ជម្លោះនៅហ្គាហ្សាបង្កើនហានិភ័យដល់សេដ្ឋកិច្ចពិភពលោកដែរឬទេ

(VOVWORLD) - ជម្លោះរវាងអ៊ីស្រាអែល និងកងកម្លាំងហាម៉ាសនៅតំបន់ហ្គាហ្សា កំពុងបង្កើតអសន្តិសុខដល់ទីផ្សារពិភពលោក។ នាបច្ចុប្បន្ននេះ សេដ្ឋកិច្ចវិទូជាច្រើនបានវាយតម្លៃថា ជម្លោះត្រឹមតែជះប៉ះពាល់តិចតួចលើសេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះទេ  ប៉ុន្តែក្ដីបារម្ភថាពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរជាងនេះ ប្រសិនបើស្ថានការណ៍នៅតំបន់ហ្គាហ្សាឆ្លងផុតពីការគ្រប់គ្រង។
ជម្លោះនៅហ្គាហ្សាបង្កើនហានិភ័យដល់សេដ្ឋកិច្ចពិភពលោកដែរឬទេ - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅហ្គាហ្សាកាលពីថ្ងៃទី៧ ខែតុលា។ រូបថត៖ រ៉យទ័រ

ផលប៉ះពាល់តិចតូចក្នុងរយៈពេលខ្លី

ក្នុងសប្តាហ៍កន្លងទៅ  ក្តីបារម្ភអំពីជម្លោះនៅតំបន់ហ្គាហ្សាបានជះឥទ្ធិពលដល់តម្លៃនៃទ្រព្យសម្បត្តិជាច្រើនប្រភេទដោយបានជំរុញទីផ្សារភាគហ៊ុនធ្លាក់ចូលព័ណរ "ក្រហម" ជាមួយនឹងកូដភាគហ៊ុនសំខាន់ៗជាច្រើនបានធ្លាក់ចុះយ៉ាងខ្លាំងក្លា។ ផ្ទុយទៅវិញ មាស ដែលជាទ្រព្យសម្បត្តិសុវត្ថិភាព - មានតម្លៃកើនឡើង ៣% ក្នុងថ្ងៃជួញដូរ ទី១៣ តុលា ហើយដុល្លារអាមេរិក ដែលជារូបិយប័ណ្ណទូទាត់ដ៏ពេញនិយមបំផុតរបស់ពិភពលោក បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយសប្តាហ៍។ លើលពីនេះទៅទៀត ដោយរងផលប៉ះពាល់ពីជម្លោះនេះ ក្រុមហ៊ុនផលិតថាមពលយក្ស Chevron (សហរដ្ឋអាមេរិក) នាពេលថ្មីៗនេះបានប្រកាសថានឹងបញ្ឈប់ការនាំចេញឧស្ម័នធម្មជាតិតាមរយៈបំពង់បង្ហូរឧស្ម័នក្រោមដីដែលតភ្ជាប់អ៊ីស្រាអែល និងអេហ្ស៊ីប។

ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រេងឆៅពិភពលោកនៅវគ្គជួញដូរកាលពីចុងសប្តាហ៍មុន (ថ្ងៃទី ១៣ ខែតុលា) បានបញ្ចប់ដោយស្ទើរតែគ្មានការផ្លាស់ប្តូរតម្លៃបើធៀបនឹងដើមសប្តាហ៍ ពោលគឺនៅកម្រិតប្រមាណ ៩០ ដុល្លារអាមេរិក/បារ៉ែលសម្រាប់ប្រេង Brent នៅសមុទ្រខាងជើង និងប្រមាណ ៨៧ ដុល្លារអេមេរិក/បារ៉ែលជាមួយ ប្រេងស្រាល WTI ។ យោងតាមលោក Ben Cahill អ្នកជំនាញផ្នែកសន្តិសុខថាមពលនៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអន្តរជាតិ និងយុទ្ធសាស្ត្រ (CSIS) បានឲ្យដឹងថាប្រតិកម្មស្រាលនៃទីផ្សារថាមពលពិភពលោកបានបង្ហាញថានៅពេលនេះ ជម្លោះនៅតំបន់ហ្គាហ្សាត្រឹមតែជះផលប៉ះពាល់តិចតួចប៉ុណ្ណោះ ព្រោះថាទាំងអ៊ីស្រាអែនិងតំបន់ Gaza សុទ្ធតែមិនម៉ែនជាទីកន្លែងផលិតប្រេងធំៗរបស់ពិភពលោកឡើយ ហើយជម្លោះនៅតែត្រូវបានគ្រប់គ្រងក្នុងតំបន់ភូមិសាស្ត្រតូចចង្អៀតមួយ។ លោក Paul Nolte អ្នកយុទ្ធសាស្រ្តអំពីទីផ្សារនៅក្រុមហ៊ុន Murphy & Sylves (សហរដ្ឋអាមេរិក) បានចាត់ទុកថា នាបច្ចុប្បន្ននេះ អ្នកវិនិយោគធំៗនៅលើពិភពលោកយកចិត្តទុកដាក់ខ្លាំងដល់ការដែលតើធនាគារកណ្តាលអាមេរិក (FED) នឹងបន្តដំឡើងអត្រាការប្រាក់ឬអត់ ជាជាងស្ថានការណ៍ប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា។

ក្នុងកិច្ចប្រជុំជាប្រចាំឆ្នាំរបស់ធនាគារពិភពលោក (WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាសប្តាហ៍មុន (ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃតី ១៥ ខែតុលា) នៅទីក្រុង Marrakech (ប្រទេសម៉ារ៉ុក) ថ្នាក់ដឹកនាំរបស់ WB និង IMF ក៏មិនសូវព្រួយបារម្ភខ្លាំងពេកអំពីផលបះពាល់ផ្ទាល់នាពេលបច្ចុប្បន្ននៃជម្លោះនៅតំបន់ហ្គាហ្សាឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រង IMF បាននិយាយថា៖ ជម្លោះនៅតំបន់ហ្គាហ្សាបានបង្កើនអសន្តិសុខដល់សេដ្ឋកិច្ចពិភពលោក ដែលមានកត្តាផុយស្រួយជាច្រើនរួចទៅហើយ៖

“យើងបានឃើញតម្លៃប្រេងប្រែប្រួលក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ យើងក៏បានឃើញប្រតិកម្មរបស់ទីផ្សារផងដែរ។ យើងខ្ញុំកំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍទាំងនេះ ហើយច្បាស់ណាស់ថា នេះគឺជាពពកខ្មៅងងឹតជាមួយយថាទស្សន៍មិនសូវភ្លឺស្វាងជាមួយសេដ្ឋកិច្ចពិភពលោកផងដែរ”។

ជម្លោះនៅហ្គាហ្សាបង្កើនហានិភ័យដល់សេដ្ឋកិច្ចពិភពលោកដែរឬទេ - ảnh 2លោកស្រី Kristalina Georgieva ប្រធាន IMF បានព្រមានអំពី "ពពកគ្របដណ្តប់សេដ្ឋកិច្ចពិភពលោក" ។ រូបថត៖ EPA

ភាពមិនប្រាកដប្រជាក្នុងរយៈពេលវេង

មិនខ្វល់ខ្វាយពេកអំពីផលប៉ះពាល់សេដ្ឋកិច្ចបច្ចុប្បន្ននៃជម្លោះនៅតំបន់ហ្គាហ្សា ប៉ុន្តែអ្នកជំនាញជាច្រើនក៏បានចាត់ទុកថា ស្ថានការណ៍នឹងផ្លាស់ប្ដូរប្រសិនបើជម្លោះមិនត្រូវបានគ្រប់គ្រង។ កាលពីចុងសប្តាហ៍មុន (នាថ្ងៃទី ១៣ ខែតុលា) តម្លៃប្រេងនាពេលអនាគតបានកើនឡើងប្រហែល ៦% ដោយសារ វិនិយោគិនមានការព្រួយបារម្ភអំពីការវិវឌ្ឍដែលមិនអាចទាយទុកជាមុនបាននៅក្នុងតំបន់ហ្គាហ្សា។

ក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ពោលគឺជម្លោះនៅតំបន់ហ្គាហ្សាឆ្លងផុតពីការគ្រប់គ្រោង Bloomberg បានចាត់ទុកថា តម្លៃប្រេងពិភពលោកអាចកើនឡើងដល់ជាង ១៥០ ដុល្លារ/បារ៉ែលបណ្តាលឱ្យអតិផរណាជាមធ្យមក្នុងពិភពលោកឈានដល់ ៦% តាមនោះពិភពលោកបាត់បង់ ១ ពិន្ទុនៃ% កំណើននាឆ្នាំក្រោយ។ នៅពេលនោះ កំណើន GDP ពិភពលោកនៅឆ្នាំក្រោយនឹងធ្លាក់ចុះមកត្រឹមប្រហែល ១,៧% ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៨២ ប្រសិនបើមិនរាប់បញ្ចូលដំណាក់កាលផ្ទុះជំងឺរាតត្បាតកូវីដ ១៩ និងវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨។

អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo-Iweala បានមានប្រសាសន៍ថា៖ “ប្រការដែលមិនប្រាកដប្រជាថាតើជម្លោះបច្ចុប្បន្ននឹងរាលដាលដល់តំបន់ដែរឬអត់។ ប្រសិនបើ ប្រការនេះបានប្រព្រឹត្តិទៅសេដ្ឋកិច្ចពិភពលោកនឹងរងផលប៉ះពាល់យ៉ាងខ្លាំងក្លា។ លើលពីនេះ យើងមិនដឹងថា តើជម្លោះនាបច្ចុប្បន្ននឹងបញ្ចប់យ៉ាងដូចម៉្ដេចឡើយ។ ប្រការទាំងអស់ដែលបានកើតឡើងជារឿងអកុសល ហើយយើងខ្ញុំសង្ឃឹមថារាល់អំពើហិង្សាបច្ចុប្បន្ននឹងត្រូវបញ្ឈប់”។

ប្រការគួរឲ្យកត់សម្គាល់នាបច្ចុប្បន្ននេះ បើតាមអ្នកជំនាញជាច្រើន គឺអសន្តិសុខម៉ាក្រូចំពោះសេដ្ឋកិច្ចជាមួយនឹងសេដ្ឋកិច្ចពិភពលោក។ យោងតាមសេដ្ឋកិច្ចវិទូអន្តរជាតិលោក Brennan McKenna មកពីធនាគារ Wells Fargo (សហរដ្ឋអាមេរិក) បានឲ្យដឹងថា ជម្លោះនាពេលបច្ចុប្បន្ននៅតំបន់ហ្គាហ្សាបានបង្កើនល្បឿនដំណើរការមិនមានសកលភាវូបនីយកម្ម ដែលកាន់តែច្បាស់លាស់ជាង ក្រោយជំងឺរាតត្បាតកូវីដ ១៩ និងជម្លោះនៅអ៊ុយក្រែន ព្រមទាំងគំរាមកំហែងដល់សេដ្ឋកិច្ចផុយស្រួយនៅតំបន់មួយចំនួន ជាពិសេសគឺនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ