(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងលោកជំទាវ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែសីហា។ ដំណើរទស្សនកិច្ចនេះបានអះអាងនូវគោលនយោបាយយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាមដែលចង់អភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងឡើងកម្ពស់ថ្មី ទន្ទឹមនឹងនោះបានផ្សព្វផ្សាយសារថា វៀតណាមកំពុងឈានចូលយុគសម័យថ្មី ហើយត្រូវការការរួមដំណើររបស់មិត្តអន្តរជាតិ ជាពិសេសដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងនោះ មានប្រទេសកូរ៉េខាងត្បូងផងដែរ។
អគ្គលេខាបក្ស លោក តូ ឡឹម គឺជាភ្ញៀវបរទេសដំបូងគេរបស់រដ្ឋបាលប្រធានាធិបតីគូរ៉េខាងត្បូងថ្មី លោក Lee Jae Myung និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទៅកាន់កូរ៉េខាងត្បូងក្នុងរយៈពេល ១១ ឆ្នាំកន្លងទៅ។
ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អបំផុតមិនធ្លាប់មានតាំងពីមុនមក ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាផ្លូវការ ក្នុងខែធ្នូ ឆ្នាំ២០២២។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងលោកជំទាវ នឹងអញ្ជើញទោបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១០-១៣ ខែសីហា។ រូបថត៖ VOV |
ដៃគូសំខាន់ជួរមុខរបស់គ្នាទៅវិញទៅមក ក្នុងវិស័យជាច្រើន
ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងនាពេលថ្មីៗនេះ បានបោះជំហានស្ទុះផ្លោះទៅមុខ ហើយបានក្លាយជាដៃគូសំខាន់ជួរមុខរបស់គ្នាទៅវិញទៅមកក្នុងវិស័យជាច្រើន។
បច្ចុប្បន្ន កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការវិនិយោគផ្ទាល់នៅវៀតណាម ចំណាត់ថ្នាក់ទីពីរក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (ODA) ពលករ និងទេសចរណ៍ ហើយជាប់ចំណាត់ថ្នាក់ទីបីក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ ផ្ទុយទៅវិញ វៀតណាមជាដៃគូសេដ្ឋកិច្ចធំបំផុតរបស់កូរ៉េខាងត្បូងក្នុងអាស៊ាន ស្រូបយក ៣០% នៃការវិនិយោគ និង ៥០% នៃទំហំពាណិជ្ជកម្មសរុបរវាងកូរ៉េខាងត្បូងនិងអាស៊ាន។ ប្រទេសទាំងពីរកំពុងឆ្ពោះទៅរកការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០០ ពាន់លានដុល្លារ នៅឆ្នាំនេះ និង ១៥០ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ក្រោមទិសដៅតុល្យភាព និងនិរន្តរភាព។
ប្រទេសទាំងពីរជានិច្ចកាលបង្កលក្ខខណ្ឌអំណោយផលបំផុតសម្រាប់គ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការវិនិយោគ។ ក្នុងព្រឹត្តិការណ៍ “ជំនួបកូរ៉េខាងត្បូង ២០២៥” ដែលបានប្រព្រឹត្តទៅនៅវៀតណាម នាខែឧសភាកន្លងទៅ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖ “រដ្ឋាភិបាលវៀតណាមប្តេជ្ញាបង្កើតបរិយាកាសវិនិយោគបើកចំហប្រកបដោយតម្លាភាព បន្តជំរុញកំណែទម្រង់បែបបទរដ្ឋបាល អភិបាលកិច្ចឆ្លាតវៃ អនុវត្តន៍បដិវត្តន៍នៃការរៀបចំអង្គភាពរដ្ឋបាល កាត់បន្ថយអន្តរការី លុបបំបាត់យន្តការស្នើសុំនិងឲ្យ ជំរុញវិមជ្ឈការនិងវិសហមជ្ឈការ តាមទិសបង្រួម ខ្លាំងមាំមួន សុពលភាព និងប្រសិទ្ធភាព; បង្កើតលក្ខខណ្ឌអំណោយផលនិងគាំទ្រការដោះស្រាយបញ្ហាជំពាក់ជំពិនសម្រាប់សហគ្រាសបរទេស រួមទាំងសហគ្រាសកូរ៉េខាងត្បូង វិនិយោគប្រកបដោយស្ថិរភាពនិងយូរអង្វែងនៅវៀតណាម”។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son ថ្លែងមតិក្នុងព្រឹត្តិការណ៍ “ជំនួបកូរ៉េខាងត្បូង២០២៥”។ រូបថត៖ An Dang/VNA |
បច្ចុប្បន្ន កូរ៉េខាងត្បូងកំពុងជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យសំខាន់ៗដូចជា៖ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត ថាមពល រួមទាំងថាមពលនុយក្លេអ៊ែរ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។
កូរ៉េខាងត្បូងបន្តជាទីផ្សារទេសចរណ៍ធំបំផុតសម្រាប់វៀតណាម។ នៅឆ្នាំ ២០២៤ មានប្រជាជនកូរ៉េខាងត្បូងចំនួន ៤,៦ លាននាក់ បានមកទស្សនាវៀតណាម ខណៈដែលចំនួនភ្ញៀវទេសចរវៀតណាមទៅកាន់កូរ៉េខាងត្បូងសម្រេចបាន ៥១០.០០០ នាក់។ ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរកូរ៉េខាងត្បូងជិត ២លាននាក់។ ភាគីទាំងពីរក៏បានសម្របសម្រួលរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍ជាប្រចាំនៅប្រទេសនីមួយៗ។ ក្នុងព្រឹត្តិការណ៍ Korea Travel Festa ២០២៥ នៅទីក្រុងហូជីមិញ កាលពីខែមិថុនាកន្លងទៅ លោក Kim Jong Hoon អនុប្រធាស្តីទីនៃអគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា៖ “ព្រឹត្តិការណ៍គឺជាឱកាសសម្រាប់ភ្ញៀវទេសចរវៀតណាមចូលរួមដោយផ្ទាល់ ទទួលបទពិសោធន៍នៃវប្បធម៌កូរ៉េខាងត្បូង តាមរយៈសកម្មភាពអន្តរកម្មជាក់ស្តែង។ តាមនោះ រួមចំណែកបំផុសការយកចិត្តទុកដាក់និងអារម្មណ៍វិជ្ជមានចំពោះទេសចរណ៍កូរ៉េខាងត្បូងក្នុងចំណោមប្រជាជនវៀតណាម”។
លោក Kim Jong Hoon អនុប្រធាស្តីទីនៃអគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូង បានថ្លែងក្នុងព្រឹត្តិការណ៍ Korea Travel Festa ២០២៥។ រូបថត៖ TITC |
បច្ចុប្បន្នមានគ្រួសារពហុវប្បធម៌កូរ៉េខាងត្បូង-វៀតណាមជិត១០០.០០០ គ្រួសារ។ នៅចំពោះមុខដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្ស តូ ឡឹម នៅកូរ៉េខាងត្បូង ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័មានវៀតណាម ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអះអាងថា ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន គឺជាស្ពានដ៏រឹងមាំដែលតភ្ជាប់និងជំរុញការអភិវឌ្ឍរបស់ប្រជាជាតិទាំងពីរវៀតណាម និងកូរ៉េខាងត្បូង។
ដំណើរទស្សនកិច្ចឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង
ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្ស តូ ឡឹម នៅកូរ៉េខាងត្បូងលើកនេះ បង្ហាញយ៉ាងច្បាស់អំពីការអភិវឌ្ឍទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង ដែលត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងទៅ។ ការផ្លាស់ប្តូរ និងកិច្ចព្រមព្រៀងក្នុងដំណើរទស្សនកិច្ចនេះគឺជាការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង។
យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Vu Ho ដំណើរទស្សនកិច្ចលើកនេះទំនងជានឹងរួមបញ្ចូលនូវសកម្មភាពចម្រុះ និងសម្បូរបែបជាមួយនឹងសញ្ញាសម្គាល់ជាយុទ្ធសាស្ត្រក្នុងវិស័យនយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម វប្បធម៌ និងសិល្បៈ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនផងដែរ។ ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថានឹងបើកចេញមុខមាត់ថ្មីសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង ដោយមានការរីកចម្រើនទាំងបរិមាណនិងគុណភាព។ ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខាបក្ស លោក តូ ឡឹម នឹងក្លាយជាប្រភពលើកទឹកចិត្តដ៏ធំធេងសម្រាប់សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង ដែលជានិមិត្តរូបនៃការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋវៀតណាមចំពោះជនវៀតណាមនៅបរទេសនិយាយរួម និងនៅកូរ៉េខាងត្បូងនិយាយដោយឡែក។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Vu Ho ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។ រូបថត៖ Truong Giang/VNA |
ពិភពលោកនិងតំបន់និយាយរួម ហើយប្រទេសទាំងពីរវៀតណាម និងកូរ៉េ ខាងត្បូងនិយាយដោយឡែក ក៏កំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីផងដែរ។ ឱកាសនិងបញ្ហាប្រឈមបានឆ្លាស់គ្នា។ ហើយនេះជាពេលវេលាដ៏ស័ក្តិសមសម្រាប់ថ្នាក់ដឹកនាំនៃភាគីទាំងពីររួមគ្នាបញ្ជូនសារស្តីពីការប្តេជ្ញាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយ។ ខ្លឹមសារដែលបានពិភាក្សាក្នុងដំណើរទស្សនកិច្ចនេះ នឹងមានសារៈសំខាន់ជាយុទ្ធសាស្ត្រ កំណត់រូបរាងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង ដើម្បីបន្តអភិវឌ្ឍន៍ក្នុងយុគសម័យថ្មីដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសទាំងពីរ៕