ទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-EUកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព

(VOVWORLD) - ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ អនុប្រធានប្រតិបត្តិគណៈកម្មាធិការអឺរ៉ុប (EC) លោក Frans Timmermans បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមតបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Le Van Thanh។ ក្នុងបរិបទដែលជម្ងឺរាតត្បាតវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងការប្រកួតប្រជែងភូមិសាស្ត្រយុទ្ធសាស្ត្រលើទូទាំងសកលលោកកាន់តឹងតែងឡើងៗ ដំណើរទស្សនកិច្ចដោយមានរបៀបវារៈគ្របដណ្ដប់លើខ្លឹមសារសំខាន់ជាច្រើននេះ បានបង្ហាញសារជាថ្មីម្ដងទៀតនូវការគោរពរបស់ភាគីទាំងពីរចំពោះការជំរុញ ពង្រឹងទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម-EU ឲ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាពថែមទៀត។

ទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-EUកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព - ảnh 1អនុប្រធានប្រតិបត្តិគណៈកម្មាធិការអឺរ៉ុប (EC) លោក Frans Timmermans។
(រូបថត៖ baotainguyenmoitruong.vn)

នៅខែមិថុនាឆ្នាំ២០១២ វៀតណាមនិងសហភាពអឹរ៉ុប (EU) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-EU (PCA)។ អស់រយៈពេលជិត ១០ឆ្នាំកន្លងមក វៀតណាមនិង EU បានខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីកសាងនិងដាក់ពង្រាយដំណោះស្រាយអនុវត្តន៍កិច្ចព្រមព្រៀងនេះ។ រហូតមកដល់ពេលនេះ ទំនាក់ទំនងវៀតណាម-EU បានកត់ត្រាការរីក ចម្រើនយ៉ាងឆាប់រហ័សដែលត្រូវបានបង្ហាញតាមរយៈសន្ទស្សន៍សំខាន់ជាច្រើន។

សម្រេចបានសមិទ្ធផលលេចធ្លោលើវិស័យជាច្រើន

លើវិស័យនយោបាយ-ការទូត ទោះបីជារងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ប៉ុន្តែនាពេលកន្លងមក ភាគីទាំងពីរនៅតែរក្សាការជួបប្រាស្រ័យគ្នានិងការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ទៅវិញទៅមក។ ក្នុងនោះ មានជំនួបរវាងប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ (ខែកញ្ញាឆ្នាំ២០២១); ជំនួបរវាងនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Von der Leyen នៅខាងក្រៅកិច្ចប្រជុំ COP២៦ (ខែវិច្ឆិកាឆ្នាំ២០២១); និងដំណើរទស្សនកិច្ចជាផ្លូវការនៅ EU របស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue (ខែកញ្ញាឆ្នាំ២០២១)។

លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម នាបច្ចុប្បន្ន EU ជាអ្នកផ្ដល់ជំនួយឥតសំណងដ៏ធំបំផុត ជាទីផ្សារនាំចេញធំបំផុតទី៣ ទីផ្សារនាំចូលធំបំផុតទី៥ និងវិនិយោគិនធំបំផុតទី៦ របស់វៀតណាម។ ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានទឹកប្រាក់ចំនួន៦៣,៦ពាន់លានដុល្លាអាមេរិក កើនជិត១៥%បើធៀបនឹងឆ្នាំ២០២០។ គិតត្រឹមចុងឆ្នាំ២០២១ មានប្រទេស EU ចំនួន២៥ក្នុងចំណោមប្រទេស EU សរុបទាំង២៧ បានបណ្ដាក់ទុនជិត២២,៥ពាន់លានដុល្លាអាមេរិកចូលមកវៀតណាម លើគម្រោងកំពុងមានសុពលភាពជិត ២៣០០គម្រោង។ ក្នុងដំណាក់កាល២០១៤-២០២០ EU បានផ្ដល់ជំនួយឥតសំណងចំនួន៤០០លានអឺរ៉ូជូនដល់វៀតណាម ហើយសន្យាឧបត្ថម្ភ ២១០ លានអឺរ៉ូប ន្ថែមទៀតក្នុងដំណាក់កាល២០២១-២០២៤។ គួរឲកត់ សម្គាល់ថា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ដែលជាសញ្ញាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី។

ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា សុខាភិបាល យុត្តិធម៌ អប់រំ ថាមពល ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយធម្មជាតិ ផងដែរ។ EU បាននិងកំពុងជួយឧបត្ថម្ភដល់គម្រោងសំខាន់មួយចំនួនដូចជា ជួយឧបត្ថម្ភគោលនយោបាយអភិវឌ្ឍន៍ថាមពលនិងបង្កើនការធ្វើលទ្ធកម្មថាមពលប្រកបដោយចីរភាពនៅតំបន់ជនបទ តំបន់ខ្ពង់រាបនិងតំបន់កោះសមុទ្រ; កម្មវិធី “សញ្ចឹងគិតឡើងវិញអំពីប្ល៉ាស្ទិក - ដំណោះស្រាយសេដ្ឋកិច្ចវិលជុំសម្រាប់កាកសំណល់ប្ល៉ាស្ទិកនៅសមុទ្រ” ដំណាក់កាល២០២១-២០២៤; កម្មវិធីបម្លែងថាមពលប្រកបដោយចីរភាព ជាដើម។ ជាពិសេស EU បានផ្ដល់ជំនួយជាវ៉ាក់សាំងការពារកូវីដ-១៩ ក្នុងបរិមាណធំដល់វៀតណាមនាពេលកន្លងមក។ តាមនោះ EU និងប្រទេសសមាជិកនានាបានសន្យាហើយផ្ដល់ជំនួយជាវ៉ាក់សាំងចំនួនជិត៤០លានដូសតាមរយៈយន្តការ COVAX TEAM EUROPE និងទ្វេភាគី រួមជាមួយសម្ភារៈបរិក្ខារពេទ្យជាច្រើនផ្សេងទៀត។

អាចបញ្ជាក់បានថា ទំនាក់ទំនងវៀតណាម-EU មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងរឹងមាំ លើវិស័យសឹងតែទាំងអស់។ EU បានក្លាយទៅជាដៃគូមួយក្នុងចំណោមដៃគូដ៏សំខាន់ជួរមុខរបស់វៀតណាម។

បន្តជំរុញទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-EU

រាល់លទ្ធផលវិជ្ជមានដែលសម្រេចបាននាពេលកន្លងមក គឺជាមូលដ្ឋានគ្រឹះនិងកម្លាំងជំរុញឲ្យ វៀតណាមនិង EU បន្តពង្រីកទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឲ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាពថែមទៀត។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ អនុប្រធានប្រតិបត្តិ EC លោក Frans Timmermans មានសកម្មភាពសំខាន់ៗជាច្រើន ក្នុងនោះមានជំនួបសម្ដែងការគួរសមជាមួយលោកនាយករដ្ឋមន្រ្តី Pham Minh Chinh; ជំនួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្រ្តី Le Van Thanh និងជំនួបធ្វើការជាច្រើនទៀតជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានារបស់វៀតណាម។

មុននឹងដំណើរទស្សនកិច្ច ភាគីទាំងពីរសុទ្ធតែសម្ដែងនូវការគោរពនិងគោលបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-EU ជាពិសេសលើវិស័យទប់ទល់នឹងការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការនៅតាមវេទិកាពហុភាគីនានាផងដែរ។ ក្នុងនោះ វៀតណាមមានបំណងថា EU និងបណ្ដាប្រទេសសមាជិកនឹងអនុម័តលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម-EU (EVIPA) ក្នុងពេលឆាប់ៗ; ដកកាតលឿង IUU ចំពោះជលផលវៀតណាមដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ