ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ី

(VOVWORLD) - នាថ្ងៃទី ១១ មករា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមករា) តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong។ 
ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ី - ảnh 1ប្រធានាធិតបតីឥណ្ឌូនេស៊ីលោក Joko Widodo (រូបថត៖ VNA)

ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរបន្តពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការនិងធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូនេស៊ី ហើយថែមទាំងជាឱកាសសម្រាប់ប្រទេសទាំងពីរទាញយកឱកាស និងសក្តានុពលសហប្រតិបត្តិការលើគ្រប់វិស័យ។

ធ្វើឲ្យស៊ីជម្រៅថែមទៀតដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ី

នារយៈពេលកន្លងទៅ ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងឥណ្ឌូនេស៊ីបានបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ប្រការនេះត្រូវបានបង្ហាញតាមរយៈដំណើរទស្សនកិច្ច និងជំនួបជាន់ខ្ពស់ដូចជា៖ កិច្ចសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ជាមួយប្រធានាធិតបតីឥណ្ឌូនេស៊ីលោក Joko Widodo (ខែសីហា ឆ្នាំ ២០២២) ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទៅកាន់ឥណ្ឌូនេស៊ី (ខែធ្នូ ឆ្នាំ ២០២២) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន៣លើក នៅឥណ្ឌូនេស៊ី (ខែមេសា ឆ្នាំ២០២១ ខែឧសភា និងខែកញ្ញា ឆ្នាំ២០២៣) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ី និងចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី ៤៤ (AIPA- ៤៤ នាខែសីហា ឆ្នាំ២០២៣)។ ក្រោយពីព្រឹត្តិការណ៍ទាំងនេះដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នៅវៀតណាមក្នុងឆ្នាំនេះ នឹងជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងផ្លូវអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម និងឥណ្ឌូនេស៊ី។ ទាក់ទិននឹងអត្ថន័យនៃដំណើរទស្សនកិច្ចលើកនេះឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Ta Van Thong បានសង្កត់ធ្ងន់ថា៖

“ដំណើរទស្សនៈកិច្ចបន្តការប្តេជ្ញាចិត្តនយោបាយរបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរ បង្កើនបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដែលបានបង្កើតឡើងកាលពីជាង ១០ ឆ្នាំកន្លងទៅ (ចាប់តាំងពីឆ្នាំ ២០១៣) ក៏ដូចជាការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ជាពិសេស ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីលោក Joko Widodo បានប្រព្រឹត្តិទៅនាដើមឆ្នាំ ហើយក៏ជាដំណើរទស្សនកិច្ច លើកដំបូងរបស់លោកប្រធានាធិបតីក្នុងឆ្នាំថ្មី ព្រមទាំងជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋដើមដំបូងរបស់
ប្រមុខរដ្ឋបរទេសមកកាន់វៀតណាម។ ប្រការនេះបានសរឲ្យឃើញពីអត្ថន័យដ៏សំខាន់ក្នុងឆ្នាំថ្មី ជាមួយសកម្មភាពកិច្ចការបរទេសរបស់បក្ស និងរដ្ឋ សំដៅជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម ជាមួយមិត្តភក្តិ និងប្រទេសទាំងអស់លើពិភពលោកផងដែរ”។

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ី - ảnh 2ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Ta Van Thong។ រូបថត៖ VOV

ឱកាស និងសក្តានុពលសហប្រតិបត្តិការជាច្រើនរវាងវៀតណាម និងឥណ្ឌូនេស៊ី

ទន្ទឹមនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីក៏ជាចំណុចលេចធ្លោមួយក្នុងទំនាក់ទំនងរវាងវៀតណាម-ឥណ្ឌូនេស៊ីនារយៈពេលកន្លងទៅ។ ជាពិសេសគឺក្រោយពេលប្រទេសទាំងពីរឈានចូលដំណាក់កាលស្ដារក្រោយជំងឺរាតត្បាតកូវីដ ១៩ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីសម្រេចបានកំណើនគួរឲ្យចាប់អារម្មណ៍ បន្តកើនដល់កម្រិតថ្មីៗ ហើយតាមទិសដៅប្រកបដោយតុល្យភាពជាងមុន។ ឥណ្ឌូណេស៊ីបានក្លាយទៅជាទីផ្សារនាំចេញធំជាងគេទីបី ហើយជាទីផ្សារនាំចូលធំទីពីររបស់វៀតណាមក្នុងអាស៊ានក្នុងឆ្នាំ ២០២៣។ ទំហំពាណិជ្ជកម្មទ្វេភាគីកើនពី ៨,២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ ឡើង ១៤,១៧ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២។ ទន្ទឹមនឹងនោះ វិស័យវិនិយោគក៏មានការអភិវឌ្ឍជាច្រើនផងដែរ។ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៣ ទុនវិនិយោគសរុបរបស់ឥណ្ឌូណេស៊ីចូលមកវៀតណាមសម្រេចបាន ៦៥១,២១ លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ២៩ ក្នុងចំណោមប្រទេស និងដែនដីទាំង ១៤៣ដែលមានទុនវិនិយោគនៅវៀតណាម។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនជាច្រើនរបស់ឥណ្ឌូនេស៊ីកំពុងវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាមដូចជា៖ Ciputra, Traveloka, Gojek, PT Vietmindo Energitama, Jafpa Comfeed Vietnam, Semen Indonesia Group។ សហគ្រាស និងសម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនរបស់វៀតណាមមានវត្តមាននៅឥណ្ឌូនេស៊ីដូចជា៖ FPT, គ្រឿងម៉ាស៊ីនបៃតង និងសហគ្រាសផ្សេងៗទៀតក៏កំពុងបំពេញបែបបទវិនិយោគនៅឥណ្ឌូនេស៊ីដូចជា៖ Green Taxi (Vingroup), Vinfast Global, សម្ព័ណ្ធក្រុមហ៊ុន Viet Thai, Thai Binh Shoes, ក្រុមហ៊ុនភាគហ៊ុន Thuan Hai ជាដើម។

នាពេលអនាគត ប្រទេសទាំងពីរបានឯកភាពគ្នាបន្តជំរុញពាណិជ្ជកម្មទ្វេភាគីជាមួយគោលដៅ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៨ តាមទិសដៅមានតុល្យភាពជាងមុន។ លោកឯកអគ្គរដ្ឋទូត Ta Van Thong  មានប្រសាសន៍ថា៖

“គោលដៅដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញគឺមានមូលដ្ឋានច្បាស់លាស់។ ទីមួយ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបន្តមានកំណើនប្រមាណ ១០% ក្នុងមួយឆ្នាំ ក្នុងបរិបទ ដែលពាណិជ្ជកម្មសេដ្ឋកិច្ចសកលថយចុះ ហើយមានការលំបាកជាច្រើន។ ទីពីរ ប្រជាជននៃប្រទេសទាំងពីរបានស្រូបយកប្រមាណ ៦០% នៃចំនួនប្រជាជនអាស៊ាន។ នេះគឺជាទីផ្សារដែលមានសក្តានុពលខ្លាំង។ ដើម្បីសម្រេចឲ្យបានគោលដៅនេះ ភាគីទាំងពីរកំពុងត្រៀមរៀបចំ កិច្ចប្រជុំគណៈកម្មាធិការចម្រុះស្ដីពីសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើកទី ៨ ដើម្បីនាំចេញវិធានការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងភាគីទាំងពីរ។ លើសពីនេះ ប្រទេសទាំងពីរក៏ជាសមាជិកនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន តំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និងជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)។  ដូច្នេះហើយ ភាគីទាំងពីរមានលក្ខខណ្ឌអំណោយផលជាច្រើនដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ”។

ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងទំនុកចិត្តគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ីឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយមានប្រសិទ្ធភាពលើគ្រប់វិស័យសហប្រតិបត្តិការពីមួយថ្ងៃទៅមួយថ្ងៃ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ