ទំនាក់ទំនងរវាងវៀតណាមនិងស.ប.បកូរ៉េ៖ ឆ្ពោះទៅរកអនាគត

(VOVWORLD) - តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong ប្រធានបក្សពលករសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.បកូរ៉េ) លោក Kim Jong-un បានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពជា ផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២ ខែមីនា។ ដំណើរទស្សនកិច្ចរបស់ លោកប្រធាន Kim Jong-un បានបន្តប្រពៃណីទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ រវាងវៀតណាមនិងស.ប.បកូរ៉េ ក្នុងរយៈពេលច្រើនទសវត្សកន្លងទៅ ព្រមទាំង នាំមកនូវកាលានុវត្តភាពសហប្រតិបតិ្តការយ៉ាងទូលំទូលាយនាពេលខាងមុខ ផង ដែរ។

ក្នុងអំឡុងពេលរាប់សិបឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងវៀតណាមនិងស.ប.បកូរ៉េ ជានិច្ចកាលត្រូវបានប្រជាជននៃប្រទេសទាំងពីរថែរក្សានិងពូនជ្រុំ តាមនោះសម្រេចបាននូវសមិទ្ធផលជាច្រើន។

        ប្រវត្តិសាស្ត្រនៃទំនាក់ទំនង

        វៀតណាមនិងស.ប.បកូរ៉េបានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៥០។ ទំនាក់ទំនងនេះត្រូវបានពង្រឹងថែមទៀតពេលដែលលោកប្រធានហូជីមិញអញ្ជើញទៅបំពេញទស្សនកិច្ចនៅស.ប.បកូរ៉េនាឆ្នាំ១៩៥៧។ ត្រឹមតែមួយឆ្នាំបន្ទាប់មក នាយករដ្ឋមន្រ្តីស.ប.បកូរ៉េលោក Kim Il Sung ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ដែរ។

        ក្នុងចន្លោះពីឆ្នាំ១៩៦៤ដល់ឆ្នាំ១៩៦៩ ពេលដែលការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិករបស់ប្រជាជនវៀតណាមកំពុងប្រព្រឹត្តទៅយ៉ាងកាចសាហាវនោះ ស.ប.បកូរ៉េ បានជួយឧបត្ថម្ភផ្នែកយោធា ហើយចាត់បញ្ជូនអ្នកបើកបរយន្តហោះទៅវៀតណាមសិក្សារៀនសូត្រនិងប្រយុទ្ធ។ នាឆ្នាំ១៩៦៤ លោក Kim Il Sung បានវិលត្រឡប់មកវៀតណាមវិញតាមរយៈដំណើរទស្សនកិច្ចក្រៅផ្លូវការមួយ។ ក្នុងទសវត្សទី៦០និងដើមទសវត្សទី៧០នៃសតវត្សមុន ស.ប.បកូរ៉េបានជួយបណ្ដុះបណ្ដាលនិស្សិតនិងកម្មាភិបាលរាប់រយនាក់សម្រាប់វៀតណាម។ លោក Truong Van Nguyen អតីតនិស្សិតវៀតណាមនៅស.ប.បកូរ៉េ បានចែករំលែកថា៖

        “ខ្ញុំបានទៅរៀននៅស.ប.បកូរ៉េចាប់ពីឆ្នាំ១៩៦៥ដល់ឆ្នាំ១៩៧២។ គ្រានោះ ប្រជាជនស.ប.បកូរ៉េមានមនោសញ្ចេតនាដ៏ល្អណាស់ចំពោះវៀតណាម ជាពិសេសគឺលោកប្រធាន Kim Il Sung យកចិត្តទុកដាក់យ៉ាងខ្លាំងដល់និស្សិតវៀតណាម។ ក្នុងរយៈពេលសិក្សានៅទីនោះ ខ្ញុំចាំថា លោកប្រធានបានទៅអន្តេវាសិកដ្ឋានវៀតណាមចំនួន៣លើក ហើយជួបសំណេះសំណាលជាមួយនិស្សិតវៀតណាមយ៉ាង កក់ក្ដៅនិងស្និទ្ធស្នាលណាស់។ ប្រជាជនស.ប.បកូរ៉េក៏ស្រឡាញ់រាប់អាននិស្សិតវៀតណាមដូច្នេះដែរ។ នាបច្ចុប្បន្ន ទោះបីជាស្ថានភាពពិភពលោកមានការប្រែប្រួលយ៉ាងស្មុគស្មាញក្ដី ប៉ុន្តែខ្ញុំចាត់ទុកថា ចំណងមិត្តភាពរវាងវៀតណាមនិងស.ប.បកូរ៉េមិនផ្លាស់ប្ដូរអ្វីឡើយ។

        ក្នុងអំឡុងពេល៧០ឆ្នាំនៃទំនាក់ទំនងទ្វេភាគី ប្រទេសទាំងពីរសម្រេចបាននូវសមិទ្ធផលសហប្រតិបតិ្តការដ៏ល្អប្រសើរជាច្រើនហើយប្រពៃណីនោះនៅតែបន្តរហូតដល់សព្វថ្ងៃនេះ។

        វៀតណាមនិងស.ប.បកូរ៉េឆ្ពោះទៅរកកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយ

        ក្រោយពីឡើងកាន់អំណាចកាលពីចុងឆ្នាំ២០១១ ប្រធានស.ប.បកូរ៉េលោក Kim Jong-un បានប្រកាសយុទ្ធសាស្ត្រអភិវឌ្ឍថ្មី ដោយមានសសរទ្រូងចំនួន២នោះគឺការអភិវឌ្ឍសេដ្ឋកិច្ចដោយតភ្ជាប់នឹងការពង្រីកសមត្ថភាពនុយក្លេអ៊ែរ។ នៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៧របស់បក្សពលករស.ប.បកូរ៉េ កាលពីខែឧសភាឆ្នាំ២០១៦ ព្យុងយ៉ាងបានសង្កត់ធ្ងន់ថា ត្រូវប្រមូលផ្ដុំប្រភពកម្លាំងទាំងមូលដើម្បីកសាងប្រទេសក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចលើពិភពលោក ដែលខ្លួនទី ពឹងខ្លួន និងយកវិទ្យាសាស្ត្របច្ចេកវិទ្យាធ្វើជាគម្នាស់។ ក្នុងទំនាក់ទំនងកិច្ចការបរទេស ស.ប.បកូរ៉េ នឹងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយប្រទេសទាំងអស់ដែលគោរពអធិបតេយ្យភាពនិងប្រព្រឹត្តប្រកបដោយមិត្តភាពជាមួយប្រទេសខ្លួន ព្រមទាំងខិតខំប្រឹងប្រែងក្នុងការកសាងពិភពលោកថ្មីប្រកបដោយសុខសន្តិភាពនិងសមភាពផងដែរ។ ចំពោះវៀតណាម ស.ប.បកូរ៉េ មានគោលបំណងចង់រក្សាទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើនការជួបប្រាស្រ័យ កិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនអោយបានស្របតាមតម្រូវការនិងសក្ដានុភាពនៃប្រទេសទាំងពីរ និងការអភិវឌ្ឍនៃស្ថានភាពថ្មី ផងដែរ។ ឯកអគ្គរដ្ឋទូតស.ប.បកូរ៉េប្រចាំវៀតណាមលោក Kim Myong-gil ក្នុងព្រឹត្តិការណ៍មួយកាលពីឆ្នាំ២០១៨ បានសង្កត់ធ្ងន់ថា៖

        “ស.ប.បកូរ៉េជានិច្ចកាលគោរពនិងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីពង្រឹងនិងពង្រីក ថែមទៀតនូវទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាម ដែលត្រូវបានបង្កើតនិងពូនជ្រុំដោយលោកប្រធាន Kim Il Sung និងលោកប្រធានហូជីមិញ។ នោះគឺជាគោលជំហរដ៏ឥតងាករេរបស់យើងខ្ញុំ”។

        នាពេលថ្មីៗនេះ នាខែកុម្ភៈ ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅស.ប.បកូរ៉េ ដែលក្នុងនោះលោកបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយស.ប.បកូរ៉េ ក្នុងការកសាងប្រទេសជាតិ អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធ្វើសមាហរណកម្មអន្តរជាតិដោយឈរលើសំណើររបស់ស.ប.បកូរ៉េ។

        ក្នុងកាលៈទេសៈដែលទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងស.ប.បកូរ៉េកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរនោះ គឺដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់ប្រធានលោក Kim Jong-un នឹងបន្តរួមចំណែកនាំមកនូវកាលានុវត្តភាពថ្មីៗសម្រាប់ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ