ជំរុញកិច្ចសហប្រតិបត្តិការយូរអង្វែងនិងប្រកបដោយប្រសិទ្ធភាពរវាងវៀតណាមជាមួយសហព័ន្ធរុស្ស៊ីនិងសាធារណរដ្ឋបេឡារុស្ស

(VOVWORLD) - ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែឧសភា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី ចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃជ័យជំនះក្នុង សង្គ្រាមការពារមាតុភូមិដ៏មហិមារ (ថ្ងៃទី ៩ ឧសភា ឆ្នាំ ១៩៤៥ - ថ្ងៃទី ៩ ឧសភា ឆ្នាំ ២០២៥) និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស។ ដំណើរទស្សនកិច្ច អះអាងនូវការទទួលមរតកប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងវៀតណាម និងប្រទេសជាមិត្តប្រពៃណី ឆ្ពោះទៅរកទំនាក់ទំនងទ្វេភាគី “៤ ជាង”៖ “និរន្តរភាពជាង ប្រសិទ្ធភាពជាង ជាក់ស្ដែងជាង និងមានប្រយោជន៍ទៅវិញទៅមកជាង”។

ជំរុញកិច្ចសហប្រតិបត្តិការយូរអង្វែងនិងប្រកបដោយប្រសិទ្ធភាពរវាងវៀតណាមជាមួយសហព័ន្ធរុស្ស៊ីនិងសាធារណរដ្ឋបេឡារុស្ស - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងលោកជំទាវ ចាកចេញពីទីក្រុងហាណូយទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ បេឡារុស និងបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី។ (រូបថត៖ VNA)

វៀតណាម-សហព័ន្ធរុស្ស៊ីរួមគ្នាឆ្ពោះទៅអនាគត

នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកអគ្គលេខាបក្ស តូ ឡឹម នៅសហព័ន្ធរុស្ស៊ីក្នុងឋានៈជាមេដឹកនាំកំពូលរបស់បក្ស ដែលធ្វើឡើងចំពេលដែលប្រទេសទាំងពីរទើបតែប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត ក៏ដូចជាខួបលើកទី ៧០ នៃដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅសហភាពសូវៀតរបស់លោកប្រធានហូជីមិញផងដែរ។ នេះក៏ជាឱកាសដែលប្រទេសទាំងពីរកំពុងប្រារព្ធទិវាបុណ្យធំៗនៅប្រទេសនីមួយៗផងដែរ។

ការជឿទុកចិត្តខាងនយោបាយខ្ពស់គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាម និងសហព័ន្ធរុស្ស៊ីឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងបរិបទថ្មី។ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Gennady Stepanovich Bezdetko បានអះអាងថា៖

“យើងកំពុងតែមើលឃើញការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយនៅលើទូទាំងពិភពលោក។ ក្នុងបរិបទនោះ ប្រការដ៏សំខាន់បំផុតគឺការរក្សានិងពង្រឹងទំនាក់ទំនងជាមួយមិត្តប្រពៃណី។ ប្រាកដថា ក្នុងចំណោមនោះ មានសហព័ន្ធរុស្ស៊ី និងវៀតណាម។ យើងខ្ញុំសម្លឹងឆ្ពោះទៅអនាគតដោយទំនុកចិត្ត និងសុទិដ្ឋិនិយម។ រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីលើកកម្ពស់សក្តានុពលដ៏ធំធេងនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប៉ុន្តែមិនទាន់ត្រូវបានធ្វើអាជីវកម្មដោយអស់ពីសមត្ថភាពនៅឡើយ”។

ជំរុញកិច្ចសហប្រតិបត្តិការយូរអង្វែងនិងប្រកបដោយប្រសិទ្ធភាពរវាងវៀតណាមជាមួយសហព័ន្ធរុស្ស៊ីនិងសាធារណរដ្ឋបេឡារុស្ស - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi។ (រូបថត៖ VOV Moscow)

ការត្រៀមខ្លួនជាស្រេចនិងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ គឺជាកម្លាំងចលករថ្មីដើម្បីជំរុញទំនាក់ទំនង ជាដំបូងក្នុងវិស័យសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្រៅពីវិស័យសន្តិសុខ ការពារជាតិ និងប្រេងឧស្ម័ន ដែលជាសសរស្តម្ភសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ សហព័ន្ធរុស្ស៊ីជាប្រទេសឈានមុខគេលើវិស័យនុយក្លេអ៊ែរ ក្វាន់តុំ បញ្ញាសិប្បនិមិត្ត វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មី ថាមពលបៃតង... ប្រការនេះគឺចាំបាច់ណាស់សម្រាប់វៀតណាមក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi បានសង្កត់ធ្ងន់ថា៖

“វៀតណាមកំពុងបើកឲ្យដំណើរការឡើងវិញនូវគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ។ កិច្ចសហប្រតិបត្តិការលើវិស័យនុយក្លេអ៊ែរក៏ជាអាទិភាពក្នុងទំនាក់ទំនងរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីផងដែរ។ ខ្ញុំជឿជាក់ថា ប្រទេសទាំងពីរនឹងមិនសហការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរតែ ១ ឬ ២ កន្លែងប៉ុណ្ណោះទេ ប៉ុន្តែសហព័ន្ធរុស្ស៊ីនឹងជួយវៀតណាមអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យានុយក្លេអ៊ែរទាំងមូល។ នេះគឺជាឧស្សាហកម្មបច្ចេកវិទ្យាគន្លឹះដែលជួយវៀតណាមបោះជំហានយ៉ាងរឹងមាំឈានចូលក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រទេសជាតិ”។

ការចូលរួមរបស់លោកអគ្គលេខាបក្ស តូ ឡឹម នៅពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្គ្រាមការពារមាតុភូមិដ៏មហិមារនៅទីលានក្រហម ដោយមានការចូលរួមជាលើកដំបូងពីកងទ័ពវៀតណាម ក៏បានពាំនាំសារថា៖ វៀតណាមមិនត្រឹមតែចងចាំនិងដឹងគុណចំពោះវីរជនសូវៀតដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី ២ បញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធបំផុតរវាងវៀតណាមនិងសហភាពសូវៀតពីមុន និងសហព័ន្ធរុស្ស៊ីសព្វថ្ងៃប៉ុណ្ណោះទេ ថែមទាំងនាំមកនូវរូបភាពប្រទេសវៀតណាមដែលស្រឡាញ់សន្តិភាព ត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកក្នុងការងាររួមរបស់ពិភពលោកទៀតផង។

កសាងចក្ខុវិស័យថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-បេឡារុស្ស

សម្រាប់ប្រទេសបេឡារុស នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកអគ្គលេខាបក្ស តូ ឡឹម ទៅកាន់ប្រទេសនេះ។ នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទៅកាន់បេឡារុស្សក្នុងរយៈពេល ១១ឆ្នាំ។ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បេឡារុស្សបានអះអាងម្តងហើយម្តងទៀតថា គេចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍ ដោយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើ

វិស័យប្រពៃណី ព្រមទាំងពង្រីកទៅក្នុងវិស័យថ្មីប្រកបដោយសក្តានុពលផងដែរ។ បច្ចុប្បន្នប្រទេសទាំងពីរកំពុងសហការប្រកបដោយប្រសិទ្ធភាពលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល វប្បធម៌-កីឡា-ទេសចរណ៍ គមនាគមន៍-ដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន និងបើកចំហរសម្រាប់ការអភិវឌ្ឍ។

ជាមួយនឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពដែលត្រូវបានបញ្ជាក់ដោយប្រវត្តិសាស្ត្រ និងត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំ ប្រជាជនវៀតណាម សហព័ន្ធរុស្ស៊ី និងបេឡារុសជាច្រើនជំនាន់នោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមក្នុងពិធីរំលឹកខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្គ្រាមការពារមាតុភូមិដ៏មហិមារ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណៈរដ្ឋបេឡារុសរបស់លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់វៀតណាម ក្នុងការពង្រឹងដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព និងប្រពៃណីជាមួយបណ្តាប្រទេសនៃអតីតសហភាពសូវៀត ជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍គ្នាទៅវិញទៅមក។ ដំណើរទស្សនកិច្ចលើកនេះក៏រួមចំណែកក្នុងការបង្កើតកម្លាំងជំរុញថ្មីដើម្បីនាំវៀតណាមឈានចូលក្នុងយុគសម័យថ្មីដោយសម្រេចបានគោលដៅអភិវឌ្ឍន៍ដែលបានដាក់ចេញផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ