(VOVWORLD) - គោលដៅកំណើន GDP ២០២៥ ត្រូវសម្រេចបានពី ៨,៣ - ៨,៥% មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីទំនុកចិត្តលើភាពធន់ផ្ទៃក្នុងរបស់សេដ្ឋកិច្ចនៅក្នុងបរិបទដែលតំបន់ និងពិភពលោកនៅមានការប្រែប្រួលជាច្រើន។ ដើម្បីសម្រេចបាននូវគោលដៅនេះ ភារកិច្ចសំខាន់បំផុតមួយគឺត្រូវប្រមូលធន ធានទាំងអស់សម្រាប់កំណើន ហើយរដ្ឋាភិបាល វៀតណាម កំពុងខិតខំប្រឹងប្រែងអនុវត្តភារកិច្ចនេះ។
អាហារសមុទ្រគឺជាមុខទំនិញនាំចេញដ៏សំខាន់មួយ (រូបថត៖ Vu Sinh/TTXVN) |
ធ្វើរបាយការដាក់ជូនរដ្ឋាភិបាលអំពីសេណារីយ៉ូកំណើនសេដ្ឋកិច្ចថ្មីចំនួនពីរខ្ទង់សម្រាប់ឆ្នាំ ២០២៥ ក្នុងមានអនុសាសន៍ដោយខិតខំសម្រេចបាននូវសេណារីយ៉ូទី ២ (កំណើន ៨,៣ - ៨,៥%) ប្រមុខក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ ថា ទន្ទឹមនឹងការទាញយកឱកាសទីផ្សារដើម្បីលើកកម្ពស់ការប្រើប្រាស់និងការនាំចេញ គឺការវិនិយោគសាធារណៈជាកត្តាជំរុញសំខាន់។ នេះគឺជាវិស័យមានសក្កានុពលជាច្រើនដែលត្រូវតែផ្សព្វផ្សាយឲ្យបានខ្លាំងថែមទៀត ដែល ជួយសេដ្ឋកិច្ចឱ្យសម្រេចបាននូវអត្រាកំណើនខ្ពស់នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។
ការវិនិយោគសាធារណៈ - កម្លាំងចលករសំខាន់
ការវិនិយោគសាធារណៈកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច។ ស្ថានភាពជាក់ស្តែងបង្ហាញថា គិតត្រឹមដំណាច់ត្រីមាសទីពីរនៃឆ្នាំនេះ អត្រាបើកចំណាយដើមទុនវិនិយោគសាធារណៈបានកើនឡើងដល់ជាង ២៦៨.១០០ ពាន់លានដុង (ជាង ១០ ពាន់ពាន់លានដុល្លារអាមេរិក) ជាការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្ហាញពីការផ្លាស់ប្តូរជាក់ស្តែងក្នុងការអនុវត្ត។ គម្រោងសំខាន់ៗជាច្រើនដូចជាផ្លូវហាយវេ អាកាសយានដ្ឋាន និងផ្លូវខ្សែក្រវាត់បច្ចុប្បន្នកំពុងត្រូវបានពន្លឿន សូម្បីតែអាចសម្រេចបានគោលដៅដាក់ចេញមុនកាលកំណត់ដែរ។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Do Thanh Trung បានចាត់ទុកថា លទ្ធផលនេះគឺដោយសារការចូលរួមពីគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យពីថ្នាក់មជ្ឈឹមដល់មូលដ្ឋាន៖
“ដំបូងបង្អស់គឺការខិតខំប្រឹងប្រែងរបស់គ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ ក្រសួង ស្ថាប័ន មជ្ឈឹមនិងមូលដ្ឋាន ក្នុងការយកចិត្តទុកដាក់អនុវត្តន៍។ ប៉ុន្តែ សំខាន់បំផុតគឺការដឹកនាំយ៉ាងប្តូរផ្តាច់បស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងបណ្តាឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ ពោលគឺ នាយករដ្ឋមន្ត្រី បណ្តាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រី បន្តជំរុញ ត្រួតពិនិត្យ និងលុបបំបាត់ការលំបាកសម្រាប់គម្រោង។ ជារៀងរាល់ខែ ក្រសួងហិរញ្ញវត្ថុនិងទីភ្នាក់ងារនានាត្រូវរៀបចំរបាយការណ៍ និងធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល ដើម្បីដោះស្រាយការលំបាក។ ដូច្នេះហើយ យើងបានឃើញនិន្នាការនៃការបើកចំណាយទុនវិនិយោគសាធារណៈកាន់តែប្រសើរឡើង”។
គម្រោងដែលបានអនុវត្តមិនត្រឹមតែនាំមកនូវប្រសិទ្ធភាពផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងទំនុកចិត្តរបស់វិស័យឯកជន ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) និងកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ចនៅវៀតណាមផងដែរ។
ធ្វើសកម្មភាពយ៉ាងខ្លាំងក្លា
ក្នុងរយៈពេលកន្លះខែកន្លងមកនេះ រដ្ឋាភិបាលបានបន្តរៀបចំសន្និសីទ អនឡាញជាមួយមូលដ្ឋានដើម្បីពិភាក្សា អំពីស្ថានភាពសេដ្ឋកិច្ច-សង្គម ពិភាក្សាអំពីសេណារីយ៉ូកំណើនសេដ្ឋកិច្ច ភារកិច្ច និងដំណោះស្រាយដើម្បីសម្រេចបាននូវគោលដៅកំណើននៅឆ្នាំ២០២៥។
កាលពីចុងសប្តាហ៍មុន (២ សីហា) លោកនាយករដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យផ្ទាល់លើកទី ៨ អំពីវឌ្ឍនភាពអនុវត្តន៍គម្រោងអាកាសយានដ្ឋាន Long Thanh ដែលតម្រូវឱ្យបង្ហើយជាស្ថាពរនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥។ ក្នុងសន្និសីទអនឡាញដើម្បីពិនិត្យការងាររយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៥ របស់គណៈកម្មាធិការដឹកនាំរដ្ឋ សម្រាប់គម្រោងជាតិសំខាន់ៗ (ថ្ងៃទី ៣១ ខែកក្កដា) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ម្តងទៀតលើតម្រូវការបើកទូលាយដើមទុនវិនិយោគសាធារណៈ៖
“ចាំបាច់ត្រូវបង្ហើយរួចជាស្រេចយ៉ាងហោចណាស់ ៣.០០០ គីឡូម៉ែត្រនៃផ្លូវល្បឿនលឿនចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២៥ នេះគឺជាគោលដៅដែលបានកំណត់។ យើងត្រូវតែតាំងចិត្ត ខិតខំប្រឹងប្រែង ហើយត្រឹមតែពិភាក្សាលើការធ្វើសកម្មភាព មិនមែនពិភាក្សាលើការដកថយទេ”។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះបីជាសេដ្ឋកិច្ចទទួលបានលទ្ធផលវិជ្ជមានក្នុងឆមាសទី១ឆ្នាំនេះក៏ដោយ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ឈានដល់ ៧,៥២% គោលដៅកំណើនពី ៨,៣-៨,៥% នៅឆ្នាំនេះ តែងតែត្រូវបានបញ្ជាក់ថា ជាបញ្ហាប្រឈមដ៏ធំមួយដែរ។ យ៉ាងណាមិញ រដ្ឋាភិបាលនឹងចេញសេចក្តីសម្រេចមួយដែលកំណត់កូតាកំណើនថ្មីដល់មូលដ្ឋាននីមួយៗ និងដល់សាជីវកម្ម និងក្រុមដែលគ្រប់គ្រងដោយរដ្ឋ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ “រដ្ឋាភិបាលបានប្រជុំ និងជ្រើសរើសវិធានការថា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ យើងត្រូវសម្រេចបានកំណើនពី ៨,៣-៨,៥% ដើម្បីបង្កើតសន្ទុះ កម្លាំង និងស្មារតីសម្រាប់អាណត្តិក្រោយ នៅពេលយើងឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ ដូច្នេះស្មារតីគឺក្រសួងនិងវិស័យត្រូវពិនិត្យយ៉ាងសកម្មនិងស្នើដំណោះស្រាយ។ ច្បាមជាប់ស្ថានភាពជាក់ស្តែង។ លទ្ធភាពត្រូវតែច្បាស់លាស់ ប្រសិទ្ធភាពត្រូវតែជាក់ស្តែង ត្រូវតែកំណត់ដើម្បីជំរុញការអភិវឌ្ឍ រួមចំណែកដល់ការសម្រេចបានគោលដៅដាក់ចេញ”។
របៀបរបបមានលក្ខណៈលោតផ្លោះ ការបើកទូលាយធនធានសម្រាប់សេដ្ឋកិច្ច អាជ្ញាធរមូលដ្ឋានពីរកម្រិត ដែលដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកក្កដា... គឺសុទ្ធតែជាកត្តាអំណោយផលសម្រាប់សេដ្ឋកិច្ចរបស់វៀត ណាមមានការអភិវឌ្ឍថ្មី។ ជាមួយនឹងដំណោះស្រាយប្រកបដោយសមកាលកម្ម និងយ៉ាងខ្លាំងពីរដ្ឋាភិបាល គោលដៅកំណើនផលិតផលក្នុងស្រុកសរុបពី ៨,៣-៨,៥% នៅឆ្នាំនេះគឺអាចធ្វើទៅបាន បង្កើតសន្ទុះ និងមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាល ២០២៦-២០៣០ និងអនុវត្តគោលដៅយុទ្ធសាស្ត្រសម្រាប់ដំណាក់កាល ២០២១-២០៣០ ទាំងមូល៕