ឆ្នាំ២០១៧ ជាឆ្នាំបំបែកឯកត្តកម្មនៃការទាក់ទាញដើមទុន FDI ចូលមកវៀតណាម

(VOVWORLD) - ក្នុងឆ្នាំ២០១៧ ដើមទុនចុះបញ្ជីថ្មី ទុនបង្កើនបន្ថែមនិងការបណ្ដាក់ទុនទិញ ភាគហ៊ុនរបស់វិនិយោគិនបរទេស ចូលមកវៀតណាម គឺទទួលបានជិត៣៦ពាន់ លានដុល្លាអាមេរិក ហើយទុនអនុវត្តទទួលបានជិត២០ពាន់លានដុល្លាអាមេរិក។ 
ឆ្នាំ២០១៧ ជាឆ្នាំបំបែកឯកត្តកម្មនៃការទាក់ទាញដើមទុន FDI ចូលមកវៀតណាម - ảnh 1


នេះជាកម្រិតកំណើនខ្ពស់បំផុតនៃដើមទុនវិនិយោគដោយផ្ទាល់ពីបរទេសចូលមកវៀតណាម (FDI) ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ។

        ក្នុងឆ្នាំ២០១៧ វិនិយោគិនបរទេសបានបោះទុនចូលក្នុងវិស័យចំនួន១៩ ក្នុងនោះ វិស័យឧស្សាហកម្មកែឆ្នៃ បង្កបង្កើនផល មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយទាក់ទាញដើមទុនសរុបជិត១៦ពាន់លានដុល្លាអាមេរិក ស្មើនឹង៤៤%ដើមទុនចុះបញ្ជីសរុប។ បន្ទាប់នោះគឺវិស័យផលិតកម្ម ផ្គត់ផ្គង់អគ្គីសនី និងអចលនទ្រព្យ។ មានប្រទេសនិងតំបន់ដែនដីចំនួន១១៥បានមកបណ្ដាក់ទុននៅវៀតណាម។ ក្នុងនោះ ជប៉ុនឈរលំដាប់ថ្នាក់ទី១ដោយទុនវិនិយោគជាង៩ពាន់លានដុល្លា។ បន្ទាប់នោះគឺកូរ៉េខាងត្បូងនិងសឹង្ហបុរី។

        បរិយាកាសវិនិយោគជាកត្តាគន្លឹះសំរាប់ជោគជ័យរបស់វៀតណាម

        តាមលោក Do Nhat Hoang ប្រធាននាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការនិងវិនិយោគវៀតណាមថា មានមូលហេតុជាច្រើនដែលធ្វើឲ្យ FDI ឆ្នាំ២០១៧កើនឡើងយ៉ាងខ្លាំងបើប្រៀបនឹងឆ្នាំទៅមិញ ហើយហួសឆ្ងាយពីការព្យាករណ៍របស់អ្នកជំនាញការសេដ្ឋកិច្ចនោះគឺទាក់ទាញទុនចំនួន៣០ពាន់លានដុល្លា។ មូលហេតុទី១គឺបរិយាកាសធ្វើអាជីវកម្មត្រូវបានកែលំអ។ ក្រៅពីនោះ វៀតណាមត្រូវបានវាយតំលៃជាប្រទេសមានឧត្តមភាពក្នុងការទាក់ទាញទុនវិនិយោគ ដូចជាខឿននយោបាយស្ថិរភាព ចំនួនប្រជាជនច្រើន បរិមាណជនដែលមានអាយុធ្វើការធំធេង ជាដើម។ លោក Hirohide Sagara សហប្រធានសម្ព័ន្ធភាពវេទិកាសហគ្រាសវៀតណាមឆ្នាំ២០១៧ ចាត់ទុកថា៖

        “នាពេលកន្លងទៅ រដ្ឋាភិបាលវៀតណាមបានខំប្រឹងប្រែងជាច្រើនដើម្បីកែលំអបរិយាកាសធ្វើអាជីវកម្មនិងទាក់ទាញទុនវិនិយោគបរទេស។ សមាជិកចំនួន៥៦%នៃវេទិកាសហគ្រាសវៀតណាមបានវាយតំលៃថា វៀតណាមមានបរិយាកាសវិនិយោគល្អនិងមានលក្ខណៈងាយស្រួលជាច្រើន។ យើងខ្ញុំមានបំណងថា រដ្ឋាភិបាលវៀតណាមបន្តកែលំអជាច្រើនថែមទៀតអំពីបរិយាកាសធ្វើអាជីវកម្ម ពិសេសគឺផ្តោតសំខាន់ទៅលើល្បឿននិងប្រសិទ្ធភាព”។

        ឱកាសទាក់ទាញទុន FDI សំរាប់វៀតណាមនាអនាគត

        ក្នុងកាលៈទេសៈដែលប្រទេសជាច្រើនក្នុងតំបន់ជួបប្រទះនឹងអស្ថិរភាពនោះគឺវៀតណាមជាកន្លែងវិនិយោគគួរឲ្យទាក់ទាញបំផុត ដោយស្ថិរភាពខាងនយោបាយ សក្ដានុពលអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយបរិយកាសវិនិយោគត្រូវបានកែលំអដោយឥតឈប់ឈរ។ ជាពិសេស ការទទួលរៀបចំវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០១៧ ត្រូវបានចាត់ទុកជាឱកាសមាសដើម្បីវៀតណាមជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចជាមួយសមាជិកដទៃក្នុង APEC ក្នុងនោះមានការទាក់ទាញទុនវិនិយោគពីដៃគូជួរមុខរបស់វៀតណាមដូចជា ជប៉ុន កូរ៉េខាងត្បូង អាមេរិក ចិន ថៃ ជាដើម។

        លោក Robert E.Moritz ប្រធានសកលរបស់សម្ព័ន្ធក្រុមហ៊ុន Pricewaterhouse Coopers (PwC) អះអាងថា វៀតណាមនឹងជាឋានសួគ៍សំរាប់វិនិយោគិនក្នុងប៉ុន្មានឆ្នាំខាងមុខ។

        “ដូចប្រទេសផ្សេងៗលើពិភពលោកដែរ ដើម្បីក្លាយទៅជាឋានសួគ៍សំរាប់វិនិយោគិននោះ គឺវៀតណាមត្រូវបង្កើតឡើងដំណើរការទាក់ទាញដើមទុនដ៏ខ្លាំងក្លានិងគួរឲ្យចាប់អារម្មណ៍។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បរិយាកាសវិនិយោគនៅវៀតណាមត្រូវបានកែលំអគួរឲ្យកត់សម្គាល់ ហើយវិនិយោគិនបរទេសសុទ្ធតែសង្ឃឹមថា និន្នាការនេះនឹងបន្តទៀត។ ក្រៅពីនោះ វៀតណាមចាំបាច់ត្រូវបង្កើតឡើងស្ថិរភាពដ៏យូរអង្វែងអំពីច្បាប់វិនិយោគ ធ្វើអាជីវកម្ម ក៏ដូចជាធ្វើកំណែទម្រង់ផ្នែកពន្ធយ៉ាងទូលំទូលាយដែរ។ ប៉ុន្តែ ប្រការសំខាន់បំផុត ដែលវៀតណាមត្រូវធ្វើនោះគឺធានាប្រភពធនធានមនុស្សមានគុណភាព”។

        តាមការស្ទង់មតិរបស់ PwC ថា វៀតណាមស្ថិតនៅក្នុងចំណោមប្រទេសចំនួន៥ដែលបណ្ដា CEO APEC ចង់បោះទុនបំផុត។ ប្រការនេះត្រូវបានវាយតំលៃថា មានអត្ថន័យយុទ្ធសាស្ត្រក្នុងកាលៈទេសៈដែល ចំនួនប្រជាជនវៀតណាមកំពុងមានការផ្លាស់ប្ដូរធំ។ វៀតណាមកំពុងរក្សាបាននូវល្បឿនកំណើនសេដ្ឋកិច្ចដ៏ល្អ ហើយក្នុងប៉ុន្មានឆ្នាំកន្លងទៅ សេដ្ឋកិច្ចវៀតណាមជានិច្ចកាលប្រកបដោយស្ថិរភាព និងបង្កើតឡើងឱកាសធ្វើអាជីវកម្មគួរឲ្យទាក់ទាញជាច្រើនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ