ឆ្ពោះទៅរកប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព

(VOVWORLD) - នៅដើមសប្តាហ៍ក្រោយ (ថ្ងៃទី ២៤ មេសា) សន្និសីទ សកលលើកទី ៤ ស្តីពី ប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព - បណ្ដាញផែនដីតែមួយ របស់អង្គការសហ ប្រជាជាតិ នឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយរបស់វៀតណាម។ សន្និសីទនេះត្រូវបាន រៀបចំឡើងក្នុងគោលបំណងដាក់ចេញដំណោះស្រាយជាក់ស្តែងដើម្បីធ្វើឱ្យការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារអាចធ្វើទៅបាននៅថ្នាក់ជាតិ។

ឆ្ពោះទៅរកប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព - ảnh 1ទិដ្ឋភាពនៅសន្និសីទសារព័ត៌មានជូនដំណឹងអំពីសន្និសីទសកលលើកទី៤ស្ដីពីប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព។ (រូបថត៖ qdnd.vn)
ជំរុញកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីប្រព័ន្ធអាហារស្បៀងប្រកបដោយចីរភាព
ប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព គឺជាប្រព័ន្ធមួយដែលឆ្ពោះទៅរក គោលដៅសន្តិសុខស្បៀងអាហារនិងអាហារូបត្ថម្ភ របបអាហារដ៏ល្អសម្រាប់សុខភាព ព្រមទាំងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន និងកែលម្អសុខុមាលភាព សេដ្ឋកិច្ចសង្គម។ ប្រព័ន្ធនេះដើរតួនាទីយ៉ាងសំខាន់ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៧ របស់អង្គការសហ ប្រជាជាតិ។ ទោះជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ ការកសាងប្រព័ន្ធស្បៀង អាហារប្រកបដោយចីរភាពកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើនដោយសារតែការអាក់ខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ដែលបណ្ដាលមកពីជម្លោះយោធារុស្ស៊ី - អ៊ុយក្រែន ផលប៉ះ ពាល់នៃការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត; អស្ថិរភាពនយោបាយនៅប្រទេស មួយចំនួន ជាដើម។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសក្នុងវិស័យនេះ អង្គការសហ ប្រជាជាតិ រហូតមកដល់ពេលនេះ បានរៀបចំសន្និសីទសកលចំនួន ៣ លើក។ ដោយ ផ្ដោតលើការធ្វើសកម្មភាព បង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត គំនិតផ្តួចផ្តើមជាច្រើនត្រូវបានលើកឡើង និងបញ្ជាក់ពីប្រសិទ្ធភាព ក្រោយកិច្ចប្រជុំ ចំនួន ៣លើក។
នៅសន្និសីទសកលលើកដំបូង (ខែមិថុនា ឆ្នាំ ២០១៧) នៅអាហ្រ្វិកខាងត្បូង អង្គសន្និសីទបានឯកភាពលើការពង្រីកបណ្តាញប្រព័ន្ធស្បៀងអាហារប្រកបដោយ ចីរភាព (SFS) ដើម្បីមានភាគីពាក់ព័ន្ធចូលរួមកាន់តែច្រើនពីទ្វីបអាហ្រ្វិក និងអាស៊ី។ ក្រៅពីបទបង្ហាញ និងកិច្ចពិភាក្សានានា ប្រធានបទទូទៅមួយបានលេចចេញ។ នោះគឺភាពចាំបាច់នៃការផ្លាស់ប្តូរពីសម្ដីទៅសកម្មភាព ហើយបំផុសមនសិកា នយោបាយ ដើម្បីធានាបរិយាកាសនយោបាយកាន់តែប្រសើរឡើង។ នេះត្រូវបាន ចាត់ទុកថា ជាកត្តាគន្លឹះដើម្បីពន្លឿនការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធអាហារ។
សន្និសីទសកលលើកទីពីរ (ខែកុម្ភៈ ឆ្នាំ ២០១៩) នៅប្រទេសកូស្តារីកា បានឯក ភាពលើការអភិវឌ្ឍទម្រង់សហប្រតិបត្តិការតាមទិសដៅអំណោយផលសម្រាប់ប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព; ពង្រឹងចក្ខុវិស័យ និងការយល់ដឹងរួមក្នុងការ កសាងទំនុកចិត្ត និងការអភិវឌ្ឍសមត្ថភាព ជាពិសេសចំពោះមុខសញ្ញារស៊ើបនិង ងាយរងគ្រោះ។
នៅសន្និសីទលើកទី ៣ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ (ខែធ្នូ ឆ្នាំ ២០២០) មតិនានាបានយល់ព្រមថា ការអភិវឌ្ឍនៃប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព គឺជាចំណុចស្នូលដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំងអស់ ដូចជា៖ រួមចំណែកកាត់បន្ថយភាពក្រីក្រ បញ្ចប់គ្រោះអត់ឃ្លាន សម្រេចបានសន្តិសុខ ស្បៀងអាហារ និងកែលម្អអាហារូបត្ថម្ភ កែលម្អសុខភាព និងសុខុមាលភាពសង្គម ក៏ដូចជាជំរុញការងារប្រកបដោយចីរភាពផងដែរ។
នៅសន្និសីទសកលលើកទី ៤ នេះ (ចាប់ពីថ្ងៃទី ២៤-២៧ ខែមេសា) លោក Stefanos Fotiou នាយកការិយាល័យទទួលបន្ទុកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរ ភាពនៃអង្គការស្បៀងអាហារនិងកសិកម្មពិភពលោក និងជានាយកមជ្ឈមណ្ឌល សម្របសម្រួលប្រព័ន្ធស្បៀងអាហារនៃ អង្គការសហប្រជាជាតិ បានឲ្យដឹងថា គោល ដៅគឺផ្លាស់ប្តូរពីបញ្ហាប្រឈមទៅដំណោះស្រាយ។ អង្គសន្និសីទនឹងផ្លាស់ប្តូរការផ្ដោត ពីសំណួរ "ហេតុអ្វី" ទៅជា “ធ្វើយ៉ាងម៉េច" ដើម្បីធ្វើឱ្យការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ អាចធ្វើទៅបាននៅថ្នាក់ជាតិ។
វៀតណាម៖ សមាជិកដោយមានការទទួលខុសត្រូវចំពោះកិច្ចការសកល
មូលហេតុដែលអង្គការសហប្រជាជាតិជ្រើសរើសវៀតណាមធ្វើជាម្ចាស់ផ្ទះនៃ សន្និសីទលើកទី៤ គឺដោយសារឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ជាច្រើន វៀតណាម បានលេចចេញជាប្រទេសនាំចេញកសិផលធំទីពីរលើពិភពលោក។ កាលពីឆ្នាំមុន វៀតណាមបាននាំចេញកសិផលដែលមានតម្លៃ ៥៤ ពាន់លានដុល្លារអាមេរិក ហើយឆ្នាំនេះឆ្ពោះទៅរកគោលដៅ ៥៥ ពាន់លានដុល្លារ។ វៀតណាមជាប្រទេសដែលទទួលបានការវាយតម្លៃខ្ពស់ពីអង្គការសហប្រជាជាតិអំពីការទទួលខុសត្រូវផ្នែកស្បៀង អាហារចំពោះពិភពលោក។ វៀតណាមក៏មានបំណងចង់បង្ហាញសារស្ដីពីម៉ាកកសិកម្មរបស់ខ្លួនទៅកាន់ពិភពលោកថា “អ្នកផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយតម្លាភាព ទំនួលខុសត្រូវ និងចីរភាព” ផងដែរ។ ទន្ទឹមនឹងនោះ បង្ហាញថា វៀតណាមជាសមាជិក ដោយមានការទទួលខុសត្រូវចំពោះបញ្ហាសកល រួមទាំងសន្តិសុខស្បៀងអាហារ និងថាមពល ការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតដែលកំពុងលេចចេញ។
នៅសល់តែមិនដល់ ១០ ឆ្នាំទៀត គឺដល់ពេលបញ្ចប់របៀបវារៈឆ្នាំ ២០៣០ របស់ អង្គការសហប្រជាជាតិស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព ដែលគោលដៅចម្បងគឺការ កាត់បន្ថយភាពក្រីក្រ ហើយនាំពិភពលោកឆ្ពោះទៅរកសន្តិភាព វិបុលភាព និងឱកាស សមភាពសម្រាប់មនុស្សទាំងអស់គ្នា។ ការរៀបចំសន្និសីទសកលលើកទី៤ស្តីពីប្រព័ន្ធ ស្បៀងអាហារប្រកបដោយចីរភាព - បណ្តាញផែនដីតែមួយរបស់អង្គការសហប្រជាជាតិ នៅដើមសប្តាហ៍ក្រោយ គឺជាជំហានចាំបាច់មួយដើម្បីវៀតណាមរួមចំណែកដល់ការសម្រេចរបៀប វារៈឆ្នាំ ២០៣០ ព្រមទាំងជំរុញការរអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ