្មីក្នុងទំនាក់ទំនងចក្រភពអង់គ្លេស-សហភាពអឺរ៉ុប

យោងតាមព័ត៌មានដែលបានប្រកាសដោយមេដឹកនាំសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ភាគីទាំងពីរបានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនបីស្តីពីការ ការពារជាតិ-សន្តិសុខ ពាណិជ្ជកម្មស្បៀងអាហារ និងថាមពល។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបញ្ជាក់ថា កិច្ចព្រមព្រៀងទាំងបីនេះនាំមកនូវអត្ថប្រយោជន៍ ដ៏ធំធេងដល់ចក្រភពអង់គ្លេស។ លើវិស័យសេដ្ឋកិច្ច កិច្ចព្រមព្រៀងថ្មីនឹងជួយទប់ស្កាត់ ការធ្លាក់ចុះនៃការនាំចេញរបស់ចក្រភពអង់គ្លេសទៅកាន់សហភាពអឺរ៉ុប (ធ្លាក់ចុះ ២១%) នៅក្នុងប៉ុន្មានឆ្នាំក្រោយ Brexit ហើយត្រូវបានគេរំពឹងថានឹងនាំមកជូនប្រទេស នេះប្រាក់ចំណូលប្រហែល ១២ ពាន់លានដុល្លារអាមេរិក។

វិវាទដែលគួរឱ្យកត់សម្គាល់បំផុតទាក់ទងនឹងកិច្ចព្រមព្រៀងនេសាទរយៈពេល ១២ ឆ្នាំ តាមនោះចក្រភពអង់គ្លេសនឹងអនុញ្ញាតឱ្យនាវានេសាទអឺរ៉ុបបន្តប្រតិបត្តិការនៅក្នុងដែនទឹកអង់គ្លេស។ ប្ដូរមកវិញ សហភាពអឺរ៉ុបនឹងកាត់បន្ថយបែបបទរដ្ឋបាល សម្រាប់កសិករ និងអ្នកនេសាទអង់គ្លេស នៅពេលនាំចេញទំនិញទៅកាន់ទីផ្សារសហ ភាពអឺរ៉ុប។ គណបក្សប្រឆាំងមួយចំនួននៅចក្រភពអង់គ្លេសបានរិះគន់កិច្ចព្រមព្រៀង នេះដោយបារម្ភថា វានឹងប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកនេសាទអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកសង្កេតការណ៍ នេះគឺជាការធ្វើសម្បទានគួរឲ្យកត់ សម្គាល់ និងចាំបាច់របស់ចក្រភពអង់គ្លេស ព្រមទាំងឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទស្សនៈ របស់ថ្នាក់ដឹកនាំប្រទេសនេះ បន្ទាប់ពីរយៈពេលដ៏លំបាកជាច្រើនឆ្នាំក្រោយ Brexit។ លោក David Henig អ្នកជំនាញគោលនយោបាយពាណិជ្ជកម្មរបស់ចក្រភព អង់គ្លេសនៅមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់សេដ្ឋកិច្ចនយោបាយអន្តរជាតិ (ECIPE) បាន ធ្វើអត្ថាធិប្បាយថា៖

"កិច្ចព្រមព្រៀងទាំងនេះពិតជាមានសារៈសំខាន់នៅក្នុងបរិបទ Brexit ពីព្រោះវា បង្ហាញថា ចក្រភពអង់គ្លេសកំពុងងាកចេញពីគំនិតនៃការកំណត់បទបញ្ញត្តិផ្ទាល់ខ្លួន ហើយទទួលយកថា EU ទីផ្សារជិតស្និទ្ធិបំផុតរបស់ខ្លួនដែលស្រូបយកចំនួន ៥០% នៃ ការផ្លាស់ប្ដូរពាណិជ្ជកម្មរបស់អង់គ្លេស គឺជាទីកន្លែងដែលចក្រភពអង់គ្លេសត្រូវសម្រប ខ្លួនជាមួយនឹងបទបញ្ញត្តិ"។

ចំណែកខាងសហភាពអឺរ៉ុបវិញ ការសម្រេចបានកិច្ចព្រមព្រៀងសំខាន់ៗជាមួយ ចក្រភពអង់គ្លេសក៏ត្រូវបានចាត់ទុកថាជាជ័យជម្នះដ៏ធំសម្រាប់ប្លុកនេះផងដែរ ព្រោះថាការដែលចក្រភពអង់គ្លេសទទួលយកបទប្បញ្ញត្តិជាច្រើនរបស់ EU បង្ហាញថា EU នៅ តែជាភាគីម្ចាស់ការ ក្នុងទំនាក់ទំនងថ្មីជាមួយចក្រភពអង់គ្លេសក្រោយពី Brexit។ ប្រធាន EC លោកស្រី Ursula von der Leyen បាននិយាយថា៖

"យើងកំពុងបើកជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងដ៏តែមួយគត់រវាងភាគីទាំងពីរ។ នេះគឺជារឿងរ៉ាវស្ដីពីដៃគូជាប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលបានប្រកៀកស្មាគ្នានៅលើ ឆាកអន្តរជាតិ ហើយប្រឈមមុខនឹងបញ្ហារួមគ្នា ឆ្ពោះទៅរកគោលដៅ និងចែករំលែក តម្លៃរួមគ្នាផងដែរ។ ហេតុដូច្នេះ យើងបានស្វែងរកដំណោះស្រាយដែលផ្តល់ផល ប្រយោជន៍ដល់ប្រជាជននៃភាគីទាំងពីរ។"

រួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ

លើសពីនេះទៀត ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែងសម្រាប់ភាគីទាំងពីរទិដ្ឋភាពមួយទៀតដ៏គួរឱ្យកត់សម្គាល់នៅក្នុងកិច្ចព្រមព្រៀងចក្រភពអង់គ្លេស-សហ ភាពអឺរ៉ុប គឺសន្តិសុខ និងការពារជាតិ នៅពេលដែលភាគីទាំងពីរបានយល់ព្រមលើ សន្ធិសញ្ញាសន្តិសុខ ការពារជាតិមួយ ដែលអនុញ្ញាតឱ្យចក្រភពអង់គ្លេសទទួលបាន មូលនិធិការពារជាតិចំនួន ១៤១ ពាន់លានដុល្លាររបស់សហភាពអឺរ៉ុប ព្រមទាំងក៏មាន កាតព្វកិច្ចរួមវិភាគទានហិរញ្ញវត្ថុដ៏សក្តិសមផងដែរ។ ក្នុងរយៈពេលវែង ចក្រភព អង់គ្លេសក៏អាចចូលរួមយ៉ាងសកម្ម និងទូលំទូលាយនៅក្នុងកម្មវិធី "បំពាក់អាវុធឲ្យអឺរ៉ុបឡើងវិញ" ដែលមានតម្លៃរហូតដល់ចំនួន ៩០៥ ពាន់លានដុល្លារអាមេរិក ដែលជាគំនិត ផ្តួចផ្តើមដែលប្រកាសដោយលោកស្រី Ursula von der Leyen នៅដើមខែមីនាកន្លង ទៅ។ នេះជាកាយវិកាយុទ្ធសាស្ត្រក្នុងបរិបទដែលទាំងចក្រភពអង់គ្លេស និងសហភាព អឺរ៉ុបកំពុងប្រឈមមុខនឹងបរិយាកាសភូមិសាស្ត្រនយោបាយពោរពេញដោយហានិភ័យនៅអឺរ៉ុប ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការផ្លាស់ប្តូរគោលនយោបាយកិច្ចការ បរទេសពីរដ្ឋអំណាចអាមេរិក។ លោកស្រី Olivia O'Sullivan នាយិកាសិក្សាចក្រភព អង់គ្លេសនៅកម្មវិធីពិភពលោក វិទ្យាស្ថាន Chatham House (អង់គ្លេស) បានធ្វើអត្ថា ធិប្បាយថា ការដែលសហរដ្ឋអាមេរិកកំពុងកាត់បន្ថយការសន្យាចំពោះអឺរ៉ុប បានបង្ខំឱ្យ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបត្រូវមានទំនាក់ទំនងកាន់តែជិតស្និទ្ធលើ ផ្នែកសន្តិសុខ។

"នេះគឺជាការផ្លាស់ប្តូរដ៏ធំនៅក្នុងគោលនយោបាយសន្តិសុខរបស់សហរដ្ឋអាមេរិក ហើយទាមទារឱ្យមានការឆ្លើយតបពីបណ្តាប្រទេសនៅអឺរ៉ុប មិនត្រឹមតែការចំណាយច្រើនបន្ថែមទៀតលើវិស័យការពារជាតិប៉ុណ្ណោះទេ ថែមទាំងត្រូវចំណាយរួមគ្នា រៀបចំ ផែនការរួមគ្នា ហើយគិតគូអំពីការចែករំលែកសមត្ថភាពការពារជាតិចាំបាច់ដើម្បី ការពារអឺរ៉ុបទៀតផង"។

ទន្ទឹមនឹងសន្ធិសញ្ញាសន្តិសុខ-ការពារជាតិជាមួយ EU រដ្ឋាភិបាលអង់គ្លេសនាពេល ថ្មីៗនេះ ក៏កំពុងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខដាច់ដោយឡែកជាមួយប្រទេស សំខាន់ៗក្នុងសហភាពអឺរ៉ុប ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍មីស៊ីល រយៈចម្ងាយឆ្ងាយរួមគ្នាជាមួយប្រទេសអាល្លឺម៉ង់ ឬរួមជាមួយបារាំងខិតខំប្រឹងប្រែង ដឹកនាំការបង្កើត "សម្ព័ន្ធភាពស្ម័គ្រចិត្ត" ដើម្បីរក្សាសន្តិភាពនៅអ៊ុយក្រែន ក្នុងករណី ដែលភាគីពាក់ព័ន្ធក្នុងជម្លោះសម្រេចបានបទឈប់បាញ់រយៈពេលវែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ