ជំរឿនប្រជាជននិងលំនៅដ្ឋានពាក់កណ្តាលអាណត្តិ៖ មូលដ្ឋានសំខាន់ដើម្បីតំរង់ទិសគោលនយោបាយអភិវឌ្ឍន៍

(VOVWORLD) - ចាប់ពីថ្ងៃទី ១ ខែមេសា ប្រទេសវៀតណាម នឹងអនុវត្តន៍ជំរឿនប្រជាជននិងលំនៅដ្ឋានពាក់កណ្តាលអាណត្តិនៅក្នុងខេត្តក្រុងទាំង ៦៣។ ប្រព្រឹត្តទៅក្នុងរយៈពេល ១ ខែ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែមេសា លទ្ធផលនៃជំរឿននេះ នឹងផ្តល់ព័ត៌មានសំខាន់ៗ ដើម្បីជួយវាយតម្លៃអំពីស្ថានភាពអភិវឌ្ឍន៍ប្រជាជនក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ហើយវាយតម្លៃព័ត៌មានស៊ីជម្រៅមួយចំនួនអំពី ប្រជាសាស្ត្រ ដើម្បីជួយតាក់តែងគោលនយោបាយ កសាងផែនការចំនួនប្រជាជន និងលំនៅដ្ឋាននាពេលខាងមុខ។

ជំរឿនប្រជាជននិងលំនៅដ្ឋានពាក់កណ្តាលអាណត្តិ៖ មូលដ្ឋានសំខាន់ដើម្បីតំរង់ទិសគោលនយោបាយអភិវឌ្ឍន៍ - ảnh 1រូបថតឧទាហរណ៍៖ baoxaydung.com.vn

មូលដ្ឋានដើម្បីវាយតម្លៃពីស្ថានភាពអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម

ជំរឿនប្រជាជននិងលំនៅដ្ឋានពាក់កណ្តាលអាណត្តិឆ្នាំ ២០២៤ ត្រូវបានធ្វើឡើងដើម្បីប្រមូលព័ត៌មានអំពីចំនួនប្រជាជន និងលំនៅដ្ឋាន ធ្វើជាមូលដ្ឋានសម្រាប់វាយតម្លៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងដំណាក់កាល ២០២១ - ២០២៥; តាក់តែងគោលនយោបាយ កសាងផែនការចំនួនប្រជាជន និងលំនៅដ្ឋាន ដើម្បីបម្រើការកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដំណាក់កាល ២០២៦ - ២០៣០; ឃ្លាំមើលការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដែលរដ្ឋាភិបាលវៀតណាមបានសន្យា។ ទន្ទឹមនឹងនោះ ជំរឿនក៏ផ្តល់ទិន្នន័យអំពីទំហំប្រជាជនដល់ថ្នាក់ស្រុក ៥ ឆ្នាំក្រោយពីជំរឿនទូទៅប្រជាជន និងលំនៅដ្ឋាននៅឆ្នាំ២០១៩ផងដែរ។

ប្រធាននាយកដ្ឋានប្រមូលទិន្នន័យ និងការអនុវត្តបច្ចេកវិទ្យាព័ត៌មានស្ថិតិ(អគ្គនាយកដ្ឋានស្ថិតិ) លោកស្រី Vu Thi Thu Thuy បានឲ្យដឹងថា៖

“ជំរឿននឹងផ្តល់ព័ត៌មានយ៉ាងលម្អិតអំពីស្ថានភាពប្រជាជន ក៏ដូចជាគុណភាពប្រជាជន ដើម្បីបម្រើការវាយតម្លៃ តាក់តែងគោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលខាងមុខ។ មុននោះ ជំរឿនទូទៅប្រជាជនឆ្នាំ ២០១៩ បានផ្តល់ព័ត៌មានសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្អែកលើមូលដ្ឋានគ្រឹះ៖ ចំនួនប្រជាជនគឺជាឫសគល់ ហើយក៏បានផ្ដល់អនុសាសន៍ ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយផ្អែកលើចំនួនប្រជាជនមាសនាពេលកន្លងមក ក៏ដូចជាអនុសាសន៍គោលនយោបាយដើម្បីធានា តុល្យភាពយេនឌ័រនាពេលខាងមុខផងដែរ”។

ជាលើកដំបូងដែលវៀតណាមជំរឿនស្ថិតិជនបរទេសដែលកំពុងរស់នៅ និងធ្វើការ

ចំណុចថ្មីមួយនៅក្នុងជំរឿនប្រជាជននិងលំនៅដ្ឋានលើកនេះ គឺការប្រមូលព័ត៌មានអំពីជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសវៀតណាមផងដែរ។ យោងតាមលោក Cao Van Hoach អនុប្រធាននាយកដ្ឋានប្រមូលទិន្នន័យ និងការអនុវត្តបច្ចេកវិទ្យាព័ត៌មានស្ថិតិ ការប្រមូលព័ត៌មានអំពីជនបរទេសដែលកំពុងធ្វើការនៅវៀតណាមគឺជាមូលដ្ឋានដើម្បីចងក្រងសូចនាករស្ថិតិ ជួយវៀតណាមជាបឋមមានប្រភពទិន្នន័យដែលអាចទុកចិត្តបាន ដើម្បីវាយតម្លៃពីមាត្រដ្ឋាន លក្ខណៈសេដ្ឋកិច្ចសង្គម និងលក្ខណៈប្រជាសាស្រ្តរបស់ជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម។ ពីនោះ មានគោលនយោបាយសមស្រប ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ជនបរទេសក្នុងការរស់នៅ ប្រកបការងារ និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រោះនេះជាប្រភពធនធានដ៏សំខាន់ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសណាមួយ។

ការជំរឿនស្ថិតិព័ត៌មានអំពីជនបរទេស រួមមានសំណួរចំនួន ១០ ទាក់ទងនឹងយេនឌ័រ អាយុ សញ្ជាតិ ទីកន្លែងកំណើត ស្ថានភាពធ្វើដំណើរ... ស្ថាប័នមានសមត្ថកិច្ចនឹងគួបផ្សំវិធីសាស្ត្រប្រមូលព័ត៌មានដោយផ្ទាល់ (តាមរយៈអ្នកបកប្រែ) និងដោយប្រយោល (តាមរយៈកម្រងសំណួរ) ជាមួយជនបរទេស។ កម្រងសំណួរត្រូវបានបកប្រែជា ៦ ភាសា រួមមាន អង់គ្លេស បារាំង រុស្ស៊ី ចិន កូរ៉េខាងត្បូង និងជប៉ុន ហើយផ្ញើទៅកាន់គ្រួសារជនបរទេស ដែលសមាជិកគ្រួសារទាំងអស់មិនអាចប្រើប្រាស់ភាសាវៀតណាមបាន។

៥ ឆ្នាំចាប់តាំងពីជំរឿនទូទៅប្រជាជនឆ្នាំ ២០១៩ ត្រូវបានអនុវត្តន៍ ចំនួនប្រជាជនវៀតណាមសរុបនៅពេលនោះមានប្រហែលជាង ៩៦,២ លាននាក់។ ជាមួយនឹងលទ្ធផលខាងលើ ក្នុងឆ្នាំ ២០១៩ វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលចំនួនប្រជាជនមាស ប៉ុន្តែទន្ទឹមនឹងនោះគឺការកើនឡើងយ៉ាងឆាប់រហ័សនៃប្រជាជនវ័យចំណាស់។

លទ្ធផលនៃជំរឿនប្រជាជននិងលំនៅដ្ឋាននពាក់កណ្ដាលអាណត្តិឆ្នាំនេះ នឹងត្រូវប្រកាសនៅខែធ្នូ ឆ្នាំ២០២៤។ ការប្រមូលព័ត៌មានអំពីចំនួនប្រជាជន និងលំនៅដ្ឋាន មិនត្រឹមតែជាមូលដ្ឋានសម្រាប់វាយតម្លៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ២០២១ - ២០២៥ ប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានដើម្បីឲ្យមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ និងរដ្ឋសភានីតិកាលទី ១៦ កសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ដំណាក់កាល ២០២ - ២០៣០ ទៀតផង។ លើសពីនេះ វាជាទិន្នន័យដ៏សំខាន់ដើម្បីឃ្លាំមើលការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដែលវៀតណាមបានសន្យា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ