ធានាសន្តិសុខសង្គម៖ ចំណុចភ្លឺរបស់វៀតណាមក្នុងឆ្នាំ ២០២១

(VOVWORLD) - សន្តិសុខសង្គមគឺជាសសរស្តម្ភមូលដ្ឋានមួយនៃប្រព័ន្ធគោលនយោបាយសង្គមនៅវៀតណាម។ នៅឆ្នាំ២០២១ វៀតណាម បានផ្សព្វផ្សាយគោលនយោបាយសន្តិសុខសង្គមជាច្រើន ដែលមិនធ្លាប់មានពីមុនមក ដោយដាក់ពង្រាយវិធានការជួយឧបត្ថម្ភជាបន្ទាន់ដើម្បីជួយប្រជាជននិងសហគ្រាសកាត់បន្ថយការលំបាក ដែលបណ្តាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩។ តាមនោះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាពនិងធានាមនុស្ស។

ធានាសន្តិសុខសង្គម៖ ចំណុចភ្លឺរបស់វៀតណាមក្នុងឆ្នាំ ២០២១ - ảnh 1ជូនអំណោយសម្រាប់គ្រួសារដែលកំពុងអនុវត្តន៍ការធ្វើចត្តាឡីស័ក (រូបថត៖ Thanhuytphcm.vn)

សសរស្តម្ភជាមូលដ្ឋាននៃប្រព័ន្ធសន្តិសុខសង្គមរួមមាន ការបង្កើតការងារធ្វើ ការធានារ៉ាប់រងសង្គម ជំនួយសង្គម និងការកាត់បន្ថយភាពក្រីក្រ ដែលដឹកនាំដោយរដ្ឋ ដើម្បីបង្កើតឡើងបណ្តាញសុវត្ថិភាពពហុស្រទាប់សម្រាប់សមាជិកទាំងអស់ ក្រុមសង្គមទាំងអស់ ជាពិសេសមុខសញ្ញាងាយរងគ្រោះ។ ក្នុងបរិបទឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋាភិបាលបានចេញគោលនយោបាយសុខុមាលភាពចំនួន ៣ កញ្ចប់ធំ។ ជាងនេះទៅទៀត មានគោលនយោបាយជាច្រើនដែលមិនធ្លាប់មានពីមុនមក និងដំណោះស្រាយពិសេសក្នុងបរិបទពិសេស ដើម្បីឆ្លើយតបភ្លាមៗ ចំពោះតម្រូវការបន្ទាន់។

ទាន់ពេលវេលានិងមានប្រសិទ្ធិភាព

យោងតាមស្ថិតិរបស់ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបង្ហាញថា នៅឆ្នាំ២០២១ និយោជកជាង ៧៤០.០០០  និងប្រជាជនជាង ៤២.៨លាននាក់... បានទទួលផលពីគោលនយោបាយសន្តិសុខសង្គម។ ចំណាយសរុបគឺជិត ៧១.៥ ពាន់ពាន់លានដុង។ គោលនយោបាយជួយឧបត្ថម្ភបានផ្តោតទៅលើក្រុមធំៗ ចំនួន ៣៖  ក្រុមគោលនយោបាយធានារ៉ាប់រង; ក្រុមគោលនយោបាយឧបត្ថម្ភខាងរូបិយវត្ថុ; ក្រុមគោលនយោបាយផ្តល់ប្រាក់កម្ចី។ ជាពិសេស សេចក្តីសម្រេចចិត្តលេខ ១១៦/NQ-CP ស្តីពីគោលនយោបាយជួយឧបត្ថម្ភដល់និយោជិតនិងនិយោជក ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ពីមូលនិធិធានារ៉ាប់រងភាពអត់ការងារធ្វើ គឺជាគោលនយោបាយដែលមិនធ្លាប់មានពីមុនមក ដែលរួមចំណែកជួយកម្មករនិយោជិត  ជម្នះការលំបាក ស្ថិរភាពជីវភាពប្រចាំថ្ងៃ។

ក្រៅពីអនុវត្តន៍គោលនយោបាយជួយឧបត្ថម្ភតាមសេចក្តីសម្រេចចិត្តនានារបស់រដ្ឋាភិបាល គោលនយោបាយសន្តិសុខសង្គមមួយចំនួនទៀតក៏នឹងត្រូវបានអនុវត្តន៍នៅឆ្នាំ ២០២១ផងដែរ។ មូលនិធិគាំពារកុមារវៀតណាមបានសម្របសម្រួលជាមួយខេត្ត ក្រុងចំនួន ៤៦ ដើម្បីផ្តល់ជំនួយជិត ១៥ ពាន់លានដុង សម្រាប់កុមារជាង ៤ ពាន់នាក់កំព្រាឪពុកម្តាយដោយសារជំងឺកូវីដ-១៩ និងទារករបស់ស្ត្រីមានផ្ទៃពោះឆ្លងជំងឺកូវីដ១៩…។ ទន្ទឹមនឹងគោលនយោបាយបង្កើតការងារធ្វើ ផ្តល់ជំនួយកម្ចី ដើម្បីធ្វើឱ្យគោលនយោបាយសន្តិសុខសង្គមកាន់តែមាននិរន្តរភាព វៀតណាមបានដាក់ចេញនូវដំណោះស្រាយដែលអាចបត់បែនបានភ្លាមៗ ដើម្បីធានាឱ្យបានល្អបំផុតនូវផលប្រយោជន៍របស់អ្នកចូលរួមធានារ៉ាប់រងសង្គម។

ស្តារឡើងវិញទីផ្សារការងារ

កត្តាមួយដើម្បីធានាសន្តិសុខសង្គមគឺការថែទាំដល់កម្មករ ជួយឧបត្ថម្ភនិងស្ដារទីផ្សារការងារ។ នៅឆ្នាំ២០២១ វៀតណាមបានចេញកម្មវិធីមួយដើម្បីជួយដល់ការស្តារនិងអភិវឌ្ឍន៍ទីផ្សារការងារ។ គោលដៅគឺដើម្បីរក្សាអត្រាគ្មានការងារធ្វើនៅទីក្រុងឱ្យនៅខាងក្រោម ៤% និងអត្រាគ្មានការងារធ្វើនៅជនបទឱ្យនៅក្រោម ២%។ កម្មវិធីនេះមានគោលបំណងជួយដល់និយោជិតដែលកំពុងធ្វើការនៅសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗ  តំបន់ឧស្សាហកម្មនិងតំបន់បច្ចេកវិទ្យាខ្ពស់ ឱ្យមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការងារនិងចូលរួមក្នុងការស្តារឡើងវិញនូវផលិតកម្មនិងអាជីវកម្ម ជាពិសេសជួយឧបត្ថម្ភដើម្បីទាក់ទាញពលករក្រៅខេត្ត ឲ្យវិលត្រឡប់មកធ្វើការវិញ។

ដើម្បីបង្កើតការងារល្អ ប្រាក់ចំណូលប្រកបដោយនិរន្តរភាព ក៏ដូចជាការបណ្តុះបណ្តាល លើកកម្ពស់គុណភាពការងារ កម្មវិធីដើម្បីជួយឧបត្ថម្ភដល់ការស្តារនិងការអភិវឌ្ឍទីផ្សារការងារ ក៏រួមចំណែកដល់ការកសាងនិងអភិវឌ្ឍន៍គំរូផលិតកម្មប្រកបដោយសុវត្ថិភាព។ ទន្ទឹមនឹងនោះ បង្កើតប្រព័ន្ធព័ត៌មាន ទិន្នន័យក្នុងលក្ខណៈទាន់ពេលវេលា ដើម្បីបម្រើការតភ្ជាប់រវាងការផ្គត់ផ្គង់កម្លាំងពលកម្មនិងតម្រូវការការងារ។ ភារកិច្ចសំខាន់មួយក្នុងចំណោមភារកិច្ចសំខាន់ៗទាំង ៦ ត្រូវបានដាក់ចេញ រួមមានការស្រាវជ្រាវ កសាងនិងរៀបចំការអនុវត្តគោលនយោបាយឧបត្ថម្ភនិយោជិត ធានាសន្តិសុខសង្គម និងទាក់ទាញកម្មករឱ្យចូលធ្វើការវិញជាដើម។

រាល់សមិទ្ធិផលស្តីពីសន្តិសុខសង្គមក្នុងឆ្នាំ ២០២១ បង្ហាញថា ផលប្រយោជន៍សុខុមាលភាពរបស់ប្រជាជនបន្តត្រូវបានយកចិត្តទុកដាក់កាន់តែល្អជាង ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ រួមចំណែកក្នុងការធានាបាននូវសិទ្ធិមនុស្សជាមូលដ្ឋានមួយ ដែលបានស្ថិតក្នុងក្រុមសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ដែលបានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) ឆ្នាំ ១៩៤៨ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ