ជម្លោះរុស្ស៊ី-អ៊ុយក្រែនជាមួយនឹងការវិវឌ្ឍដ៏តានតឹង

(VOVWORLD) - យថាទស្សន៍អំពីដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺមានភាពផុយស្រួយខ្លាំងជាមួយនឹងការវិវឌ្ឍដ៏តានតឹងថ្មីជាបន្តបន្ទាប់ ជាពិសេសគឺ នៅពេលដែលសកម្មភាពយោធាមានឧត្តមភាព។ រួមជាមួយនឹង វោហាសាស្ត្រ ដ៏តឹងតែង ការផ្ទេរប្រគល់ឧបករណ៍យោធាធុនធ្ងន់ទំនើប ជួយឧបត្ថម្ភ អ៊ុយក្រែន ពី បណ្តាប្រទេសលោកខាងលិចគឺអាចបណ្ដាលឲ្យ ជម្លោះអូសបន្លាយ។
ជម្លោះរុស្ស៊ី-អ៊ុយក្រែនជាមួយនឹងការវិវឌ្ឍដ៏តានតឹង - ảnh 1អ៊ុយក្រែនបាញ់កាណុង Pion នៅជិត Bakhmut ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។ រូបថត៖ AP

យថាទស្សន៍ចរចាអាប់អួរ

ចាប់តាំងពីការបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែននាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ រុស្ស៊ីបានប្រកាសម្តងហើយម្តងទៀតថា ប្រដេញតាមប្រតិបត្តិការ រហូតដល់ ពេលណា សម្រេចឲ្យបានគោលដៅ ដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានដាក់ចេញ ហើយមិនធ្វើសម្បទានមិនថាលក្ខខ័ណ្ឌចម្បងណាមួយជាមួយ

អ៊ុយក្រែនឡើយ។ ក្នុងពេលនោះ ជាមួយនឹងគោលដៅមិន បណ្តោយឱ្យអ៊ុយក្រែនចាញ់ ប្រទេសលោកខាងលិចបានឆ្លើយតបនឹងសំណើរបស់ទីក្រុងគៀវ និងផ្តល់ជំនួយសព្វាវុធ សម្រាប់ប្រទេសនេះបន្តការប្រយុទ្ធ។

នាថ្ងៃទី ១១ ខែកុម្ភៈកន្លងទៅ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Vershinin បាននាំចេញលក្ខខ័ណ្ឌដើម្បីបន្តជុំចរចាជាមួយតំណាងអ៊ុយក្រែន។ តាមនោះ រុស្ស៊ីនឹងត្រឡប់ចូលតុចរចាជាមួយអ៊ុយក្រែនវិញ លុះត្រាតែការទាមទាររបស់អាជ្ញាធរទីក្រុងគៀវត្រូវបានលុបចោល។ លើសពីនេះទៅទៀត ការចរចាជាមួយអ៊ុយក្រែននឹងប្រព្រឹត្តទៅតាមទិសដៅសមស្របទៅនឹងស្ថានការណ៍ជាក់ស្តែងតែប៉ុណ្ណោះ។ លោក S.Vershinin ក៏បានចោទប្រកាន់បណ្តាប្រទេសលោកខាងលិចថាបានជ្រៀតជ្រែក និងជះឥទ្ធិពលលើការសម្រេចចិត្តចរចារបស់ទីក្រុងគៀវ។

មុននោះ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ក៏បាននាំចេញលក្ខខ័ណ្ឌដើម្បីចរចាជាមួយរុស្ស៊ី ក្នុងនោះមានការស្ដារឡើងវិញនូវបូរណភាពទឹកដី និងសងការខូចខាតទាំងអស់។ អ៊ុយក្រែនបានឲ្យដឹងថា មិនបដិសេធការសន្ទនាជាមួយរុស្ស៊ីឡើយ បើសិនជាការសន្ទនា ផ្អែកលើគោលការណ៍រួមនៃច្បាប់អន្តរជាតិ ពោគឺគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ អធិបតេយ្យភាព និងបូរណភាពដែនដី។

ក្នុង២០២២ រុស្ស៊ី និងអ៊ុយក្រែនបានចរចាជាច្រើនលើក ប៉ុន្តែមិននាំមកនូវ លទ្ធផលឡើយ។ តថភាពបច្ចុប្បន្នបានបង្ហាញថា មានលទ្ធភាពស្ទើរតែតិចតូចណាស់ ដែលភាគីពាក់ព័ន្ធនានាធ្វើការចរចា។ ការវិវឌ្ឍជាក់ស្ដែងនារយៈពេលប៉ុន្មានថ្ងៃកន្លងទៅកាន់តែសរឲ្យឃើញថា យថាទស្សន៍បញ្ឈប់ជម្លោះរុស្ស៊ី - អ៊ុយក្រែនក្នុងឆ្នាំ ២០២៣ នៅតែជាយថាទស្សន៍ដ៏អាប់អួរ។ ក្នុងថ្ងៃទី ១២ ខែកុម្ភៈ មានការបាញ់មីស៊ីលចំនួន ៤២៤ ករណី និងការប៉ះទង្គិចគ្នាចំនួន ២៣ លើក រវាងរុស្ស៊ី និងអ៊ុយក្រែន។

ជម្លោះរុស្ស៊ី-អ៊ុយក្រែនជាមួយនឹងការវិវឌ្ឍដ៏តានតឹង - ảnh 2ក្បួនទ័ពថ្មើរជើងរបស់រុស្ស៊ីត្រូវបានបំផ្លាញក្នុងសមរភូមិនៅ Kharkiv។ រូបថត៖ AFP

គ្រោះអាសន្នភាគីពាក់ព័ន្ធទាំងអស់សុទ្ធតែចាញ់នៅពេលដែលជម្លោះអូសបន្លាយ

ក្នុងបរិបទ ដែលការប្រយុទ្ធគ្នានៅតែបន្ត ហើយការចរចារជាប់គាំង សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចកំពុងបង្កើនការផ្ដល់ជំនួយយោធាដល់
អ៊ុយក្រែន។

នាទី ១៤ ខែកុម្ភៈ ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលមានប្រទេស និងអង្គការជាសមាជិកប្រមាណ ៤០ បានបើកកិច្ចប្រជុំនៅទីស្នាក់ការអង្គការសន្ធិសញ្ញាយោធាអាត្លង់ទិកខាងជើង (ណាតូ) នៅទីក្រុងព្រុចសែល បែលហ្សិក ដើម្បីពិភាក្សាអំពីការផ្ទេរប្រគល់អាវុធដល់អ៊ុយក្រែន។

មុននោះ កាលពីថ្ងៃទី ១១ ខែកុម្ភៈ ចក្រភពអង់គ្លេសថែមទាំងបានពិចារណាពីលទ្ធភាពផលិតអាវុធ និងរថពាសដែកនៅអ៊ុយក្រែនទៀតផង។ មន្ត្រីការពារជាតិអង់គ្លេសមួយចំនួនបានធ្វើទស្សនកិច្ចនៅទីក្រុងគៀវ ដើម្បីស្វែងយល់អំពីឱកាសបង្កើតក្រុមហ៊ុនបណ្តាក់ទុនផលិតអាវុធនៅអ៊ុយក្រែន។ ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃទី ៨ ខែកុម្ភៈ នៅចក្រភពអង់គ្លេស មុនពេលលោក Zelensky ចូលរួមកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) នៅទីក្រុង Brussels បែលហ្ស៊ិក នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak បានបញ្ជាក្រសួងការពារជាតិអង់គ្លេស ឱ្យសិក្សាពីបញ្ហាផ្គត់ផ្គង់យន្តហោះចម្បាំងដល់ទីក្រុងគៀវ។ មុននេះ នាខែមករា ឆ្នាំ២០២៣ ក្រុមប្រទេសអឺរ៉ុបចំនួន ១១ រួមមាន អេស្តូនី ចក្រភពអង់គ្លេស ប៉ូឡូញ ឡាតវី លីទុយអានី ដាណឺម៉ាក ឆែក អាល្លឺម៉ង់ ហូឡង់ ស្លូវ៉ាគី និងអេស្បាញ បានសន្យាផ្តល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ីព្រមទាំងបានឲ្យដឹងថា គេនឹងបញ្ជូនរថក្រោះប្រយុទ្ធសំខាន់ៗ កាំភ្លើងធំធុនធ្ងន់ ការពារដែនអាកាស គ្រាប់ភ្លើង និងរថយន្តប្រយុទ្ធថ្មើរជើង។

ឆ្លើយតបទៅនឹងទង្វើខាងលើ រុស្ស៊ីបានព្រមានម្តងហើយម្តងទៀតថា ការផ្ដល់អាវុធរបស់បរទេសដល់អ៊ុយក្រែននឹងធ្វើឱ្យភាពតានតឹងឡើងជណ្ដើរ បង្កក្ដីឈឺចាប់បន្ថែមដល់អ៊ុយក្រែន។

មជ្ឈដ្ឋានអ្នកវិភាគបានព្រមានចំពោះរុស្ស៊ី និងអ៊ុយក្រែនថា ទោះបីជាជម្លោះបញ្ចប់ដោយរបៀបណាក៏នឹងបង្កការខាតបង់សម្រាប់ភាគីទាំងសងខាង។ ជំហរតឹងតែង និងទស្សនៈចរចាមានលក្ខខ័ណ្ឌរបស់ទាំងរុស្ស៊ី និងអ៊ុយក្រែនបណ្ដាលឲ្យយថាទស្សន៍ ដែលភាគីពាក់ព័ន្ធនានាចូលតុចរចា ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពកាន់តែពិបាកពីមួយថ្ងៃទៅមួយថ្ងៃ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ