បង្កើតកម្លាំងចលករសម្រាប់កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - វេទិកាសេដ្ឋកិច្ច-សង្គមវៀតណាមឆ្នាំ ២០២៣ ដោយរដ្ឋសភាវៀតណាមរៀបចំឡើងនាថ្ងៃទី ១៩ កញ្ញា នៅទីក្រុងហាណូយ បានសង្កត់ធ្ងន់លើសារមួយ គឺត្រូវការកសាង និងជំរុញធនធានផ្ទៃក្នុងដ៏រឹងមាំ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងភាពមិនប្រាកដប្រជានៃកត្តាខាងក្រៅ។ នេះជាមេរៀនដ៏សំខាន់មួយពីការពិតនៃការរីកចម្រើនរបស់វៀតណាម នៅពេលប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈម បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩។ ពិសេសជាងនេះទៅទៀត វៀតណាមត្រូវបង្កើននិងលើកកំពស់ “កម្លាំងផ្ទៃក្នុង” អនុវត្ត និងធ្វើអាជីវកម្ម “កម្លាំងខាងក្រៅ” ប្រកបដោយប្រសិទ្ធភាព និងបង្កើតកម្លាំងចលករសម្រាប់កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។

បង្កើតកម្លាំងចលករសម្រាប់កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1ទិដ្ឋភាពនៃវេទិកាសេដ្ឋកិច្ចសង្គមវៀតណាមឆ្នាំ២០២៣ ដោយរដ្ឋសភាវៀតណាម
រៀបចំឡើងនាថ្ងៃទី ១៩ ខែកញ្ញា នៅទីក្រុងហាណូយ (រូបថត៖ quochoi.vn)

ក្រោមប្រធានបទ “បង្កើនកម្លាំងផ្ទៃក្នុង បង្កើតកម្លាំងចលករសម្រាប់កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព” វេទិកាសេដ្ឋកិច្ច-សង្គមវៀតណាមឆ្នាំ ២០២៣ បានធ្វើការវាយតម្លៃទូទៅអំពីសមត្ថភាព កម្លាំងផ្ទៃក្នុងនៃសេដ្ឋកិច្ច កត្តាជាកម្លាំងខាងក្រៅដែលកើតមានឡើង  និងដំណោះស្រាយដើម្បីពង្រីកប្រកបដោយប្រសិទ្ធភាពរាល់កម្លាំងចលករទាំងនោះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។

លើកកំពស់សមត្ថភាព ជំរុញកម្លាំងផ្ទៃក្នុងរបស់សេដ្ឋកិច្ច

តំណាងចូលរួមក្នុងអង្គប្រជុំបានចាត់ទុកថា ការអភិវឌ្ឍវិស័យផលិតកម្មនៃសេដ្ឋកិច្ច រួមទាំងកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម; ជំរុញការបើកចំណាយដើមទុនវិនិយោគសាធារណៈ  ជំរុញតម្រូវការប្រើប្រាស់ អភិវឌ្ឍន៍ទីផ្សារក្នុងប្រទេស និងលើកកម្ពស់ផលិតភាពការងារនឹងលើកកំពស់សមត្ថភាពសេដ្ឋកិច្ច។ ការអនុវត្តព្រមៗគ្នា និងការរួមបញ្ចូលគ្នា នៃកត្តាទាំងនេះនឹងរួមចំណែកជំរុញកម្លាំងចលករនៃខឿនសេដ្ឋកិច្ចទាំងមូល។ បណ្ឌិត Nguyen Dinh Cung អតីតប្រធានវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមបានលើកមតិថា៖ “ដំណោះស្រាយទីមួយគឺយើងត្រូវធ្វើឲ្យមានស្ថិភាពម៉ាក្រូសេដ្ឋកិច្ច។ ទីពីរ យើងត្រូវកែលម្អបរិយាកាសធ្វើអាជីវកម្ម ដកចេញរបាំង ដើម្បីបង្កើតភាពងាយស្រួលអតិបរមាសម្រាប់អង្គភាពអាជីវកម្ម។ ទីបីគឺជួយអង្គភាពអាជីវកម្មកាត់បន្ថយការចំណាយ កាត់បន្ថយអត្រាការប្រាក់ ថ្លៃសេវា ថ្លៃពន្ធ   និងការលើកលែងពន្ធ។ ដំណោះស្រាយទាំងអស់នេះគឺរួមចំណែកបង្កើនតម្រូវការប្រើប្រាស់ ហើយក៏ជាដំណោះស្រាយដើម្បីជួយដល់អង្គភាពអាជីវកម្មផងដែរ”។

យោងតាមប្រតិភូ ធនធានមនុស្សគឺជាកម្លាំងចលករផ្ទៃក្នុងស្នូលនៃសេដ្ឋកិច្ច។ ដូច្នេះ វៀតណាមត្រូវបន្តពង្រឹងគុណភាពប្រព័ន្ធអប់រំ បណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ពង្រឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្តោតសំខាន់លើការវិនិយោគ និងត្រៀមប្រភពធនធានមនុស្សវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់ពេលអនាគត។ បណ្ឌិត Hoang Van Cuong សមាជិកគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកានៃរដ្ឋសភាបានលើកឡើងនូវបញ្ហា៖

“សក្ដានុពលអំពីមនុស្ស អំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសនៅពេលដែលយើងកំពុងស្ថិតនៅក្នុងសម័យកាលប្រជាជនមាស គឺជាសមត្ថភាពផ្ទៃក្នុងដើម្បីបង្កើតការលើកទឹកចិត្តសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីឱ្យយើងអាចដាស់ធនធានខាងក្នុងរបស់យើង និងតភ្ជាប់ជាមួយនិន្នាការពិភពលោក បង្កើតឋានៈជាតិនៅក្នុងខ្សែសង្វាក់សេដ្ឋកិច្ចពិភពលោក”។

អនុវត្តន៍និងធ្វើអាជីវកម្ម "កម្លាំងខាងក្រៅ" ប្រកបដោយប្រសិទ្ធភាព

យោងតាមគណៈប្រតិភូ វៀតណាមត្រូវរៀបចំយ៉ាងសកម្មនូវលក្ខខណ្ឌចាំបាច់ ព្រមទាំងជំរុញនិងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជំនាន់ថ្មី វិនិយោគិនយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចថ្មីជាមួយបច្ចេកវិទ្យាខ្ពស់ បច្ចេកវិជ្ជាទំនើប មានផែនការវិនិយោគសម្រាប់ស្រាវជ្រាវ និងអភិវឌ្ឍន៍ តភ្ជាប់ និងផ្ទេរបច្ចេកវិទ្យាជាមួយសហគ្រាសក្នុងប្រទេស ដើម្បីជំរុញការនាំចេញ ឆ្ពោះទៅរកការនាំចេញប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនោះ បង្កើនការទាក់ទាញការវិនិយោគពីបរទេសនិងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ អនុបណ្ឌិត Nguyen Xuan Thanh សាស្ត្រាចារ្យនៃសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង Fulbright បានផ្តល់អនុសាសន៍ថា៖ “ផ្តល់អាទិភាពដល់គោលនយោបាយក្នុងការលើកកម្ពស់ការផ្លាស់ប្តូរបៃតង។ នោះមិនត្រឹមតែជាការវិនិយោគផ្ទាល់លើថាមពលកកើតឡើងវិញប៉ុណ្ណោះទេ ថែមទាំងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតផងដែរ។ យើងទាំងអស់គ្នាមានការរំពឹងទុកយ៉ាងខ្លាំងចំពោះរលកនៃការវិនិយោគនៅវៀតណាមដែលបានផ្តល់នូវឥទ្ធិពលវិជ្ជមាននៃការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ទៅកាន់ប្រទេសដែលមានស្ថិរភាព សន្តិភាព និងមានដៃគូជាច្រើន”។

ការបង្កើតកម្លាំងកំណើនថ្មីសម្រាប់សេដ្ឋកិច្ច

គណៈប្រតិភូបានផ្តល់នូវសំណើគោលនយោបាយជាច្រើន ដោយផ្តោតលើកត្តាជំរុញសំខាន់ៗចំនួន ៥ រួមមាន (១) ការលើកកម្ពស់សមាហរណកម្មក្នុងតំបន់ ការស្តារឡើងវិញ និងកំណើននៃកត្តាជំរុញសេដ្ឋកិច្ច; (២) អភិវឌ្ឍវិស័យសេដ្ឋកិច្ចឯកជន និងសហគ្រាសក្នុងប្រទេស; (៣) លើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង; (៤) សុក្រិត និងលើកកម្ពស់គុណភាពនៃរបៀបរបបសេដ្ឋកិច្ច; (៥) លើកកំពស់ឋានៈរបស់វៀតណាមក្នុងខ្សែសង្វាក់តម្លៃសាកល និងលើកកំពស់ស្វ័យភាព និងភាពខ្លួនទីពឹងខ្លួនរបស់សេដ្ឋកិច្ច។ ការបង្កើនការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចឯកជនក៏ត្រូវបានលើកឡើងផងដែរ។ លោក Vu Tien Loc ប្រធានមជ្ឈមណ្ឌលមជ្ឈត្តកម្មអន្តរជាតិវៀតណាមបានចាត់ទុកថា៖ “ជំរុញឲ្យតំបន់សេដ្ឋកិច្ចឯកជនឲ្យមានការអភិវឌ្ឍន៍ នៅតែជាតម្រូវការដ៏សំខាន់មួយ។ ការសុក្រិតរបៀបរបប និងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិស័យឯកជន ត្រូវផ្តោតការយកចិត្តទុកដាក់ជាពិសេស។ លក្ខណៈលោតផ្លោះអំពីរបៀបរបប ជាមធ្យោបាយដ៏ល្អបំផុតដើម្បីកៀងគរធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមនាពេលខាងមុខ។ សេដ្ឋកិច្ចពិភព លោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរដែលមិនអាចទាយទុកជាមុនបាន ដូចជាកប៉ាល់ដែលគ្មានត្រីវិស័យណែនាំផ្លូវនៅលើមហាសមុទ្រដ៏ធំល្វឹងល្វើយអញ្ជឹង។ ដូច្នេះហើយ សមត្ថភាពនៃសេដ្ឋកិច្ច និងអាជីវកម្មគឺភាពធន់។ មានន័យថា ភាពធន់នឹងជាការប្រកួតប្រជែងស្នូលនៃសេដ្ឋកិច្ច និងអាជីវកម្ម”។

ជាចុងក្រោយ គណៈប្រតិភូបានលើកឡើងថា ការកែទម្រង់ និងលើកកំពស់គុណភាពនៃរបៀបរបបសេដ្ឋកិច្ច គឺជាកម្លាំងចលករមួយក្នុងការជួយបង្កើតយន្តការថ្មី វិធីសាស្ត្រថ្មីក្នុងប្រតិបត្តិការ បង្កើតបរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយភាពទាក់ទាញ និងមានតម្លាភាព។ ឆ្លងកាត់រាល់ការលំបាក បញ្ហាប្រឈមក៏ដូចជាជំងឺរាតត្បាតកូវីដ ១៩  វៀតណាមកាន់តែយល់ដឹងអំពីសារៈសំខាន់ និងតួនាទីសម្រេចនៃកម្លាំងផ្ទៃក្នុង និងស្វ័យភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ បង្កើនកម្លាំងផ្ទៃក្នុង និងការបង្កើតសន្ទុះកំណើនក៏ជាគោលបំណង ចាំបាច់និងតម្រូវការបន្ទាន់របស់វៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍បច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ