ដើម្បីពិភពលោកមួយប្រកបដោយសុវត្ថិភាព និងគ្មានអាវុធនុយក្លេអ៊ែរ

(VOVWORLD) - កាលពីចុងសប្តាហ៍កន្លងទៅ កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសុពលភាព នៃសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) ទទួលបានការបោះជំហានដ៏ធំធេងមួយ ខណៈដែល អង្គការសហប្រជាជាតិបានប្រកាសជាផ្លូវការថាប្រទេសហុងឌូរ៉ាសបានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ ហើយក្លាយជាប្រទេសទី ៥០ ដែលបានផ្ដល់សច្ចាប័នលើឯកសារនេះ។ 
ដើម្បីពិភពលោកមួយប្រកបដោយសុវត្ថិភាព និងគ្មានអាវុធនុយក្លេអ៊ែរ - ảnh 1សារមន្ទីរគ្រាប់បែកបរមាណូណា (រូបថត៖ AFP)

ហេតុដូច្នេះហើយ TPNW មានលក្ខណៈគ្រប់គ្រាន់ ដើម្បីចូលជាធរមាន ក្រោយរយៈពេល ៩០ ថ្ងៃទៀត (ពោលគឺខែមករា ឆ្នាំ ២០២១)។ ប្រទេស និងអង្គការអន្តរជាតិជាច្រើនបានសម្ដែងការអបអរសាទរ ហើយចាត់ទុកថា នេះគឺជាមូលដ្ឋាន ដើម្បីធានា អនាគតពិភពលោកប្រកបដោយសុវត្ថិភាព។

លុបបំបាត់អាវុធនុយក្លេអ៊ែរដើម្បីអនាគតប្រកបដោយសុវត្ថិភាព

ក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានគណកម្មការកាកបាទក្រហមអន្តរជាតិ (ICRC) លោក Peter Maurer បានប្រកាសថា ព្រឹត្តិការណ៍ TPNW មានលក្ខណៈពេញលេញ ដើម្បីចូលជាធរមាន គឺជា "ជ័យជំនះរបស់មនុស្សជាតិ ដើម្បីអនាគតប្រកបដោយសុវត្ថិភាពជាង" ។ ទន្ទឹមនឹងនេះ នៅលើគណនី Twitter អង្គការយុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលធ្លាប់ដើរតួនាទីស្នូល ក្នុងការជំរុញអង្គការសហប្រជាជាតិ ដើម្បីអនុម័តលើTPNW ហើយទទួលបានរង្វាន់ ណូបែលសន្តិភាពឆ្នាំ ២០១៧ បានប្រកាសថា ប្រទេសហុងឌុរ៉ាសបានក្លាយទៅជាប្រទេសទី ៥០ ដែលបានផ្ដល់សច្ចាប័នលើ TPNW ហើយធ្វើឱ្យសន្ធិសញ្ញានេះចូលជាធរមាន ក៏ដូចជាបង្កើត“ ប្រវត្តិសាស្ត្រ”ផងដែរ។

ក្នុងពេលនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Gutteres បានអះអាងថា ការរំសាយនុយក្លេអ៊ែរគឺជាអាទិភាពរបស់អង្គការសហប្រជាជាតិ។ ដើម្បីផលប្រយោជន៍សន្តិសុខនោះ ពិភពលោកចាំបាច់ត្រូវដើរលើផ្លូវរួម ដែលគ្មានអាវុធនុយក្លេអ៊ែរ។ មុននេះ កាលពីថ្ងៃទី ៦ ខែសីហា អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍ដែលមានប្រទេសចំនួន ៣ បានផ្ដល់សច្ចាប័នលើ TPNW នោះ  អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានលើកច្បាស់ថា គ្រោះអាសន្ននៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយចេតនា ឬចៃដន្យ ឬក៏ការគណនាខុសគឺខ្ពស់ណាស់ ព្រោះថា និន្នាការបែបនេះកំពុងកើតឡើង។យោងតាមប្រមុខអង្គការសហប្រជាជាតិថា "មធ្យោបាយតែមួយគត់ ដើម្បីលុបបំបាត់គ្រោះអាសន្ននុយក្លេអ៊ែរទាំងស្រុង គឺជាការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង" ។

មិនទាន់អស់ក្ដីព្រួយបារម្ភ

នាបច្ចុប្បន្ននេះ ពិភពលោក មានការព្រួយបារម្ភចំពោះការដែលសហរដ្ឋអាមេរិកនិងរុស្ស៊ីនៅតែមិនទាន់ឯកភាពគ្នាលើការព្យាពេល សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START) ។ លើលពីនេះទៅទៀត បណ្ដាកងកម្លាំងគាំទ្រពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរក៏នៅតែបារម្ភចំពោះការ ដែលប្រទេសជាសមាជិកអចិន្រ្តៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គឺសហរដ្ឋអាមេរិក អង់គ្លេស បារាំង រុស្ស៊ី និងចិនគឺសុទ្ធតែមិនទាន់ចូលរួម TPNW ផងដែរ។

ក្នុងនាមជាប្រទេសមួយដែល រងការឈឺចាប់ដ៏ធ្ងន់ធ្ងរ ដោយសារសង្គ្រាមនោះ វៀតណាមជានិច្ចកាលម្ចាស់ការកសាងពិភពលោកមួយប្រកបដោយសន្តិភាព ស្ថិរភាព ហើយគ្មានអាវុធនុយក្លេអ៊ែរ។ សារស្ដីពីគោលការឥតងាករេរបស់វៀតណាមក្នុងបញ្ហានេះតែងតែត្រូវបាន សម្តែងជាប្រចាំ ជាបន្តបន្ទាប់ និងច្បាស់លាស់។ នាពេលថ្មីៗនេះ នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី ១) នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានបើកកាលពីថ្ងៃទី ៩ ខែតុលា ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ តាងនាមបណ្ដាប្រទេសជាសមាជិកអាស៊ាន បានថ្លែងអះអាងថា អាស៊ានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ អំពីការប្រឆាំងនឹងការរីកសាយភាយ និងការរំសាយសព្វាវុធប្រល័យលោក អនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សំដៅឆ្ពោះទៅរកពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានលើកច្បាស់អំពីការព្រួយបារម្ភរបស់អាស៊ាននូវវត្តមានរបស់អាវុធនុយក្លេអ៊ែរ ក៏ដូចជាផលវិបាកនៃការប្រើប្រាស់អាវុធនេះផងដែរ។ អាស៊ានជឿជាក់ថាការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងគឺជាដំណោះស្រាយតែមួយគត់ ហើយគាំទ្រ ការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ក៏ដូចជាឆ្ពោះទៅរក សន្និសិទត្រួតពិនិត្យ NPT លើកទី ១០ ឆ្នាំ ២០២១ ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ