(VOVWORLD) - វៀតណាមទើបតែបានដំណើរការប្រកបដោយជោគជ័យនូវសម័យសន្ទនាលើរបាយការណ៍ជាតិស្តីពីការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ក្រោមយន្តការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR) វដ្តទី ៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
បងប្អូនជនរួមជាតិចាមឥស្លាម Ba Ni Binh Thuan ។ រូបថត៖ VOV |
ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឡើងសម្លេងអំពីការចោទប្រកាន់ដែលខ្វះមូលដ្ឋានរបស់គណៈកម្មាការទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក (USCIRF) នៅពេលវាយតម្លៃអំពីស្ថានភាពសេរីភាពខាងជំនឿសាសនានៅវៀតណាម ព្រោះថា ទាំងនេះគឺជាការវាយតម្លៃខ្វះសត្យានុម័ត ហើយមានលក្ខណៈប្រកាន់ក្នុងចិត្ត និងមិនត្រឹមត្រូវ"។
ការយល់ឃើញ និងការវាយតម្លៃអំពីសេរីភាពខាងជំនឿសាសនានៅវៀតណាមត្រឹមតែផ្អែកលើករណីដាច់ដោយឡែក មិនមានលក្ខណៈទូទៅ ឬវាយតម្លៃដោយផ្អែកលើទស្សនៈខ្វះសត្យានុម័ត និងលម្អៀងគឺសុទ្ធតែមិនត្រូវបានវៀតណាមទទួលយកបានឡើយ។
វាយតម្លៃអំពីសេរីភាពខាងជំនឿសាសនានៅវៀតណាមត្រូវតាមរយៈចក្ខុវិស័យទូទៅ
នៅវៀតណាម មិនថានៅតំបន់ណា ចាប់ពីអង្គភាពរដ្ឋបាលទាបបំផុតគឺភូមិស្រុក ពោលគឺគ្រប់ទីកន្លែងក៏មានវត្តមានគ្រឹះស្ថានជំនឿសាសនា ទាំងនៅតំបន់ដែលមានស្ថានភាពលំបាក ជាពិសេសគឺកោះសមុទ្រឆ្ងាយដាច់ស្រយាល ឬនៅតាមឃុំតាមតំបន់ព្រំដែន។ ទីសក្ការបូជាជាង ៣ ម៉ឺនកន្លែងមានវត្តមាននៅតាមតំបន់ភូមិភាគទាំង ៣ នៃប្រទេសជាតិ។ បងប្អូនជនរួមជាតិពុទ្ធបរិស័ទបានប្រារព្ធពិធីបុណ្យនៅតាមវត្តអារាម និងទីសក្ការបូជាដោយសេរី។ បងប្អូនជនរួមជាតិកាន់សាសនាកាតូលិក និងប្រូតេស្តង់បានប្រារព្ធពិធីបុណ្យនៅតាមព្រះវិហារជារៀងរាល់ថ្ងៃ និងរៀងរាល់សប្តាហ៍។ បងប្អូនជនរួមជាតិកាន់សាសនា Cao Dai និង Hoa Hao ក៏បានប្រារពពិធីបុណ្យដោយសេរីនៅតាមទីសក្ការបូជាដ៏ធំទូលាយ ហើយថែមទាំងបានក្លាយទៅជាគោលដៅទេសចរណ៍ខាងវិញ្ញាណសម្រាប់ភ្ញៀវទេសចររាប់ម៉ឺននាក់ទៀតផង។
បរិមាណអ្នកកាន់សាសនាបានកើនឡើងឥតឈប់ឈរ ចំនួនទីស្ការបូជា គ្រឹះស្ថានបណ្ដុះបណ្ដាល និងចំនួនគម្ពីរសាសនាក៏បានកើនឡើងផងដែរ។ គឹតត្រឹមឆ្នាំ ២០២២ ចំនួនអ្នកកាន់សាសនាបានកើន ៥៦ ពាន់នាក់ ចំនួនអ្នកមុខអ្នកការកើនជាង ៨១០ នាក់ ហើយទីសក្ការបូជាកើនប្រមាណ ១៤០ កន្លែង។ ទាំងនោះគឺជាតួរលេខប៉ាន់ប្រមាណរបស់គណៈកម្មាធិការសាសនារដ្ឋាភិបាល។
បច្ចុប្បន្ននេះ វៀតណាមមានអ្នកកាន់សាសនាប្រមាណ ២៧ លាននាក់មកពីគ្រប់សាសនា ស្រូបយកប្រមាណ ២៧% នៃចំនួនប្រជាជន។ ក្រៅពីសាសនាសំខាន់ៗដែលសមាជិកច្រើនដូចជា ពុទ្ធសាសនា កាតូលិក ប្រូតេស្ដង់ ពុទ្ធសាសនា Hoa Hao Cao Dai នោះ នៅវៀតណាមក៏មានសាសនាជាច្រើនទៀតដូចជាសាសនាឥស្លាម Tịnh độ cư sỹ Phật hội, ពុទ្ធសាសនា Tứ Ân Hiếu Nghĩa, ព្រាហ្មណ៍, Bửu Sơn Kỳ Hương, សាសនា Minh Sư đạo និងសាសនា Minh lý đạo។
ដូច្នេះ ការយល់ឃើញ និងការវាយតម្លៃអំពីសេរីភាពសាសនានៅវៀតណាម គឺត្រឹមតែផ្អែកតែលើករណីដាច់ដោយឡែកប៉ុណ្ណោះ ពោលគឹមិនមានលក្ខណៈទូទៅ ឬការវាយតម្លៃដោយផ្អែកលើចក្ខុវិស័យខ្វះសត្យានុម័ត និងលំអៀងគឺសុទ្ធតែមិនគួរឱ្យជឿទុកចិត្តបានឡើយ។
អ្នកាន់សាសនា Cao Dai នៅ Tay Ninh ។ រូបថត៖ VOV |
សេរីភាពខាងជំនឿសាសនានៅវៀតណាម៖ ការវិវឌ្ឍវិជ្ជមានជាក់ស្ដែង
នាថ្ងៃទី ២៣ ធ្នូ ឆ្នាំ ២០២៣ បុរីវ៉ាទីកង់បានប្រកាសថា សម្តេចប៉ាប Pope Francis បានតែងតាំង អាសឺវ៉ែក Marek Zalewski ជាតំណាងប្រចាំការដើមដំបូងរបស់បុរីវ៉ាទីកង់ប្រចាំនៅវៀតណាម។ នេះគឺជាលទ្ធផលនៃដំណើរការផ្លាស់ប្តូរជាវិជ្ជមានក្នុងស្មារតីនៃការគោរព កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងបង្ហាញពីគោលនយោបាយឥតងាករេគោរព និងធានាសេរីភាពខាងជំនឿសាសនា បង្កលក្ខណៈងាយស្រួលដល់សកម្មភាពរបស់សាសនានានា ក្នុងនោះមានសាសនាកាតូលិករបស់រដ្ឋវៀតណាម។
រដ្ឋវៀតណាមក៏បានអនុវត្តន៍វិធានការជាបន្តបន្ទាប់ដើម្បីបង្កលក្ខណៈដ៏ល្អប្រសើរជាងសម្រាប់បងប្អូនជនរួមជាតិដែលកាន់សាសនា។ រដ្ឋសភាបានអនុម័តលើច្បាប់ស្ដីពីជំនឿសាសនានាឆ្នាំ២០១៦។ រដ្ឋាភិបាលបានចេញសេចក្ដីសម្រេចចិត្តជាច្រើន។ ជាពិសេស ច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) ចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំនេះ នឹងចូលរួមចំណែកដោះស្រាយការលំបាកអំពីដីធ្លីពាក់ព័ន្ធនឹងសាសនា។ នាបច្ចុប្បន្ន គ្រឹះស្ថានសាសនាចំនួន ៧០% ត្រូវបានផ្តល់លិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដីធ្លីនៅទូទាំងប្រទេស។ រដ្ឋក៏បានបង្កលក្ខណៈងាយស្រួលដល់អង្គការសសនា ជួយជួសជុលកែលម្អ និងសាងសង់គ្រឹះស្ថានសាសនាថ្មី។ពិធីបុណ្យសំខាន់ៗនៃសាសនាដូចជា៖ បុណ្យវិសាខបូជា បុណ្យ Vu Lan នៃព្រះពុទ្ធសាសនា បុណ្យណូអែល បុណ្យអ៊ីស្ទើររបស់បងប្អូនកាតូលិក និងប្រូតេស្តង់ ពិធីបុណ្យ Kate របស់បងប្អូនជនរួមជាតិចាម ខែរ៉ាម៉ាដានរបស់អ្នកកាន់សាសនាឥស្លាមត្រូវបានរៀបចំដោយទ្រង់ទ្រាយធំ ដែលទាក់ទាញអ្នកកាន់សាសនាជាច្រើនមកចូលរួម។ នាដើមឆ្នាំនេះ រដ្ឋបានទទួលស្គាល់អង្គការសាសនាចំនួន ៤៣ ។
ទាក់ទងនឹងទំនាក់ទំនងអន្តរជាតិ នាឆ្នាំមុន យោងតាមការធ្វើស្ថិតិរបស់គណៈកម្មការសាសនារដ្ឋាភិបាលបានឲ្យដឹងថា អ្នកមុខអ្នកការជាង ៣០០ នាក់បានចូលរួមសន្និសីទ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលសាសនានៅបរទេស ហើយជនបរទេសប្រមាណ ៤០០ លើកនាក់បានចូលមកវៀតណាមធ្វើសកម្មភាពសាសនា។
ការពិតជាក់ស្តែងនៃសកម្មភាពសាសនា និងការអភិវឌ្ឍសាសនានានា គឺជាភស្ដុតាងសត្យានុម័តបំផុតស្ដីពីសេរីភាពសាសនានៅវៀតណាម។ ការពិតជាក់ស្ដែងនេះក៏បានសរឲ្យឃើញយ៉ាងច្បាស់លាស់ថា ការវាយតម្លៃអំពីសាសនានៅវៀតណាមគឺមិនអាចផ្អែកលើករណីដាច់ដោយឡែកបានឡើយ៕