បង្រួញគម្លាតតំបន់ - វឌ្ឍនភាពអំពីសមភាពសង្គមរបស់វៀតណាម

(VOVWORLD) - ក្នុងពាក់កណ្ដាលអាណត្តិនីតិកាលទី ១៣ (២០២០-២០២៥) របស់បក្សកុម្មុយនិស្តវៀតណាមវៀតណាមមានវឌ្ឍនភាពជាច្រើនអំពីការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិច។ប្រការនេះជួយបង្រួញគម្លាតអភិវឌ្ឍន៍រវាងតំបន់វាលទំនាប់ និងតំបន់ព្រៃភ្នំ រួមចំណែកអះអាងសមិទ្ធិផលអំពីសមភាពសង្គមរបស់វៀតណាម។
បង្រួញគម្លាតតំបន់ - វឌ្ឍនភាពអំពីសមភាពសង្គមរបស់វៀតណាម - ảnh 1រូបថត៖ ទស្សនាវដ្តីកសាងបក្ស

កាត់បន្ថយភាពក្រីក្រពហុវិស័យឆ្ពោះទៅការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព

ចាប់តាំងពីមហាសន្និបាតលើកទី ១៣ បក្សកុម្មុយនិស្តវៀតណាមមានគោលការណ៍អនុវត្តន៍រាល់ដំណោះស្រាយកាត់បន្ថយភាពក្រីក្រពហុវិស័យព្រមៗគ្នា ប្រកបដោយចីរភាព បរិយាប័ន្ន ជាពិសេសគឺតំបន់ជនជាតិភាគតិច ដោយផ្ដោតសំខាន់លើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំដំណាក់កាល ២០២១- ២០២៣។ តាមនោះ កាលពីឆ្នាំទៅមិញ ថវិការដ្ឋបានផ្ដល់អាទិភាពចំណាយទឹកប្រាក់ជាង ២៣ លានលានដុង (ជិត ១ ពាន់លានដុល្លារអាមេរិក) ដើម្បីអនុវត្តន៍គោលនយោបាយជួយ កាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។ ជាលទ្ធផល ជីវភាពរស់នៅរបស់ជនក្រីក្រត្រូវបានកែលម្អជាជំហានៗ សុខុមាលភាពសង្គមតែងតែត្រូវបានធានា។ ទន្ទឹមនឹងនោះ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ជនបទ តំបន់ព្រៃភ្នំ តំបន់ជនជាតិភាគតិចត្រូវបានបង្កើនដោយឥតឈប់ឈរ ហើយគម្លាតអភិវឌ្ឍន៍រវាងតំបន់នានាត្រូវបានបង្រួញ។ លោក Dao Van Khanh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Muong Te ខេត្ត Lai Chau បានឲ្យដឹងថា៖

“ដោយមានការយកចិត្តទុកដាក់ពិសេសរបស់រដ្ឋាភិបាល និងក្រសួង ស្ថាប័ននានា ជីវភាពរស់នៅរបស់បងប្អូនបណ្ដាជនជាតិត្រូវបានវិនិយោគជួយឧបត្ថម្ភ។ ជីវភាពខាងសេដ្ឋកិច្ច និងសង្គមរបស់បងប្អូនប្រជាជនមានការផ្លាស់ប្ដូរយ៉ាងច្បាស់លាស់ បើធៀបនឹងឆ្នាំមុនៗ។ បច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគតភ្ជាប់ បង្កើតតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ ទន្ទឹមនឹងនោះ គំរូផលិតកម្មនានាបានជួយបងប្អូនប្រជាជនប្រើប្រាស់វឌ្ឍន៍ភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស ដើម្បីអនុវត្តន៍ក្នុងផលិតកម្ម និងការចិញ្ចឹមសត្វផងដែរ”។

គោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាពជាច្រើននៅតំបន់ Tay Nguyen

តំបន់ Tay Nguyen  គឺជាភូមិសាស្ត្រយុទ្ធសាស្ត្រដ៏សំខាន់អំពីសន្តិសុខ ការពារជាតិរបស់ប្រទេសជាតិ ស្រូបយក ១៦,៨% នៃទឹកដី និងប្រហែល ៦% នៃចំនួនប្រជាជននៅទូទាំងប្រតេស អត្រាជនជាតិភាគតិចស្រូបយក ៣៦,៥២% ។ តំបន់ Tay Nguyen  ត្រូវបានបក្ស និងរដ្ឋយកចិត្តទុកដាក់វិនិយោគអភិវឌ្ឍន៍តាមរយៈកម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រ ទឹកស្អាត អនាម័យបរិស្ថាន និងអប់រំ។ គួរកត់សម្គាល់គឺ កម្មវិធីកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពសម្រាប់ស្រុកក្រីក្រចំនួន ៦២ (កម្មវិធី ៣០A); កម្មវិធី ១៦៨, ១៣៥ និងកម្មវិធីគោលដៅជាតិផ្សេងទៀត ស្តីពីការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ ដាំដុះ តាំងលំនៅខ្ជាប់ខ្ជួនសម្រាប់បងប្អូនជនជាតិភាគតិចជាដើមត្រូវបានចាត់តាំងអនុវត្តន៍យ៉ាងប្ដូរផ្ដាច់។ លោក Pham Tran Anh អនុប្រធានមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Gia Lai បានឲ្យដឹងថា៖

“ផ្នែកការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្តបានធ្វើសេនាធិការជូនអាជ្ញាធរ គណៈកម្មាធិការបក្សមូលដ្ឋានកសាងដំណោះស្រាយជាក់លាក់ ជួយឧបត្ថម្ភគ្រួសារក្រីក្ររួចផុតពីភាពក្រីក្រ។ ទន្ទឹមនឹងនោះ ប្រើប្រាស់ប្រភពធនធានពីមជ្ឈឹមប្រកបដោយប្រសិទ្ធភាព ក៏ដូចជាសម្របសម្រួលជាមួយរណសិរ្ស អង្គការនយោបាយ សង្គមគ្រប់ជាន់ថ្នាក់ដើម្បីកៀរគរគ្រប់ប្រភពធនធានពីសហគ្រាស សហគមន៍ និងសង្គមដើម្បីវិនិយោគដល់ជនក្រីក្រអភិវឌ្ឍន៍ផលិតកម្មផងដែរ”។

កាត់បន្ថយភាពក្រីក្រព័ត៌មាន - កាត់បន្ថយគ្រោះអាសន្នឱនភាព

ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅបានសរឲ្យឃើញថា លទ្ធផលនៃការកាត់បន្ថយភាពក្រីក្រនៅវៀតណាមមិនទាន់ប្រកបដោយចីរភាពឡើយ ក្រុមគ្រួសាររួចផុតពីភាពក្រីក្រតែងតែប្រឈមនឹងគ្រោះអាសន្នក្រីក្រឡើងវិញ។ តំបន់ព្រៃភ្នំភាគខាងជើង និងតំបន់ Tay Nguyen នៅតែជាតំបន់មានស្ថានភាពលំបាក។ ប្រភពធនធានសម្រាប់ការងារកាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិចនៅតែមិនទាន់ប្រមូលផ្ដុំ រាល់គោលនយោបាយអាទិភាពអំពីដីធ្លី ពន្ធ ឥណទាន ជំនួយទីផ្សារចាំបាច់ត្រូវសមស្របនឹងលក្ខណៈតំបន់ សំដៅទាក់ទាញសហគ្រាសវិនិយោគ អភិវឌ្ឍន៍ផលិតកម្ម និងអាជីវកម្មនៅតំបន់ដែលមានស្ថានភាពលំបាក។ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ លោក Hau A Lenh បានមានប្រសាសន៍ថា៖

“និយាយអំពីការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព យើងត្រូវប្រកាន់ខ្ជាប់គោលការណ៍របស់បក្ស រដ្ឋ ជាពិសេសគឺកម្មវិធីគោលដៅ។ បច្ចុប្បន្ន គណៈកម្មាធិការជនជាតិកំពុងដឹកនាំកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ ដើម្បីអនុវត្តន៍គោលដៅទាំងនេះ យើងបានដាក់ចេញដំណោះស្រាយជាក់ស្ដែងអំពីប្រភពធនធាន ការគ្រប់គ្រង ការងារឃ្លាំមើល ការត្រួតពិនិត្យ ការជួយឧបត្ថម្ភរបស់អង្គការ បុគ្គល និងតួនាទីរបស់ប្រជាជនក្នុងគម្រោងនីមួយៗ។ ក្នុងដំណើរការអនុវត្តន៍ ក៏ត្រូវតែមានការវាយតម្លៃ ដើម្បីដកមេរៀនបទពិសោធន៍ ព្រមទាំងកែលម្អការខ្វះខាត ជំពាក់ជំពិនផងដែរ”។

ក្នុងចំណោមដំណោះស្រាយកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតំបន់ជនជាតិភាគតិច កម្មវិធីគោលដៅជាតិ ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពដំណាក់កាល ២០២១-២០២៥ កំណត់ការបង្កើនការទទួលបានព័ត៌មានសំខាន់ៗសម្រាប់ជនជាតិភាគតិចគឺជាភារកិច្ចដ៏សំខាន់ពិសេស។ ទន្ទឹមនឹងនោះ ការផ្លាស់ប្ដូររបៀបជួយឧបត្ថម្ភដល់ជនក្រីក្រ ពង្រីកគំរូ និងគំនិតផ្តួចផ្តើមកាត់បន្ថយភាពក្រីក្រល្អ ការប្រើប្រាស់លទ្ធផលសិក្សាស្រាវជ្រាវរបស់អង្គការអន្តរជាតិក្នុងការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រឲ្យសមស្របតាមតំបន់ជនជាតិភាគតិចនីមួយៗ គឺជារបៀបដែលវៀតណាមបន្តអនុវត្តន៍សំដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់ជនជាតិភាគតិច ព្រមទាំងអះអាងពីវឌ្ឍនភាពអំពីសមភាពសង្គមរបស់វៀតណាមផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ