ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន លើកកំពស់សំឡេងវៀតណាមក្នុងបញ្ហាសកល

(VOVWORLD) - នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh កំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន និងចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយផ្លូវលើកទី ១៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ចិន បានរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយផ្លូវលើកទី ១៤ របស់ WEF វៀតណាមក៏មានបំណងចង់បញ្ចេញសារស្ដីពីប្រទេសវៀតណាមមួយដោយមានការទទួលខុសត្រូវ និងរួមចំណែកយ៉ាងសកម្មក្នុងបញ្ហាសកលនានាផងដែរ។

ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន លើកកំពស់សំឡេងវៀតណាមក្នុងបញ្ហាសកល - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីចិនលោក Li Qiang។ (រូបថត៖ VOV)

ដំណើរទស្សនកិច្ចប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិនកំពុងរក្សាបាននិន្នាការអភិវឌ្ឍន៍ ហើយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ជំនឿទុកចិត្តនយោបាយរវាងវៀតណាមនិងចិនត្រូវបានពង្រឹង; កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរក្សាបាននូវកំណើន។ ក្រៅពីនោះ វៀតណាមបាននិងកំពុងជាដៃគូគួរឲ្យទុកចិត្តនិងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហ
គមន៍អន្តរជាតិក្នុងយន្តការសហប្រតិបត្តិការពហុភាគីជាច្រើន។

អនុវត្តន៍លើគ្រប់ជ្រុងជ្រោយនូវលទ្ធផល និងការយោគយល់រួមរវាងវៀតណាមនិងចិន

ដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងកំណត់នូវវិធានការនានាដើម្បីអនុវត្តន៍លើគ្រប់ជ្រុងជ្រោយនូវការយោគយល់រួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរដែលសម្រេចបានក្នុងជំនួបកាលពីចុងឆ្នាំមុន បង្កើតកម្លាំងចលករដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច - ពាណិជ្ជកម្ម និងវិនិយោគ។ លោក Dong Yu អនុប្រធានអចិន្រ្តៃយ៍នៃវិទ្យាស្ថានផែនការមេអភិវឌ្ឍន៍ចិន ចំណុះសាកលវិទ្យាល័យ Tsinghua បានធ្វើអត្ថាធិប្បាយថា៖

“យើងមើលឃើញចំណុចសំខាន់មួយនោះគឺវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល។ ខណៈពេលដែលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនក៏បានពន្លឿនការឈានដល់កម្រិតកំពូល និងអព្យាក្រឹតឧស្ម័នកាបូនផងដែរ។ ដូច្នេះ ប្រទេសទាំងពីរមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ ជាពិសេស វៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ខណៈដែលចិនក៏មានមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងវិស័យនេះដែរ។ វៀតណាមក៏ជាប្រទេសដែលមានចំនួនប្រជាជនដ៏ធំជាមួយចំនួនជាង ១០០ លាននាក់ ហើយទំនិញចិនជាច្រើនក៏កំពុងស្វែងរកឱកាសនៅក្នុងទីផ្សារវៀតណាម។ អាចមើលឃើញថា ភាគីទាំងពីរនឹងរកឃើញកាលានុវត្តភាពនិងភាពស្រដៀងគ្នាជាច្រើនបន្ថែមទៀតតាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម”។

ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន លើកកំពស់សំឡេងវៀតណាមក្នុងបញ្ហាសកល - ảnh 2នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរជួបពិភាក្សាការងារ។ (រូបថត៖ VOV)

ក៏តាមរយៈដំណើរទស្សនកិច្ចលើកនេះដែរ មេដឹកនាំនៃប្រទេសទាំងពីរនឹងបន្តពិភាក្សាគ្នាអំពីវិធានការគ្រប់គ្រងការខ្វែងគំនិតគ្នាឲ្យបានល្អ រក្សាបរិយាកាសសន្តិភាព ស្ថិរភាពនៅសមុទ្រ បង្កើនការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី រួមចំណែកយ៉ាងសកម្មក្នុងការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី នឹងផ្ដល់អត្ថប្រយោជន៍ដល់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង WEF

នៅថ្ងៃទី ២៧ ខែមិថុនា នៅពេលអញ្ជើញចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយផ្លូវលើកទី ១៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលមានទ្រង់ទ្រាយធំទីពីរបន្ទាប់ពីវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos (ស្វីស) នោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងចែករំលែកអំពីទស្សនៈវិស័យរបស់វៀតណាមនៅសម័យប្រជុំពេញអង្គ និងសម័យពិភាក្សាសំខាន់ៗមួយចំនួនក្នុងរបៀបវារៈនៃកិច្ចប្រជុំ; រួមជាមួយថ្នាក់ដឹកនាំ WEF ធ្វើជាសហប្រធាននៃកិច្ចសន្ទនាយុទ្ធ
សាស្ត្រថ្នាក់ជាតិវៀតណាម - WEF ចូលរួមវេទិកាធុរកិច្ចវៀតណាម - ចិន ហើយជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃប្រទេស និងសម្ព័ន្ធក្រុមហ៊ុននានាដែលអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai បានអះអាងថា៖

“ការចូលរួមរបស់គណៈប្រតិភូវៀតណាមជាមួយបណ្តាប្រទេស អង្គការ និងសម្ព័ន្ធក្រុមហ៊ុនឈានមុខគេលើពិភពលោក នឹងរួមចំណែកស្នើឡើងដំណោះស្រាយនៅកម្រិតសកល តំបន់ ប្រទេស និងសហគ្រាស ដោយសង្កត់ធ្ងន់លើតួនាទីរបស់វិស័យឯកជន និងកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ជំរុញកម្លាំងចលករថ្មីៗសម្រាប់កំណើនដូចជា ការអភិវឌ្ឍបៃតង ការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍ ជាដើម។ តំបន់អាស៊ី ជាពិសេស ប្រទេសចិន ឥណ្ឌា និងអាស៊ាន ក្នុងនោះមានវៀតណាមផង ក្នុងរយៈពេលកន្លងមក បានផ្លាស់ប្តូរថ្មី និងបើកទ្វារចំហយ៉ាងសកម្ម រក្សាសន្ទុះកំណើនប្រកបដោយស្ថិរភាព ក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការងើបឡើងវិញនិងការអភិវឌ្ឍនៃសេដ្ឋកិច្ចតំបន់ និងពិភពលោក ព្រមទាំងជាមជ្ឈភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ”។

តាមរយៈសន្និសីទលើកនេះ វៀតណាមនឹងបញ្ចេញសារដ៏សំខាន់អំពីគោលដៅ ទស្សនៈ និងទិសដៅអភិវឌ្ឍន៍របស់វៀតណាម; ក្ដាប់យកបញ្ហានិងនិន្នាការថ្មីនៃសេដ្ឋកិច្ចពិភពលោក ផ្លាស់ប្តូរអំពីគំនិតអភិវឌ្ឍន៍ និងអភិបាលកិច្ចនៅកម្រិតសកល តំបន់ និងប្រទេសក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនៃសេដ្ឋកិច្ចពិភពលោក តាមនោះលើកកំពស់តួនាទីនិងសំឡេងរបស់វៀតណាមក្នុងបញ្ហាសកលនានា; បន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម - WEF ឲ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្ដែង”។

ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅប្រទេសចិន និងការចូលរួមកិច្ចប្រជុំជាប្រចាំលើកទី ១៤ អ្នកត្រួសត្រាយផ្លូវរបស់ WEF នៅទីក្រុង Tianjin ប្រាកដថា នឹងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង WEF រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ