ជម្លោះ​​រុស្ស៊ី-អ៊ុយក្រែន ក្រោយរយៈពេល ៦​ខែ៖ ផលប៉ះពាល់និងបញ្ហាប្រឈម

(VOVWORLD) - នៅថ្ងៃទី ២៤ ខែសីហា គឺគម្រប់រយៈពេលកន្លះឆ្នាំ ចាប់តាំងពីពេលដែលជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង។ ក្នុងរយៈពេល ៦ខែ កន្លងទៅ សង្គ្រាមបានឆក់យកជីវិត សម្លាប់មនុស្សរាប់ពាន់នាក់ រួមទាំងជនស៊ីវិលនិងទាហាននៃភាគីទាំងពីរ ទន្ទឹមនឹងនោះបានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើជីវភាពរស់នៅរបស់ប្រជាជនរាប់សិបលាននាក់ នៃបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាស្ថិរភាពនៅទូទាំងទ្វីបអឺរ៉ុបនិងពិភពលោកផងដែរ។
ជម្លោះ​​រុស្ស៊ី-អ៊ុយក្រែន ក្រោយរយៈពេល ៦​ខែ៖ ផលប៉ះពាល់និងបញ្ហាប្រឈម - ảnh 1ទាហានរុស្ស៊ីជិះរថក្រោះក្នុងស្រុក Volnovakha ខេត្ត Donetsk ភាគខាងកើតអ៊ុយក្រែន។ (រូបថត៖ Anadolu Agency)

ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ នៅពេលដែលរុស្ស៊ីបានបើកយុទ្ធនាការយោធាពិសេស សំដៅលុបបំបាត់ការធ្វើយោធូបនីយកម្ម និងរំលាយហ្វាស៊ីសនីយកម្មនៅអ៊ុយក្រែន។ ក្នុងរយៈពេល ៦ខែកន្លងទៅ សង្គ្រាមបានបណ្ដាលឲ្យមានការបាត់បងជីវិតយ៉ាងធ្ងន់ធ្ងរដល់ភាគីទាំងពីរ បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន។ ទន្ទឹមនឹងនេះ បានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើទិដ្ឋភាពភូមិសាស្ត្រនយោបាយពិភពលោក ក្នុងនោះរួមទាំងការផ្លាស់ប្តូរដ៏ធំធេងនៅទ្វីបអឺរ៉ុប ក៏ដូចជាក្នុងទំនាក់ទំនងរវាងអាមេរិក អឺរ៉ុបជាមួយរុស្ស៊ីផងដែរ។

ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ

រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អន្តរជាតិឯករាជ្យគួរឲ្យជឿទុកចិត្តណាមួយ ដែលប្រកាសអំពីបរិមាណអ្នកស្លាប់ដែលទាំងរុស្ស៊ីនិងអ៊ុយក្រែនត្រូវទទួលរងក្នុងជម្លោះនេះនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍រៀងៗខ្លួនជាច្រើនភាគីទាំងសងខាងបានប្រកាស ក៏ដូចជាពីប្រភពព័ត៌មានអន្តរជាតិបានបង្ហាញថា ចំនួនអ្នកស្លាប់និងរងរបួសនៃភាគីទាំងពីរគឺធំធេងណាស់ រហូតដល់រាប់ម៉ឺននាក់។ ទិន្នន័យដែលក្រសួងការពារជាតិអ៊ុយក្រែនចេញផ្សាយនាថ្ងៃទី២២ ខែសីហា បានឲ្យដឹងថា មានទាហានអ៊ុយក្រែនយ៉ាងហោចណាស់ចំនួន ៩ពាន់នាក់ បានស្លាប់បាត់បង់ជីវិត ចាប់តាំងពីជម្លោះបានផ្ទុះឡើង។

ក្រៅពីការបាត់បង់ដ៏ធំធេងខាងអាយុជីវិតមនុស្ស ការខូចខាតសម្ភារៈដែលបណ្តាលមកពីសង្គ្រាមរបស់អ៊ុយក្រែនក៏ធំធេងផងដែរ។ របាយការណ៍ជាច្រើនបានចាត់ទុកថា ការខូចខាតសម្ភារៈសរុប ដែលបណ្តាលមកពីសង្គ្រាមរហូតមកដល់ពេលនេះ បានហួសពីតូរលេខ ៧០០ពាន់លានដុល្លារ ដែលរដ្ឋាភិបាលអ៊ុយក្រែនបានប្រកាសកាលពីដើមខែមិថុនាកន្លងទៅ។ នេះមិនទាន់និយាយដល់ប្រជាជនអ៊ុយក្រែនរាប់លាននាក់ដែលត្រូវចាកចេញពីលំនៅដ្ឋានរត់ភៀសខ្លួន ដែលក្នុងនោះមានមនុស្សប្រមាណ ១០ លាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ហើយមានតែផ្នែកតិចតួចប៉ុណ្ណោះដែលបានវិលត្រលប់ទៅមាតុភូមិវិញ។

ចំពោះភាគីរុស្ស៊ី បើទោះបីជាតួរលេខនៃការខូចខាតជាក់លាក់មិនទាន់បានប្រកាសក៏ដោយ ប៉ុន្តែតាមប្រភពព័ត៌មានអន្តរជាតិជាច្រើនបានអះអាងថា ចំនួនអ្នកស្លាប់នៅសមរភូមិអ៊ុយក្រែនក្នុងរយៈពេល ៦ខែកន្លងទៅ គឺធំធេងណាស់ រហូតដល់រាប់ពាន់នាក់។ ទន្ទឹមនឹងនោះ ខឿនសេដ្ឋកិច្ចរុស្ស៊ីក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីបទដាក់ទណ្ឌកម្មជាច្រើនរបស់អាមេរិកនិងអឺរ៉ុបផងដែរ។ ទិន្នន័យដែលទីភ្នាក់ងារស្ថិតិរុស្ស៊ីបានចេញផ្សាយនៅថ្ងៃទី ១២ ខែសីហាបានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះបានធ្លាក់ចុះ ៤% ក្នុងត្រីមាសទី ២ ឆ្នាំ២០២២ (ចាប់ពីខែមេសាដល់ខែមិថុនា) បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមការព្យាករណ៍នៅចុងខែកក្កដានៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា GDP របស់រុស្ស៊ីនៅឆ្នាំ ២០២២ បានធ្លាក់ចុះ ៦% ។

មិនត្រឹមតែជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើប្រជាជន និងខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរដែលចូលរួមដោយផ្ទាល់ប៉ុណ្ណោះទេ ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនក៏បានកាត់ផ្ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលទៀតផង ដែលបណ្តាលឲ្យតម្លៃប្រេងឥន្ធនៈ និងស្បៀងអាហារកើនឡើងដល់កម្រិតខ្ពស់បំបែកកំណត់ត្រានៅតំបន់ភាគច្រើនជុំវិញពិភពលោក ហើយបានបង្កើនអត្រាអតិផរណានិងបន្លាយកំណើននៃខឿនសេដ្ឋកិច្ចភាគច្រើន។ ផលប៉ះពាល់នេះ ត្រូវបានអង្គការ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាច្រើនបញ្ជាក់នៅក្នុងរបាយការណ៍ដាច់ដោយឡែកគ្នា។

ជម្លោះ​​រុស្ស៊ី-អ៊ុយក្រែន ក្រោយរយៈពេល ៦​ខែ៖ ផលប៉ះពាល់និងបញ្ហាប្រឈម - ảnh 2អ្នកពន្លត់អគ្គីភ័យព្យាយាមពន្លត់ភ្លើងនៅ Crimea នៅថ្ងៃទី ១៦ ខែសីហា។ (រូបថត៖ TASS)

បញ្ហាប្រឈមនិងយថាទស្សន៍នៃការដោះស្រាយជម្លោះ

អាចមើលឃើញថា ផលប៉ះពាល់និងឥទ្ធិពលនៃជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនគឺធំធេងណាស់ ក្នុងក្របខណ្ឌជះឥទ្ធិពលនៅទូទាំងពិភពលោក។ ប៉ុន្តែ ប្រការគួរឲ្យព្រួយបារម្ភគឺថា បើទោះបីជាកន្លះឆ្នាំបានកន្លងផុតទៅហើយក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ ជម្លោះមិនទាន់មានសញ្ញាណាមួយដែលសរឲ្យឃើញថា នឹងបញ្ចប់នាពេលឆាប់ៗនេះបានឡើយ។

បន្ទាប់ពីការចរចារជាច្រើនលើកច្រើនសារ ដែលមិននាំមកនូវលទ្ធផល ក្នុងដំណាក់កាលដំបូង រុស្ស៊ីនិងអ៊ុយក្រែនបានបញ្ឈប់ការចរចាទាំងស្រុង ចាប់តាំងពីខែមេសា ដែលធ្វើឱ្យយថាទស្សន៍ឈានដល់បទឈប់បាញ់ក្នុងរយៈពេលខ្លី មានភាពអាប់អួរ។ ក្នុងសេចក្ដីប្រកាសជាផ្លូវការមួយនាថ្ងៃទី១២ ខែសីហា កន្លងទៅ លោក Mykhailo Podolyak ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអះអាងថា ប្រទេសនេះមិនមានមូលហេតុដើម្បីរៀបចំកិច្ចចរចាជាមួយរុស្ស៊ីក្នុងបរិបទបច្ចុប្បន្នឡើយ។ មន្ត្រីរូបនេះបានចាត់ទុកថា ការចាប់ផ្ដើមកិច្ចសន្ទនាក្នុងកាលៈទេសៈបច្ចុប្បន្ន នឹងគ្រាន់តែ "ប្រកាស់ជាផ្លូវការ" នូវបរាជ័យរបស់អ៊ុយក្រែន និងអឺរ៉ុប ក៏ដូចជា “គុណតម្លៃរបស់អឺរ៉ុប" ប៉ុណ្ណោះ។

រីឯខ្លួនវិញ ក្នុងសេចក្ដីប្រកាសជាមួយកាសែត Financial Times នាថ្ងៃទី ២២ សីហា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Gennady Gatilov ក៏បានចាត់ទុកថា “គ្មានដំណោះស្រាយការទូតណាមួយដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឡើយ”។ ឯកអគ្គរដ្ឋទូត Gennady Gatilov បានចាត់ទុកថា៖ “នឹងមិនមានការពិភាក្សាដោយផ្ទាល់ណាមួយ រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky នាពេលខាងមុខឡើយ ប្រការនេះបានសរឲ្យឃើញថា ជម្លោះអាចនឹងអូសបន្លាយយូរអង្វែង។

នៅ ចំពោះមុខស្ថានភាពគួរឲ្យព្រួយបារម្ភនេះ អង្គការសហប្រជាជាតិនិងប្រទេសមួយចំនួនបានសកម្មជំរុញដំណោះស្រាយដើម្បីបំបាត់ភាពទាល់ច្រក ភ្ជាប់ទំនាក់ទំនងការទូតរវាងរុស្ស៊ី-អ៊ុយក្រែន ក៏ដូចជារវាងភាគីទាក់ទិននានាឡើងវិញ។ ក្នុងនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីសប្តាហ៍មុន បានធ្វើដំណើរទស្សនកិច្ចពិសេសទៅកាន់ប្រទេសអ៊ុយក្រែន និងប្រទេសទួរគីដែលកំពុងដើរតួនាទីជាអ្នកសម្រុះសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែនយ៉ាងសកម្ម។ រីឯខ្លួនវិញ ក្នុងដំណើរទស្សនកិច្ចនៅអ៊ុយក្រែន និងជួបសន្ទនាជាមួយលោកប្រធានាធិបតីVolodymyr Zelensky នៅទីក្រុង Lviv កាលពីសប្តាហ៍មុន ប្រធានាធិបតីទួរគី លោក Tayyip Erdogan ជឿជាក់ថា ជម្លោះនឹងបញ្ចប់នៅតុចរចានាពេលឆាប់ៗនេះ។ យោងតាមមេដឹកនាំទួរគីរូបនេះ ភាគីទាំងពីរមានបំណងចង់បញ្ចប់សង្គ្រាមឲ្យបានឆាប់ៗ ហើយនេះគឺជាមូលដ្ខានដ៏សំខាន់បំផុតសម្រាប់ភាគីនានាបន្តជំរុញការចរចារសន្តិភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ