បើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការជាមួយអេហ្ស៊ីប និងអង់ហ្គោឡា
(VOVWORLD) - ចាប់ពីថ្ងៃទី ៣-៩ ខែសីហា ប្រធានរដ្ឋវៀតណាម លោក លឿង គឿង លោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប និងសាធារណរដ្ឋអង់ហ្គោឡា។ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ណាស់បើករយៈពេលថ្មីនៃការអភិវឌ្ឍក្នុងទំនាក់ទំនងរវាងវៀតណាមនិងប្រទេសទាំងពីរ។
នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានរដ្ឋវៀតណាមទៅកាន់ប្រទេសអេហ្ស៊ីបក្រោយរយៈពេលជាង ៧ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៨ មក។ សម្រាប់ប្រទេសអង់ហ្គោឡា នេះគឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំវៀតណាមចាប់តាំងពីឆ្នាំ ២០០៨ មក ហើយបានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួប ៥០ឆ្នាំ នាំការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអង់ហ្គោឡា (១៩៧៥-២០២៥)។
លទ្ធផលនិងការយល់ដឹងរួមដែលលោកប្រធានរដ្ឋ លឿង គឿង សម្រេចបានជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចលើកនេះ នឹងក្លាយជាទិសដៅយ៉ាងសំខាន់ មានឥទ្ធិពលយូរអង្វែងលើការអភិវឌ្ឍន៍ទំនាក់ទំនងនាពេលខាងមុខ។
ប្រធានរដ្ឋវៀតណាម លោក លឿង គឿង។ រូបថត៖ VOV |
បង្កើតរបកគំហើញ និងលើកកំពស់ទំនាក់ទំនងវៀតណាម-អេហ្ស៊ីប
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីបរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង (ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ សីហា) មានអត្ថន័យជាយុទ្ធសាស្ត្រ ដោយជិះឥទ្ធិពលរយៈពេលវែងដល់ការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អេហ្ស៊ីប ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឈានចូលយុគសម័យថ្មី យុគសម័យនៃការអភិវឌ្ឍន៍ថ្មី។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប Phan Huy Dung បានសង្កត់ធ្ងន់ថា៖ “ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង លើកនេះ គឺជាព្រឹត្តិការណ៍នយោបាយការបរទេសដ៏សំខាន់របស់ប្រទេសទាំងពីរ ដែលមានសារៈសំខាន់ពិសេស បង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើតរបកគំហើញ លើកកំពស់ទំនាក់ទំនង ពង្រឹងទំនុកចិត្តនយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី តាមនោះ បង្កើតកម្លាំងចលករ បើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងវៀតណាម និងអេហ្ស៊ីប”។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋ លឿង គឿង បានជួបសន្ទនាជាន់ខ្ពស់ជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi; ជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់អេហ្ស៊ីប។ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងទ្វេភាគីដែលកំពុងអភិវឌ្ឍន៍ ភាគីទាំងពីរគ្រោងនឹងលើកកំពស់ទំនាក់ទំនងទ្វេភាគីទៅភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ សំដៅបើកចេញលំហថ្មីពោពេញទៅដោយសក្តានុពលនិងឱកាសសហប្រតិបត្តិការ ជាពិសេស ក្នុងវិស័យសេដ្ឋកិច្ច។ អេហ្ស៊ីបគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់វៀតណាមក្នុងតំបន់អាហ្រ្វិកខាងជើង ដោយមានទំហំពាណិជ្ជកម្មបច្ចុប្បន្នឈានដល់ជាង ៥៤១ លានដុល្លារអាមេរិក ដែលជាចំនួនខ្ពស់បំផុតនៅក្នុងតំបន់។ ឯកអគ្គរដ្ឋទូត Phan Huy Dung បានមានប្រសាសន៍ថា៖ “ប្រទេសទាំងពីរមានប្រៀបខ្លាំងជាច្រើនដែលអាចបំពេញបន្ថែមគ្នាទៅវិញទៅមក ព្រោះប្រទេសទាំងពីរសុទ្ធតែជាទីផ្សារដ៏ធំជាមួយប្រជាជនជាង ១០០ លាននាក់ និងមានទីតាំងភូមិសាស្ត្រសំខាន់នៅលើផែនទីពិភពលោក។ ក្នុងក្របខ័ណ្ឌចូលរួមសន្និសីទគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគតលើកទី៨ នៅប្រទេសអារ៉ាប៊ីសាអូឌីត នាខែតុលា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជិញ បានឯកភាពជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Mostafa Madbouly ក្នុងការជំរុញសហគ្រាសនៃប្រទេសទាំងពីរធ្វើការវិនិយោគទៅវិញទៅមកលើវិស័យយានយន្តអគ្គិសនី ការស្រាវជ្រាវផ្នែកទន់ ថាមពលកកើតឡើងវិញ ថាមពលពន្លឺព្រះអាទិត្យ បរិវត្តកម្នបៃតងនិងបរិវត្តកម្មឌីជីថល។ ម្ហូបហាឡាល់ សន្តិសុខស្បៀងអាហារ; ឆ្ពោះទៅរកទំនាក់ទំនងសេដ្ឋកិច្ចនៅកម្ពស់ថ្មីមួយ”។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Phan Huy Dung ឆ្លើយតបអ្នកសារព័ត៌មាននៃ វិទ្យុសម្លេងវៀតណាម។ រូបថត៖ PV/VOV-Cairo |
ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-អង់ហ្គោឡាលើវិស័យជាច្រើន
វៀតណាមនិងអង់ហ្គោឡាជាប្រទេសទាំងពីរដែលមានទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យ។ ប្រទេសទាំងពីរបានផ្តល់ការគាំទ្រដ៏មានតម្លៃដល់គ្នាទៅវិញទៅមកក្នុងដំណើរការតស៊ូដណ្ដើមឯករាជ្យ ឯកភាព និងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិក៏ដូចជានៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអង់ហ្គោឡា (៦-៩ សីហា) របស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង គឺជាឱកាសសម្រាប់ប្រទេសទាំងពីរពិនិត្យ និងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ព្រមទាំងស្នើទិសដៅអភិវឌ្ឍន៍និងវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភាគីទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។
អង់ហ្គោឡា ជាប្រទេសដែលមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍដោយមានកម្លាំងពលកម្មវ័យក្មេង និងសម្បូរបែប តម្រូវការទំនិញខ្ពស់ រដ្ឋាភិបាលកំពុងផ្តោតលើការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច លើកកំពស់សមត្ថភាពផលិតកម្មក្នុងស្រុក ជាពិសេសលើវិស័យកសិកម្ម ការផលិតទំនិញប្រើប្រាស់ ដោយផ្តោតការវិនិយោគលើការកែលម្អប្រព័ន្ធដឹកជញ្ជូន និងទូរគមនាគមន៍។ ទន្ទឹមនឹងនោះ វៀតណាមកំពុងជំរុញការនាំចេញទំនិញទៅកាន់ពិភពលោក រួមទាំងទីផ្សារអាហ្វ្រិកផងដែរ។ នេះជាពេលវេលាដ៏ស័ក្តិសមបំផុតសម្រាប់ប្រទេសទាំងពីរដើម្បីទាញយកអត្ថប្រយោជន៍ពីប្រៀបខ្លាំងរបស់ខ្លួនដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមនៅប្រទេសអង់ហ្គោឡា ដែលជាប្រធានប្តូរវេននៃសហភាពអាហ្រ្វិក ក៏ជាឱកាសដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអាហ្វ្រិក អង់ហ្គោឡា និងអាស៊ានផងដែរ។ តាមនោះ លើកកម្ពស់តួនាទីជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអាហ្វ្រិក។
ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទៅកាន់អេហ្ស៊ីប និងអង់ហ្គោឡា គឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់របស់វៀតណាមក្នុងឆ្នាំនេះ។ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រ មានឥទ្ធិពលយូរអង្វែងលើការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងពីរ ពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងបើកសក្តានុពលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕